បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ជាថ្មីក្នុងសន្និសីទរួមនៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប អំពីជំហររបស់កម្ពុជាចំពោះសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន

(ភ្នំពេញ)៖ នៅក្នុងសន្និសីទរួមនៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានគូសបញ្ជាក់ជាថ្មីម្តងទៀតចំពោះ ជំហររបស់កម្ពុជា ចំពោះសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងអាស៊ានរបស់យើង មិនមែនមានគោលជំហរដូចគ្នានោះទេ ចំពោះសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ កន្លងទៅក្នុងក្នុងនោះមានប្រទេសខ្លះបោះឆ្នោតគាំទ្រ និងប្រទេសខ្លះទៀតបោះឆ្នោតអនុប្បវាទ។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «សម្រាប់កម្ពុជា យើងបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ថ្កោលទោសចំពោះការឈ្លានពាន ឬការកាត់យកទឹកដី ក្រៅពីនោះក្នុងឋានៈជាប្រធានអាស៊ាន យើងក៏បានសម្របសម្រួលដើម្បីចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធជាមួយនឹងការសន្ទនា ឬបទឈប់បាញ់រវាងរុស្ស៉ីនិងអ៊ុយក្រែន»។

សម្តេចបានបន្តថា យើងមិនយល់ព្រម ជាមួយនឹងការឈ្លានពាន ការប្រើប្រាស់កម្លាំង ឬការកាត់យកទឹកដីនោះទេ ជំហរនេះគិតៗទៅយើងមិនមែនត្រឹមតែជាអ្នកគាំទ្រ ប៉ុន្តែយើងបានដើរតួជាសហស្ថាបនិក ទៅលើសេចក្តីសម្រេចនានានៅឯអង្គការសហប្រជាជាតិ។

ទាក់ទងនឹងអ៊ុយក្រែននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់អំពីការបញ្ជូនមន្ត្រីបច្ចេកទេសរបស់កម្ពុជារួមជាមួយជប៉ុន ក្នុងការជួយអ៊ុយក្រែននូវការបណ្តុះបណ្តាលការដោះមីនផងដែរ។

សម្តេចបញ្ជាក់ថា៖ «យើងក៏ទទួលយកសិក្ខាកាមអ៊ុយក្រែនមកបណ្តុះបណ្តាលនៅខែមករានេះ ដើម្បីធ្វើជាអ្នកបំផ្លាញចោលគ្រាប់មីន

ព្រោះវាជារឿងគ្រោះថ្នាក់ ហើយវាជារឿងមនុស្សធម៌ ប៉ុន្តែយើងមិនបញ្ជូនទាហានរបស់យើងចូលច្បាំងជាមួយរុស្ស៉ី ក្នុងប្រទេសអ៊ុយក្រែននោះទេ»៕

 

ដកស្រង់ពី៖ Fresh News