បណ្តាញសង្គម

សម្តេចក្រឡាហោម ស ខេង ផ្ញើសារអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម»

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្ញើសារចូលរួមអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម»។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា «ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរ យ៉ាងក្លៀវក្លាបំផុតជាមួយ កងកម្លាំង និងមន្ត្រីរាជការទាំងអស់ នៃក្រសួងមហាផ្ទៃ ព្រមទាំងបងប្អូនជនរួមជាតិខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស ចំពោះការទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា»។

សម្តេចបានលើកឡើងថា៖ ការទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» នាពេលនេះ មិនគ្រាន់តែបង្ហាញពីវីរភាព សមត្ថភាព ភាពវៃឆ្លាត និងការតស៊ូ លះបង់គ្រប់បែបយ៉ាងរបស់សម្តេច ចំពោះជាតិ និងមាតុភូមិ ប៉ុណ្ណោះទេ ប៉ុន្តែជាការលើកតម្កើងនូវកិត្តិយស និងកិត្យានុភាពជាតិយើងកាន់តែខ្ពស់ថែមទៀត លើឆាកអន្តរជាតិ។

សម្តេចបានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី មាតុភូមិកម្ពុជាប្រកដជានឹងបន្តទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍអស់កាលជាអង្វែងតរៀងទៅ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចក្រឡាហោម ស ខេង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយថែរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល

វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕