បណ្តាញសង្គម

មន្ត្រីក្រសួងកសិកម្ម ៖ ការលើកឡើងរបស់សម្ដេចតេជោ កាលពីពេលថ្មីៗនេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ចំពោះប្រជាជន

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម យល់ឃើញថា ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលជំរុញឲ្យប្រជាកសិករខិតខំដាំដុះដំណាំកសិកម្ម និងចិញ្ចឹមសត្វ ដើម្បីបម្រើឲ្យវិស័យទេសចរណ៍ក្នុងស្រុកនោះ គឺជាការគិតគូរ និងជាការយកចិត្តទុកដាក់របស់សម្ដេច ចំពោះប្រជាជនដែលជាកសិករ។

នៅក្នុងពិធីបើកបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ កាលពីយប់ថ្ងៃទី ១០ ខែធ្នូកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានការផលិតផលិតផលកម្ម ដើម្បីផ្គត់ផ្គង់ដល់ទេសចរ ដែលជាទិសដៅ

«នាំចេញនៅនឹងកន្លែង»។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ប្រជាពលរដ្ឋកម្ពុជា មានឱកាសច្រើនណាស់ដើម្បីចិញ្ចឹម និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រឡប់មកកម្ពុជាវិញជាបណ្តើរៗ រួមជាមួយនឹងទេសចរក្នុងស្រុករាប់លាននាក់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា

«យើងត្រូវខិតខំជំរុញការផលិត ឲ្យត្រឹមត្រូវតាមស្ដង់ដារបម្រើឲ្យវិស័យទេសចរណ៍, ពិសេសត្រូវបង្កើតឲ្យមានខ្សែក្រវាត់បៃតង នៅក្នុងតំបន់ទេសចរណ៍»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យវិស័យទេសចរណ៍ទាំងមូល ក្លាយទៅជាទីផ្សាររបស់កសិករ និងអ្នកផលិត អ្នកចិញ្ចឹម ផងដែរ

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៤ ខែធ្នូនេះថា ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីបុណ្យសមុទ្រកាលពីពេលថ្មីៗនេះ ឆ្លុះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់

និងតែងតែជួយដោះស្រាយបញ្ហាសុខទុក្ខប្រជាជន ដែលជួបការលំបាក

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានឲ្យដឹងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រផលិតផលកសិកម្មទាំងឡាយ ដែលផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

ជាមួយគ្នានេះ ក្រសួងកសិកម្ម ក៏ចង់ឃើញប្រជាជនកម្ពុជា មានសាច់ហូបគ្រប់គ្រាន់ក្នុងតម្លៃ ដែលអាចទទួលយកបានទាំងអស់គ្នា៕


ដកស្រង់ពី៖ កម្ពុជាថ្មី