បណ្តាញសង្គម

គណ:កម្មការផ្សារ​ចាក់អង្រែ និមន្ដព្រះសង្ឃ សូត្រមន្តលើករាសីជូនពរជ័យដល់បងប្អូនអាជីវករនាដំណាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី២០២៣

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ លោក គាត តូ ប្រធានគណ:កម្មការផ្សារចាក់អង្រែ បានរៀបចំនិមន្តព្រះសង្ឃ ៤អង្គ សូត្រមន្ត ប្រោសព្រហ្មដើម្បីសុំសេចក្តីសុខ សេចក្តីចំរើន ជូនដល់លោក-លោកស្រី អនុប្រធាន មន្ត្រី បុគ្គលិកសន្តិសុខ រួមទាំងបងប្អូនអាជីវករផ្សារចាក់អង្រែទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ដែលចេញចូលទិញទំនិញ នៅផ្សារចាក់អង្រែផងដែរ នាដំណាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំខាល ឆ្នាំ២០២៣។

លោក គាត តូ បានឲ្យដឹងថា ដើម្បីអបអរសាទឆ្នាំថ្មី ឆ្នាំ២០២៣ គណៈកម្មការផ្សារ បានមូលមតិគ្នា និមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រហ្មលើក រាសី សុំសេចក្តីសុខ ចំរុងចំរើន ពីទេវត្តាឆ្នាំថ្មី

និងសូមអោយតាមជួយបីបាច់ថែរក្សា ចៀសផុតឧបទ្រពចង្រៃ ទាំងឡាយទាំងពួង សូមអោយគ្រប់សកម្មភាពការងារ និងរបររកទទួលទានទាំងឡាយរបស់អាជីវករ រកទទួលមានបាន ទទួលជោគជ័យ ព្រមទាំងមានសុភមង្គលគ្រប់ៗក្រុមគ្រួសារ

និងបង្សុកូល ដើម្បីឧទ្ទិសកុសល្យផលបុណ្យ ដល់បុព្វការីជនទាំងឡាយ ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។ លោក គាត តូ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ

នៅពេលដំណាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី លោក ព្រមទាំងគណៈកម្មការផ្សារ តែងតែជួបជុំគ្នា និមន្ដព្រះសង្ឃ បង្សុកូល ដើម្បីកាត់ផ្ដាច់នូវ រាល់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យក សិរីសួរស្ដី នៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនអាជីវករ ប្រជាពលរដ្ឋ នាឱកាសដំណាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីនេះ។

លោកប្រធានផ្សារ បានសម្ដែងមោទកភាព ដែលបានរៀបចំពិធីដ៏មានអត្ថន័យ ហើយនេះ ជារៀងរាល់ឆ្នាំ ហើយវាជាគុណតម្លៃរបស់ដូនតា

ដែលតែងតែបានយកចិត្តទុក ដាក់ប្រតិបត្តិជានិច្ច ក្នុងនាមជាកូនខ្មែរ និងពុទ្ធសាសនិកជនខ្មែរ ដែលធ្លាប់មានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងល្បីល្បាញ ព្រោះជនជាតិខ្មែរ មានប្រវត្តិធ្វើពិធីបុណ្យបែបសាសនានេះ តាំងពីបុរាណកាលរហូតមក៕