បណ្តាញសង្គម

កម្ពុជារកចំណូលបានជិត ៤៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២

(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជារកចំណូលបានជិត ៤៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៤៦៩,៧០២,៦២៨ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៤៦៥,៨៣៨,៣៨៨ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ៣,៨៦៤,២៤០ដុល្លារ។

ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៣២២,៥៨៦តោន បានកើនឡើងចំនួន ៩,១៣៩តោន ស្មើនឹង១៩% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ២៤,៩៨៩ម៉ែត្រគូប។

បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ថ្លៃ ១,២៣១ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន ៣១ដុល្លារក្នុងមួយតោន ស្មើនឹង២.៥% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។

គូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២១កន្លងមកនេះ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។

ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប។

សូមជម្រាបផងដែរថា នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរថ្មីមួយ ស្តីពីនិរាករណ៍សារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មិនទាន់កែច្នៃទៅបរទស។

ជុំវិញការនិរាករណ៍សារាចរ ស្ដីពីវិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេសនេះ ក្រសួងកសិកម្ម

បញ្ជាក់ថា ការលុបនេះជាការគិតគូរដ៏ម៉ត់ចត់ របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីផ្ដល់ជម្រើសដល់កសិករ ដែលដាំកៅស៊ូជាលក្ខណៈគ្រួសារ អាចលក់ទៅទីផ្សាដែលមានតម្លៃខ្ពស់៕

ដកស្រង់ពី៖ Fresh News