បណ្តាញសង្គម

សម្តេចតេជោ បញ្ជាក់ជំហរជាថ្មីប្រាប់សហរដ្ឋអាមេរិកថា មិនឲ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ជំហរប្រាប់តំណាងរាស្ត្រសហរដ្ឋអាមេរិកជាថ្មីថា

កម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ។ការលើកឡើងរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបន្ទាប់ពីឯកឧត្តមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក

(Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានសម្តែងក្តីកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាម។យោងតាមសេចក្តី

ប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២បានឲ្យដឹងថា កាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២២

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាជាមួយឯកឧត្តមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក (Gregory W. Meeks)

ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកក្នុងជំនួបភាគីទាំងពីរបានប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-សហរដ្ឋអាមេរិក។ក្នុងជំនួបសម្តេចតេជោ នាយករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកដែលបានក្លាយជាសភាសង្កេតការណ៍របស់AIPA។

សម្តេចតេជោ បានវា.យតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចដាច់ដោយឡែកពីគ្នាមកកាន់កម្ពុជានៅក្នុងរយៈពេលពីរសប្តាហ៍នេះរបស់ឯកឧត្តមប្រធានាធិបតី ចូ បៃដិន (Joe Biden) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឯកឧត្តមប្រធានគណៈកម្មាធិ

ការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក ដើម្បីចូលរួមកិច្ចប្រជុំ AIPA និងឯកឧត្តមរដ្ឋមន្ត្រីការពារជាតិឡយ អូស្ទីន (Lloyd Austin) ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) ដោយគូសបញ្ជាក់ថា

ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ក៏ដូចជា ការផ្តល់តម្លៃដល់កម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សំខាន់ៗខាងលើនេះ។ចំណែកឯកឧត្តមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក បានវា.យតម្លៃខ្ពស់

ចំពោះកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំទាំងបីខាងលើប្រកបដោយជោគជ័យ ខណៈដែលតំបន់ និងពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ហើយឯកឧត្តមក៏បានកោតសរសើរសម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី កាលពីខែឧសភាកន្លងទៅ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលរៀបចំឡើងដោយ ឯកឧត្តមប្រធានាធិបតី ចូ បៃដិន

ហើយដែលជាឱកាសសម្រាប់កម្ពុជាចូលរួមចំណែកក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដល់ការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»និងបានរំលឹកអំពីជំនួបប្រកបដោយស្ថាបនារវាងរូបសម្តេចផ្ទាល់

និងឯកឧត្តមប្រធានាធិបតី ចូ បៃដិន នាពេលថ្មីៗនេះក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្ដមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក បានសម្តែងនូវសេចក្តីពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានពិភាក្សា និងមានទស្សនៈដូចគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។

ឯកឧត្ដម តំណាងរាស្ត្រ បានអះអាងជូនសម្តេចតេជោថា សហរដ្ឋអាមេរិកចាត់ទុកសម្តេចជា«មិត្ត» ហើយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ដេច ខណៈពេលដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន មានភាពល្អប្រសើរជាងពេលណាៗទាំងអស់ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត កាលពី៧២ឆ្នាំមុន

ហើយថាប្រទេសទាំងពីរនឹងក្លាយជាដៃគូនាពេលអនាគត។ ក្នុងជំនួបនោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបឯកឧត្ដមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក អំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដោយសេរី និងយុត្តិធម៌នៅខែមិថុនាកន្លងមកនេះ និងការត្រៀមរៀបចំរបស់កម្ពុជា និងគណបក្សនយោបាយនានាសម្រាប់ការបោះឆ្នោតជាតិនាពេលខាងមុខ។

សម្តេចតេជោ បានអះអាងបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្ដមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក ក៏បានផ្លាស់ប្តូរទស្សនៈលើការវិវឌ្ឍសំខាន់ៗក្នុងតំបន់ និងសកលលោកផងដែរ រួមទាំងស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន

ហើយដែលក្នុងឱកាសនោះឯកឧត្ដមតំណាងរាស្ត្របានកោតសរសើរសម្តេចតេជោ នាយករដ្ឋមន្ត្រីសម្រាប់គោលជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន

និងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។កិច្ចប្រជុំបានប្រព្រឹត្តទៅដោយលក្ខណៈត្រង់ទៅត្រង់មក និងក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល៕

ដកស្រង់ពី៖ កោះស្តិភាព