បណ្តាញសង្គម

សម្តេចតេជោ ៖ យើងខិតខំសាងសង់ផ្លូវល្បឿន លឿនភ្នំពេញ-បាវិត ខណៈផ្លូវល្បឿនលឿន ភ្នំពេញសៀមរាបកំពុងសិក្សា

រាជធានីភ្នំពេញ ៖ ខណៈធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានឱ្យដឹងថា សម្ដេចនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែបន្ថែមទៀតដោយតភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនវៀតណាម។តាមគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា«កំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញខេត្តព្រះសីហនុ។

យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិតព្រំដែនវៀតណាម។សូមអញ្ជើញទៅលេងបុណ្យសមុទ្រនៅ ក្រុងព្រះសីហនុ ថ្ងៃស្អែក១០ ធ្នូ២០២២»។

សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ហើយគ្រោងនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាល ឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានោះដែរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប កំពុងធ្វើការសិក្សាហើយ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះឆ្លើយតបខំមិនហ្វេសប៊ុកមួយឈ្មោះ «សាន សៀមរាប» បានលើកឡើងថា «សុំមួយខ្សែទៀត ភ្នំពេញ-សៀមរាប សម្ដេចពុក»។សម្ដេចតេជោ ហ៊ុន សែន បានតបវិញថា «កំពុងសិក្សាហើយ»។

សូមរំលឹកថា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៤ បានស្នើមកក្រសួងសាធារណការ

ដើម្បីធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប៕

ដកស្រង់ពី៖ កោះសន្តិភាព