បណ្តាញសង្គម

គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា​ប្រកាស​លទ្ធផល​នៃ​ការ​បូកសរុប​លទ្ធផល និង​វាយតម្លៃ​ការងារ​រៀបចំ​មហាសន្និបាត អន្តរ​សភា​អាស៊ាន លើក​ទី​៤៣

ភ្នំពេញ: នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចកី ហេង សំរិន ប្រធានរដ្ឋសភា។

បើយោងតាមសេចក្តីប្រកាសពត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំនេះ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការបូកសរុបលទ្ធផលនិងវាយតម្លៃការងាររៀបចំមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ (AIPA43) ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមកថា

ទទួលបានជោគជ័យ យ៉ាងធំធេង ដែលនាំមកនូវកិត្យានុភាពជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិជាពិសេសការពង្រឹងវិស័យការទូតសភាកម្ពុជា

នៅលើឆាកអន្តរជាតិក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសភានានា ទាំងកម្រិតទ្វេភាគី និងពហុភាគី ឱ្យកាន់តែទូលំទូលាយគ្រប់ជ្រុងជ្រោយឡើង។មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើង ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលបទ

“បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់” ដែលជាមូលបទឆ្លើយតប សភាពការណ៍ជាក់ស្តែងនៅក្នុងតំបន់ និងសកលលោក ក្រោយការរាតត្បាត ជំងឺកូវីដ-១៩។

សេចក្តីប្រកាសពត៌មានដដែលនេះ បានឱ្យដឹងថា៖សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអោយប៉ាលើកទី៤៣បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងបាអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សម្តេចក៏បានអំណរគុណចំពោះ ថ្នាក់ដឹកនាំរដ្ឋសភា អគ្គលេខាធិការរដ្ឋសភា មន្ត្រីរាជការ ព្រមទាំងអ្នកព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារ លះបង់កម្លាំងកាយចិត្តបំពេញតួនាទីបម្រើដល់មហាសន្និបាតឱ្យទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ ។

ជោគជ័យនេះ ពិតជាបានរួមវិភាគទានបន្ថែម ទៅលើការប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជាក្នុងតំបន់ និងសកលលោក និងបានជួយក្នុងកំរិតណាមួយ ដល់ការ ប្រឹងប្រែងការទូត របស់ព្រះរាជាណាចក្រកម្ពុជាយើង៕

ដកស្រង់ពី៖ រស្មីកម្ពុជា