បណ្តាញសង្គម

មាតុភូមិនិវត្តន៍កងយោធាមួកខៀវកម្ពុជាពីប្រទេសម៉ាលី

ភ្នំពេញ៖ នាវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២កងកម្លាំងមួកខៀវកម្ពុជាចំនួនពីរកងរួមមាន៖កងអនុសេនាធំវិស្វកម្មអាកាសយានដ្ឋាន លេខ៩២៧និងកង

កម្ទេចគ្រឿងផ្ទុះ (EOD) លេខ២៨៨ដែលជាកងទ័ពទី៩ របស់កម្ពុជា នៅប្រទេសម៉ាលី បានធ្វើមាតុភូមិនិវត្តន៍កម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យរយៈពេលមួយឆ្នាំ ក្នុងតំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី។

ពិធីទទួលស្វាគមន៍កងកម្លាំងមាតុភូមិនិវត្តន៍ ត្រូវបានធ្វើឡើង ក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សា សន្តិភាព

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។សូមបញ្ជាក់ថាដើម្បីធានាបាននូវសុខភាពក្រោយត្រឡប់មកដល់អាកាសយានដ្ឋានភ្លាមកងកម្លាំងទាំងអស់ត្រូវបានបុគ្គលិកពេទ្យជំនាញក្រសួង

សុខាភិបាលធ្វើតេស្តរហ័សពិនិត្យរកមេរោគកូវីដ-១៩ និងធ្វើតេស្តរកមេរោគជំងឺគ្រុនចាញ់ មុននឹងអនុញ្ញាតឱ្យ ពួកគេជួប នឹងសមាជិកក្រុមគ្រួសារដែលទៅរង់ចាំទទួល។

ថ្លែងក្នុងពិធីសំណេះសំណាលនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្តេច ពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិង

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ជូនដល់កងកម្លាំងខាងលើដែលទើបបញ្ចប់បេសកកម្មស្វែងរកសន្តិភាពនៅក្នុងប្រទេសដែលរងជម្លោះដោយសារតែភ្លើងសង្គ្រោមសម្រេចទទួល

កិត្យានុភាពជាមួយនឹងការលះបង់គ្រប់បែបយ៉ាង និងលើកស្ទួយកិត្តិយសកម្ពុជាស្មើមុខ ស្មើមាត់ នៅលើឆាកអន្តរជាតិ។នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់បន្តថា

កងអនុសេនាធំទាំង ពីរ ខាងលើនេះបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ទទួលបានជោគជ័យដ៏ត្រចេះត្រចង់ ព្រមជាមួយនឹងលទ្ធផល គួរជាទីមោទនៈថ្មីៗបន្ថែមទៀត។ ដោយឡែកកងកម្ទេចគ្រឿងផ្ទុះនិងកងវិស្វកម្មព្រលានយន្តហោះ បានបំពេញការងារមិនខ្លាចនឿយហត់ ក្រោមព្យុះខ្សាច់សាហារ៉ា អាកាសធាតុក្តៅហួតហែង ដែលមានសីតុណ្ហភាពរហូតដល់៥៣ អង្សាសេ។

កងកម្លាំងកម្ទេចគ្រឿងផ្ទុះ បានបោះទីតាំងឈរជើង ចំនួន៣ទីតាំងរួមមានៈ នៅទីក្រុង GAO, MOPTI និង TIMBUTU មានកម្លាំងចំនួន១៤៤នាក់ ក្នុងនោះមាននារី១១នាក់ ដោយ ធ្វើការបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ ដោះបន្សាប គ្រឿងផ្ទុះ

និងគ្រាប់កែច្នៃ។ ចំពោះកងកម្លាំងវិស្វកម្មអាកាស យានដ្ឋាន បោះទីតាំងឈរជើងនៅក្រុងគីដាល់ និងតេសាលីត ដែលមានកម្លាំងចំនួន១៥៤នាក់ ក្នុងនោះកម្លាំងនារីចំនួន១៥នាក់ ក្នុងបេសកកម្មថែទាំអាកាសយានដ្ឋាន និងការងារស្ថាបនា ជួសជុលជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ផងដែរថាៈចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ បច្ចុប្បន្ននេះ កម្ពុជាបានបញ្ជូនកងកម្លាំងជារួម ចំនួន៨.៤៧៥នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌

ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមានៈ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន។

បច្ចុប្បន្នកម្ពុជាមានកម្លាំងកងយោធាមួកខៀវជាង ៨០០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាលផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា