បណ្តាញសង្គម

អាជ្ញាធរមីនបើកកម្មវិធីតាំងពិព័រណ៍ខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

ភ្នំពេញៈ ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ លោក លី ធុច ទេសរដ្ឋមន្រ្តីនិងជាអនុប្រធានអាជ្ញាធរមីនបានចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍ខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលបានដាក់តាំងបង្ហាញអំពីដំណើរដ៏វែងឆ្ងាយនៃកិច្ចគាំពារសន្តិភាព និងបេសកកម្មរួមគ្នាលើសកម្មភាពមីនមនុស្សធម៌។

ពិធីតាំងពិព័រណ៍នេះ បានដាក់តាំងបង្ហាញពីសមិទ្ធផលសកម្មភាពមីនរយៈពេល៣០ឆ្នាំ ឧបករណ៍ ម៉ាស៊ីន គ្រឿងចក្របោសសម្អាតមីន ការបង្ហាញការដោះមីនដោយដៃ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធហិតរកមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយសត្វ សុនខ និងកណ្តុរ។

បន្ថែមលើនេះ ក៏មានការបង្ហាញពីកិច្ចសង្គ្រោះជនរងគ្រោះ ការអប់រំកាត់បន្ថយគ្រោះថ្នាក់ ការប្រើប្រាស់ច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន និងឧបករណ៍បច្ចេកទេសទំនើបៗ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ វាក៏ជាឱកាសសម្រាប់យើងទាំងអស់គ្នា៖

• ទទួលស្គាល់ នូវសមិទ្ធផលជាប្រវត្តិសាស្រ្ត នៃសកម្មភាពមីននៅកម្ពុជា

• វាយតម្លៃខ្ពស់ពីជំនាញ និងការលះបង់កម្លាំងកាយចិត្ត របស់ប្រតិបត្តិករសកម្មភាពមីន

• សម្តែងការដឹងគុណ ចំពោះទឹកចិត្តសប្បុរស របស់ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា

• កោតសរសើរ ភាពប៉ិនប្រសប់របស់អ្នក ដែលបាននាំមក នូវបច្ចេកវិទ្យាថ្មីៗក្នុងការរាវរក ការបោសសម្អាត និងបង្កើតឧបករណ៍ការពារនានា និង

• សម្តែងនូវការដឹងគុណ ដល់អ្នកបោសសម្អាតមីនទាំងអស់។ លោក លី ធុច បានឲ្យដឹងថា បេសកកម្មសកម្មភាពមីនរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ

-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងរយៈពេល៣០ឆ្នាំនេះ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា។ លោកបានបន្តថា ជារួម ផ្ទៃដី ២.៥៣១ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត

និងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩លាននាក់ ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្ម ជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជា ដីមាស ។

ប្រតិបត្តិករ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១.១៥១.២៣២ គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៦.១១២ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣.០២៨.៦៥៩ គ្រាប់។

សមិទ្ធផលដ៏ត្រចះត្រចង់ជាប្រវត្តិសាស្រ្តនេះ កើតមានឡើងតាមរយៈញើសឈាម និងការខិតខំប្រឹងប្រែងរបស់ប្រតិបត្តិករបោសសម្អាតមីនជាតិ អន្តរជាតិ ដែលជាដំណើរដ៏វែងឆ្ងាយ នៃការបំពេញការងារ យ៉ាងច្រើនអនេក ជាមួយភាពហ្មត់ចត់ ជាមួយធូលីដី ក្រោមភ្លៀង ពន្លឺថ្ងៃ និងប្រឈមគ្រោះថ្នាក់៕

ដកស្រង់ពី៖ រស្មីកម្ពុជា