បណ្តាញសង្គម

លោក ហ៊ុន ម៉ាណែត បានបន្តថាៈ ឱកាសនៃជួបជុំក្នុងធ្លុងសាមគ្គីភាព នៃមហាគ្រួសារខ្មែរ ប្រកបដោយភាពសប្បាយរីករាយ នាឱកាសនេះ គឺកើតពីម្លប់នៃសុខសន្តិភាព ពាសពេញ ផ្ទៃប្រទេស នៅក្រោយថ្ងៃរំដោះ ៧ មករា និងតាមរយៈការអនុវត្ត ប្រកបដោយជោគជ័យ នូវនយោបាយ ឈ្នះ-ឈ្នះរបស់ សម្តេចតេជោ នាយករ

(ភ្នំពេញ)៖ អង្គការមូលនិធិធម្មជាតិសកល ហៅកាត់ថា WWF បានប្រកាសអាសន្នអំពីការងាប់ជាបន្តបន្ទាប់ នៃសត្វផ្សោតទន្លេមេគង្គ នៅកម្ពុជា ខណៈនៅឆ្នាំ២០២២នេះ មានសត្វផ្សោតងាប់កើនឡើងរហូតដល់ទៅ១១ក្បាល។

យោងតាមរយៈផេកផ្លូវការរបស់អង្គការ WWF ចេញផ្សាយកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សត្វផ្សោតដែលមានសុខភាពល្អមួយក្បាលទៀត បានងាប់អណ្តែតនៅតំបន់ក្បែរកោះទ្រង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ។

ក្រោយការពិនិត្យសាកសពសត្វផ្សោតយ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជាបឋមថា សត្វផ្សោតមួយក្បាលនេះបានងាប់ក្រោយពីបានរមួលខ្លួនជាប់នឹង សន្ទូចរនង ដោយក្រុមស្រាវជ្រាវបានរកឃើញស្នាមសន្ទូចរនងជាច្រើនពេញដងខ្លួន និងកន្ទុយរបស់វា។

សត្វផ្សោតដែលបានងាប់នេះជាសត្វផ្សោតញីពេញវ័យមានប្រវែង ១៩៦សង់ទីម៉ែត្រ អាយុចន្លោះពី៧ ទៅ ១០ឆ្នាំ និងមានទម្ងន់ប្រហែល៩៣ គីឡូក្រាម។ សត្វផ្សោតនេះជាសត្វផ្សោតដែលមានសុខភាពល្អទី៣ហើយ ដែលបានងាប់ក្នុងចន្លោះរយៈពេលត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ ដែលវាជាការប្រកាសអាសន្នមួយតម្រូវឱ្យមានវិធានការខ្លាំងក្លាឡើងសម្រាប់ពង្រឹងការអនុវត្តច្បាប់ជាបន្ទាន់នៅក្នុងតំបន់ជម្រកសត្វផ្សោត។

បើតាមលោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ មានសត្វផ្សោតសរុបចំនួន ១១ក្បាល ហើយបានងាប់។

រីឯសត្វផ្សោតដែលបានងាប់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ក្បាល»។

អង្គការ WWF-កម្ពុជា សូមអំពាវនាវជាថ្មីម្តងទៀតដល់អាជ្ញាធរទទួលខុសត្រូវទាំងអស់សូមមេត្តាប្រមូលផ្តុំ និងពង្រឹងកម្លាំងសម្រាប់ការអនុវត្តច្បាប់ជាបន្ទាន់ក្នុងការបង្កើនការល្បាតទាំងពេលថ្ងៃ និងពេលយប់ដើម្បីការពារសត្វផ្សោត ដែលនៅសេសសល់ឱ្យជៀសផុតពីការស្លាប់ដោយសារការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សសត្វផ្សោត។

លោក សេង ទៀក បានគូសបញ្ជាក់ថា៖ «ការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះ នឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ។

សោកនាដកម្មដែលគួរអាចបញ្ចៀសបាននៃការងាប់របស់សត្វផ្សោតវ័យបន្តពូជទាំងបីក្បាល ជាបន្តបន្ទាប់ក្នុងរយៈពេលមិនដល់១០ថ្ងៃផងនេះ ជាសារយ៉ាងច្បាស់មួយដល់អាជ្ញាធរទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ថា នេះជាពេលចាំបាច់បំផុតហើយ ដើម្បីបង្កើនវត្តមានមន្ត្រីសម្រាប់ការពង្រឹងការអនុវត្តច្បាប់នៅក្នុងជម្រកសត្វផ្សោតសំខាន់ៗទាំងអស់»។

លោកបានបន្ថែមថា៖ «មិនមានជម្រើសផ្សេងទៀតទេ ក្រៅពីការអនុវត្តច្បាប់ដោយតឹងរ៉ឹង ជាបន្ទាន់ ដើម្បីបញ្ឈប់ទាំងស្រុងនូវសកម្មភាពខុសច្បាប់គ្រប់ទម្រង់នៅក្នុងតំបន់ដែលសត្វផ្សោតរស់នៅ»។

លោក សេង ទៀក បានទទូចបន្ថែមថា៖ «ដើម្បីបញ្ឈប់សកម្មភាពទាំងនេះ មន្ត្រីឆ្មាំទន្លេ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ត្រូវមានវត្តមានរយៈពេល ២៤ម៉ោងមួយថ្ងៃ ក្នុងសប្តាហ៍នីមួយៗដោយទៀងទាត់ ដោយចុះល្បាតទាំងថ្ងៃទាំងយប់នៅក្នុងតំបន់សត្វផ្សោត»។

បន្ថែមពីលើការល្បាតនេះ ត្រូវតែមានការដាក់ពិន័យឱ្យធ្ងន់ធ្ងរដល់ជនល្មើសដែលបានប្រព្រឹត្តការនេសាទខុសច្បាប់ ឬបទល្មើសនេសាទផ្សេងៗទៀតនៅក្នុងតំបន់អភិរក្សសត្វផ្សោត សម្រាប់ជាការកំញើញដល់អ្នកនេសាទដទៃទៀត ឱ្យបញ្ឈប់ការប្រព្រឹត្តសកម្មភាពខុសច្បាប់ទាំងនេះ។

រដូវប្រាំងចាប់ពីខែធ្នូដល់ខែឧសភា គឺជាអំឡុងពេលមួយដ៏ចាំបាច់ត្រូវមានការផ្តោតការយកចិត្តទុកដាក់ការពារ។ នៅពេលទឹកស្រក សត្វផ្សោត និងត្រីមកប្រមូលផ្តុំគ្នារស់នៅ និងចេញរកស៊ីនៅក្នុងតំបន់អន្លង់ទឹកជ្រៅនៃតំបន់ អភិរក្សសត្វផ្សោត។

ហេតុដូចនេះហើយទើបធ្វើឱ្យពួកវាងាយរងគ្រោះយ៉ាងខ្លាំងដោយការនេសាទខុសច្បាប់។

គឺក្នុងអំឡុងពេលនេះហើយជាពេលដែលត្រូវបង្កើនការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង។ លោក សេង ទៀក បានសង្កត់ធ្ងន់ទៀតថា៖ «ប្រសិនបើស្ថានភាពវិបត្តិនេះនៅតែបន្តកើតឡើងទៀត ចំនួនសត្វផ្សោតអាចប្រឈមនឹងការបាត់បង់ទាំងស្រុងនាពេលខាងមុខនេះមិនខាន»។

លោក ម៉ក ពន្លក នាយខណ្ឌរដ្ឋបាល ជលផលក្រចេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ដោយរយៈការកន្លងមកថ្មីៗនេះសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ មានការងាប់ជាបន្តបន្ទាប់ដោយសារការជាប់មង ដោយសាររងនូវការឆក់ត្រីក៏ដូចជា បញ្ហាផ្សេងៗទៀតនោះ។

ក្នុងនាមខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងក្នុងនាមលោកផ្ទាល់ជានាយខណ្ឌ សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសប្រជាពលរដ្ឋជាអ្នកនេសាទ

ធ្វើយ៉ាងណាកុំប្រើប្រាស់ឧបករណ៍នេសាទខច្បាស់ដែលអនុក្រិត្យស្ដីពីការគ្រប់គ្រងការពារអភិរក្សសត្វផ្សោត បានធ្វើការហាមឃាត់នោះរួមមាន៖

ឧបករណ៍ ឆក់ត្រី មងក្រឡាធំ ឧបករណ៍សន្ទូចរនង ដែលជាហេតុបង្កឱ្យគ្រោះថ្នាក់ដល់ជីវិតសត្វផ្សោតពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះដែរ លោកសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សុំឱ្យជួយណែនាំផ្សព្វផ្សាយអំពីសារប្រយោជន៍អំពីសត្វផ្សោតទន្លេមេគង្គដែលជារតនះ

សម្បត្តិជាតិមានជីវិតដ៏ប្រសិតរបស់ប្រទេសកម្ពុជា ហើយធ្វើយ៉ាងណាការពារសត្វផ្សោតទន្លេមេគង្គ ជួយការពារទាំងអស់គ្នា ដើម្បីឱ្យសត្វផ្សោតទន្លេមេគង្គរបស់យើងនៅឋិតថេរគង់វង្សសម្រាប់បច្ចុប្បន្ន និងទៅថ្ងៃអនាគត៕