បណ្តាញសង្គម

នាំ២០២២ កាកបាទក្រហមកម្ពុជា ជួយសម្រាលជីវភាពប្រជាពលរដ្ឋងាយរងគ្រោះបំផុតជាង ៧ម៉ឺនគ្រួសារ

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត

របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុត នៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ជារៀងរាល់ឆ្នាំ។

ជាក់ស្ដែងក្នុងឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា សម្រេចបានការជួយសម្រាលជីវភាព ប្រជាពលរដ្ឋងាយរងគ្រោះបំផុតបានចំនួន ៧៣,១៣៤គ្រួសារ (ក្នុងនោះថ្នាក់កណ្តាលឆ្លើយតបបាន ៨,៥២០គ្រួសារ) កសាងផ្ទះបានចំនួន ១០៤ខ្នង និងបណ្តុះបណ្តាលជំនាញ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ ការយល់ដឹងផ្សេងៗបានរាប់សែនគ្រួសារទៀត។

នេះបើតាមការអានរបាយការណ៍បូកសរុប ឆ្នាំ២០២២ របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា និងពិធីបំពាក់គ្រឿងឥស្សរិយយស ដែលប្រព្រឹត្ដទៅក្រោមអធិបតីភាព សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នាទីស្នាក់កណ្ដាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានលើកឡើងពីចំណែកសមិទ្ធផលសំខាន់ៗ ទៅតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០

គឺ១៖ វិស័យអាទិភាពការគ្រប់គ្រងគ្រោះមហន្ដរាយ វិបត្ដិភ័យ និងការប្រែប្រួលអាកាសធាតុ,

២៖ វិស័យអាទិភាពសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍,

៣៖ វិស័យអាទិភាពការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង៤៖ វិស័យអាទិភាពការអភិវឌ្ឍស្ថាប័ន។

នៅក្នុងវិស័យអាទិភាពគ្រប់គ្រង គ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ កាកបាទក្រហមកម្ពុជា បានផ្តល់ស្បៀងសម្រាលជីវភាព របស់គ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុតចំនួន ១៨,៥៣៩គ្រួសារ សាខាបានសង់ផ្ទះ ១២ខ្នង និងផ្តល់ស័ង្កសីជួសជុលផ្ទះរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ១,២២៥គ្រួសារ។

ក្នុងការកសាងភាពធន់សហគមន៍ ដែលសហការជាមួយសមាគមជាតិ កាកបាទក្រហមចិន, កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងចំនួន៤ បង្គន់អនាម័យចំនួន២៧២ កន្លែងលាងសម្អាតដៃនៅក្នុងមណ្ឌលសុខភាពចំនួន២ ក្នុងឃុំចំនួន ២ នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្នុងពេលដែលរាជរដ្ឋាភិបាល ទទួលដោះស្រាយ១០០% ក្នុងការផ្តល់ពូជស្រូវ ស្បៀង និងថវិកា ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទូទាំងប្រទេស កាកបាទក្រហមកម្ពុជា បន្តយកចិត្តទុកដាក់ក្នុងការតម្រង់ទិសដល់ក្រុមប្រតិបត្តិ របស់សាខាទាំង ២៥រាជធានី-ខេត្ត ស្តីពីការពង្រឹងសមត្ថភាពភស្តុភារ

ការប្រកាសព័ត៌មានជាមុន ការរាយការណ៍ពីផលប៉ះពាល់ របស់មុខសញ្ញារងគ្រោះ និងទម្រង់ប្រតិបត្តិការឆ្លើយតប។ ជាមួយគ្នានោះ ថ្នាក់កណ្តាលក៏បានបញ្ជ្រាបការយល់ដឹង ពីហានិភ័យបង្កដោយការប្រែប្រួលអាកាសធាតុដល់សាខា សម្រាប់ជាមូលដ្ឋាននៃការគិតគូរដោះស្រាយផលប៉ះពាល់នានា តាមសហគមន៍ផងដែរ។

ក្នុងការចូលរួមកាត់បន្ថយហានិភ័យ បង្កដោយការប្រែប្រួលអាកាសធាតុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំសកម្មភាពដាំដើមឈើជាង ១,២០០ដើម នៅមជ្ឈមណ្ឌលពុទ្ធសាសនាកម្ពុជា។ ចំណែក

សាខារាជធានី-ខេត្ត សម្រេចបានការដាំដើមឈើសរុបប្រមាណ ៥,៣៧៥ដើម នៅតាមទីសាធារណៈ និងគ្រឹះស្ថានសិក្សានានា រួមទាំងបានដាំកូនឈើកោងកាង សរុប ២,០០០ដើម នៅតាមដងព្រែកកោងកាងសាងស្នេហ៍ ឃុំតានៃ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងការចូលរួមកាត់បន្ថយអត្រាមរណៈ ពិការ របួស និងបាត់បង់ទ្រព្យសម្បត្តិរដ្ឋ ឯកជន បង្កដោយគ្រោះថ្នាក់ចរាចរណ៍ កាកបាទក្រហមកម្ពុជា និងសាខាទាំង២៥ រាជធានី-ខេត្ត សម្រេចបានការធ្វើយុទ្ធនាការទូទាំងប្រទេស ស្តីពីសុវត្ថិភាពចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខែ្មរ

បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក ធ្វើការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ ប្រកបដោយបរិយាប័ន្ន និងគំាពារកុមារ បានចំនួន ៥៧៧លើក មានអ្នកទទួលផលសរុប ១៣៣,៥០៩នាក់ (ស្រីចំនួន ៧៣,៥៦០នាក់) និងអ្នកមានពិការភាពចំនួន១,៧៦៩នាក់។

លើសពីនេះទៅទៀតបានកសាងជម្រាល ចំនួន៦កន្លែង សម្រាប់ជនមានពិការភាពចំនួន ១,៣៥៣នាក់។

សម្រាប់វិស័យអាទិភាព សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ កាកបាទក្រហមកម្ពុជា បានបន្តផ្តល់ថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា (លើកទី៥) ដែលត្រូវជាលើកទី១១ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងថវិកា ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ (លើកទី៤)។

ការងារអប់រំផ្សព្វផ្សាយលើកកម្ពស់ ពីសារប្រយោជន៍នៃការថែទាំសុខភាពមាតា ទារកនិងកុមារ រួមទាំងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ថ្លើមប្រភេទបេ ជំងឺស្វាយពីម្តាយទៅកូន និងការងារត្រូវបានអនុវត្តតាមយន្តការ កុ្រមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ គ្របដណ្តប់ទូទាំងប្រទេស

និងអនុវត្តជាប្រចាំក្នុងយុទ្ធនាការ ឈានឆ្ពោះទិវាដ៏សំខាន់ចំនួន៣ គឺទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ទិវាឆ្មបជាតិ-អន្តរជាតិ ៥ឧសភា និងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ។ មុខសញ្ញានៃការអប់រំផ្សព្វផ្សាយស្តីពីសុខភាពមាតា ទារក និងកុមារ ផ្តោតសំខាន់លើស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូចតាមសហគមន៍។

ចំណែកក្នុងការងារអេដស៍វិញ បានផ្តោតជាសំខាន់លើយុវវ័យ ដែលជានិស្សិត ក្រុមសិល្បករ តារាសម្តែង និងក្រុមប្រឈមខ្ពស់ គឺក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមស្រ្តីបម្រើការងារនៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ និងក្រុមចាក់គ្រឿងញៀន។

សកម្មភាពទាំងអស់ ត្រូវបានចងក្រងចេញផ្សាយ តាមកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិប្រចាំខែ តាមទូរទស្សន៍ជាតិកម្ពុជា ហើយបន្តចែកផ្សាយតាមគ្រប់ស្ថានីយ៍ តាមទូរទស្សន៍អនឡាញ និងតាមបណ្តាញសង្គម។ ក្រុមការងារបានចុះជួបសួរសុខទុក្ខ ស្ត្រីសម្រាលកូនរួច និងបានផ្តល់សម្ភារពេលសម្រាលមានចំនួន ៣,៧៤នាក់ ស្ត្រីចូលរួមក្នុងកម្មវិធីអប់រំផ្សព្វផ្សាយមានចំនួន ២១,៧២៦នាក់

អ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៣,១៤៥គ្រួសារ បានទទួលអំណោយសម្រាលជីវភាព និងអ្នកចូលរួមដោយផ្ទាល់ ក្នុងកម្មវិធីអប់រំផ្សព្វផ្សាយ រួមទាំងសិក្ខាសាលា និងកិច្ចពិភាក្សាយុវជនផង មានសរុបចំនួន ១៨,២៨៧នាក់។

ក្នុងការងារអន្តរាគមន៍សុខភាព គ្រាអាសន្នវិញ ដែលជាកិច្ចខិតខំបន្តប្រយុទ្ធជំងឺកូវីដ-១៩ និងទប់ស្កាត់ជំងឺឆ្លងផ្សេងៗដូចជាគ្រុនឈាម គ្រុនឈីក សាខា-អនុសាខា បន្តអប់រំផ្សព្វផ្សាយតាមខ្នងផ្ទះ សម្រេចបាន ៥៨,០១៩ខ្នង ក្នុងភូមិចំនួន ២,៩៣៨ មានអ្នកទទួលផលសរុបចំនួន ៤០៨,៣៩៧នាក់។

ក្នុងការបន្តទប់ស្កាត់កូវីដ-១៩នេះដែរ កាកបាទក្រហមកម្ពុជា បានទទួលអំណោយជាលើកទី២ នូវវ៉ាក់សាំង SARS-CoV-2 (Sinopharm) ចំនួន ៣០ម៉ឺនដូស ពីសមាគមជាតិកាកបាទក្រហមចិន ហើយដែលកាកបាទក្រហមកម្ពុជា ប្រគល់បន្តជូនក្រសួងសុខាភិបាល សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង។

ប្រការគួរឱ្យកត់សម្គាល់ នៅក្នុងឆ្នាំ២០២២នេះ គឺកាកបាទក្រហមកម្ពុជា បានចាប់ផ្តើមឡើងវិញ នូវកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកាកបាទក្រហមហ្វាំងឡង់ តាមរយៈគម្រោងពង្រឹងភាពជាដៃគូ ផ្តោតលើការបង្ការជំងឺរាតត្បាតផ្សេងៗ ក្នុងរយៈពេល៣ឆ្នាំ និងការបញ្ជ្រាបសុខភាពផ្លូវចិត្ត ទៅក្នុងការងារសុខភាព និងថែទាំសុខភាពក្នុងសហគមន៍ និងប្រារព្ធជាលើកទី១ (តាមអនឡាញ) ទិវាសុខភាពផ្លូវចិត្ត ថ្ងៃទី១០ ខែតុលា។

កាកបាទក្រហមកម្ពុជា បានទទួលនូវរថយន្តព្យាបាលជំងឺចល័តពីក្រុមហ៊ុនថាកូកសិកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមចំនួន ១៥គ្រឿង។

ខាងផ្នែកការងារសង្គ្រោះបឋមវិញ ការបណ្តុះបណ្តាលជាមូលដ្ឋានដល់អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា បុគ្គលិកអង្គការ សមាគមនានា បានចំនួន២៩៨វគ្គ មានអ្នកចូលរួម ១៤,២៨៧នាក់។

ចំណែកវិជ្ជាសង្គ្រោះបឋមបង់ថ្លៃ សម្រេចបាន ១៣៣វគ្គ មានអ្នកចូលរួម ២,៥៥៥នាក់។ ការផ្សព្វផ្សាយពីសារសំខាន់នៃការរៀនសង្គ្រោះបឋមពេញមួយជីវិតសម្រេចបាន ១៣៦លើក មានអ្នកចូលរួម ៨,៤៤៣នាក់។

ឆ្នាំនេះកត់សម្គាល់នូវការប្រារព្ធទិវាពិភពលោក សង្គ្រោះបឋមទូទាំងប្រទេស មានអ្នកចូលរួម ១,១៦៧នាក់។ ជារួមលទ្ធផលសម្រេចបានក្នុងការងារនេះ មានការកើនឡើងជាងឆ្នាំ២០២១។

ក្នុងការងារអភិវឌ្ឍសុខភាពសហគមន៍វិញ កាកបាទក្រហមកម្ពុជា បានផ្តោតលើការសាងសង់កន្លែងលាងសម្អាតដៃតាមគ្រឹះស្ថានសិក្សា ដែលជារួមមានព្រះសមិទ្ធផល សម្តេចម៉ែជាអម្ចាស់ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នៅខេត្តមណ្ឌលគីរី

ជាអណ្ដូងទឹកស្អាតចំនួន៣ កន្លែងលាងសម្អាតដៃចំនួន៧ និងបង្គន់អនាម័យចំនួន១ខ្នង (មាន៤បន្ទប់) ក្នុងវិទ្យាល័យចំនួនមួយ និងសាលាបឋមសិក្សាចំនួន៦

សម្រាប់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ២,៤០០នាក់ និងកន្លែងលាងសម្អាតដៃចំនួន៦ និងបង្គន់អនាម័យចំនួន ៣ខ្នង (មាន ៩បន្ទប់) សម្រាប់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៥,០២០នាក់ ក្នុងវិទ្យាល័យចំនួន៤ និងសាលាបឋមសិក្សាចំនួន១ នៅក្នុងក្រុង១ ស្រុក៤ នៃខេត្តកំពង់ធំ។

លើសពីនេះទៅទៀត ដោយមានការជួយឧបត្ថម្ភពី សហព័ន្ធអន្តរជាតិ កាកបាទក្រហមសិង្ហបូរី និងកាកបាទក្រហមកូរ៉េ សមិទ្ធផលបន្ថែមទៀតមានអណ្តូងស្នប់មានម៉ូទ័រ១៩ កន្លែងលាងសម្អាតដៃ៤២ បន្ទប់អនាម័យ៣៣

និងស៊ីទែនទឹក១៧ មានអ្នកទទួលផលសរុប ៣៨,៣០៧នាក់។ លោកស្រីបន្ដថា ក្នុងវិស័យអាទិភាព លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា បានបម្រើជារួមទៅលើចលនាកៀរគរ រកមូលនិធិរបស់កាកបាទក្រហមកម្ពុជា និងលើកកម្ពស់កិត្តិនាមកាកបាទក្រហមកម្ពុជា ដោយបង្ហាញជូនសាធារណៈជនជ្រាបពីសមិទ្ធផល

និងសកម្មភាពដូចភ្លៀងរលឹម តាមរយៈ ប្រតិទិន ទស្សនាវដ្តី ព្រឹត្តិប័ត្រ ប្រកាសព័ត៌មាន បទសម្ភាស បទយកការណ៍ ដែលចាក់ផ្សាយតាមទូរទស្សន៍ និងព័ត៌មានតាមបណ្តាញសង្គម។

ការអប់រំផ្សព្វផ្សាយ ពីគោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវបានផ្សព្វផ្សាយទូលំទូលាយ តាមប្រព័ន្ធឌីជីថល E-Learning ដែលមានសិស្ស និស្សិត ចំនួន ៦,៨៧១នាក់ចូលសិក្សា។

ចំណែកការស្តារទំនាក់ទំនងគ្រួសារ បានផ្តោតលើការបញ្ជូនលិខិតពីទណ្ឌិតទៅក្រុមគ្រួសាររបស់គេ

ដែលមានការកើនជាងឆ្នាំ២០២១ និងសម្រេចបាន ៩,១៨៦ច្បាប់ រួមជាមួយនឹងការផ្សព្វផ្សាយពីចំណាកស្រុក ដោយសុវត្ថិភាពដល់ពលករ តាមច្រកអន្តរជាតិកម្ពុជា-ថៃ ចំនួន ៤,៣១៥នាក់។ ក្នុងការងារសុវត្ថិភាពសហគមន៍វិញ ស

ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកា ២លានដុល្លារអាមេរិក ជូនអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ដើម្បីចូលរួមជាចលនាជាតិឆ្ពោះ

ទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព ផ្តល់ស្នាមញញឹម» ជាមួយនឹងការបន្តអប់រំផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលសម្រេចបាន ១៧,៧៧៩នាក់ ក្នុងនោះកុមារ ៦,៧៥៩នាក់ (ប្រៀបធៀបឆ្នាំ២០២១ កើនឡើង ៣៩% )។

ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារអតីតយុទ្ធជន និងពលរដ្ឋរស់នៅក្នុងតំបន់ប្រឈមនឹងគ្រោះថ្នាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេចពង្រីកការផ្តល់ប្រាក់កម្ចីថ្មី ចំនួន៣០០គ្រួសារ (ក្នុងនោះ ខេត្តព្រះវិហារ ១៥០ និងខេត្តឧត្តរមានជ័យ ១៥០គ្រួសារ)

បន្ថែមពីលើទុនបង្វិលចាស់ពីថ្នាក់កណ្តាល និងពីដៃគូ ២៤៣គ្រួសារ។ ក្នុងការលើកកម្ពស់សុខុមាលភាពសង្គមវិញ ថ្នាក់កណ្តាលបានបន្តការជួយឧបត្ថម្ភស្បៀង និងថវិកាមួយចំនួន ដល់អង្គការ សមាគមចំនួន ៧ មានអ្នកទទួលផលចំនួន ១,០៥៥ នាក់ រួមជាមួយការចូលរួមបុណ្យសព ការចុះសួរសុខទុក្ខអ្នកជំងឺរ៉ាំរ៉ៃ ចាស់ឥតទីពឹង អ្នកមានពិការភាពធ្ងន់ធ្ងរ។ល

។ ចំពោះវិស័យអាទិភាព ការអភិវឌ្ឍស្ថាប័ន គឺតាមរយៈការផ្តល់សេវាជួយប្រជាពលរដ្ឋក្នុងវិស័យអាទិភាពទាំង៣ ខាងលើនេះ បានបង្ហាញឱ្យឃើញយ៉ាងជាក់ស្តែងថា កាកបាទក្រហមកម្ពុជា អាចពង្រឹងបានភាពជាម្ចាស់របស់សាខាទាំង២៥រាជធានី-ខេត្ត ទៅតាមទិសវិមជ្ឈការ វិសហមជ្ឈការ,

សាខានីមួយៗ មានសមត្ថភាពក្នុងការបំផុសចលនាកៀរគររកមូលនិធិ និងជំនួយឧបត្ថម្ភ ព្រមទាំងដឹកនាំ គ្រប់គ្រងសាខាតាមអភិក្រមអភិបាលកិច្ចល្អ ការគ្រប់គ្រងមានតម្លាភាព និងគណនេយ្យភាព។

ចំណែកថ្នាក់កណ្តាលវិញ បាននិងកំពុងបន្តតួនាទីជួយគាំទ្របច្ចេកទេស កសាងសមត្ថភាព និងបណ្តុះបណ្តាលសមត្ថភាពជំនាញដូចជា ផែនការអភិវឌ្ឍសាខា អនុសាខាជាដំណាក់កាល តាមទិសស្លោក «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសាកល» នៃយុទ្ធសាស្ត្រ ២០២១-២០៣០។

កញ្ចប់ការងារចំនួន ៧ក្នុងវិស័យនេះ ក៏សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនផងដែរ។

បន្ទាប់ពីលោកស្រី ម៉ែន នារីសោភ័គ អានរបាយការណ៍ចប់,

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថាថ្លែងការកោតសសើរ និងថ្លែងអំណរគុណដល់សហការីទាំងអស់ទាំងមន្ដ្រីថ្នាក់កណ្ដាល សាខាទាំង២៥ខេត្ដក្រុង រួមទាំងយុវជនកាកបាទក្រហមកម្ពុជាផងដែរ ដែលខិតខំប្រឹងប្រឹងជម្នះអស់ពីលទ្ធភាព និងសមត្ថភាពទាំងអស់

ដើម្បីធ្វើការងារឱ្យចំគោលដៅ ក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានថ្លែងថា

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគណៈកម្មាធិការកណ្ដាលក៏ដូចជាមន្ដ្រីរាជការកាកបាទក្រហមកម្ពុជាទាំង២៥ខេត្ដក្រុង ដែលក្នុងឆ្នាំ២០២២នេះ បានខិតខំប្រឹងប្រែងអស់ពីលទ្ធភាព និងសមត្ថភាពគ្រប់បែបយ៉ាងទាំងអស់

ដើម្បីបម្រើប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ដោយសកម្មភាពយ៉ាងសស្រាក់សស្រាំមែនទែន ជាពិសេសមន្ដ្រីសាខាកាកបាទក្រហមកម្ពុជាទាំង២៥ខេត្ដក្រុង ដែលមានលទ្ធភាពជួយសម្រួលការលំបាករបស់ប្រជាជនយើងនៅតាមខេត្ដនីមួយៗក៏ដូចជាការជួយសម្រាលការងារថ្នាក់កណ្ដាល។

លើសពីនោះ កំលុងការរាតត្បាតជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏យើងជន្នះបានទាំងអស់ ដែលធ្វើឱ្យប្រជាជនសប្បាយចិត្ដនឹងសកម្មភាពរបស់កាកបាទក្រហមកម្ពុជា»។

សូមជម្រាបថានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ក៏បានពិភាក្សា និងអនុម័តទៅលើការឆ្លងសេចក្ដីសម្រេចព្រាងរបាយការណ៍សកម្មភាព ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣, ឆ្លងសេចក្ដីព្រាង របាយការណ៍ចំណូល និងចំណាយមូលនិធិ ឆ្នាំ២០២២, ស្នើសុំការអនុម័តលើផែនការមូលនិធិ សម្រាប់ចំណាយជាអាទិភាព ឆ្នាំ២០២៣ និងបញ្ហាផ្សេងៗ។

បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានបំពាក់គ្រឿងឥស្សរិយយសជូននិវន្ដន៍ជន កាកបាទក្រហមកម្ពុជាផងដែរ ដោយភ្ជាប់ជាមួយនឹងការសំណេះសំណាលទាំងអួលដើមករ

និងថ្លែងអំណរគុណចំពោះនិវត្តន៍ជន ដែលបានពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។

ការចូលរួមចំណែករបស់និវត្ដន៍ជននេះហើយ បានចេញជាសមិទ្ធផល ស្នាដៃ និងជោគជ័យ រហូតធ្វើឱ្យកាកបាទក្រហមកម្ពុជា មានឈ្មោះល្បីរន្ទឺ ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ៕