បណ្តាញសង្គម

មន្រ្តី​កម្ពុជា​បើក​កិច្ចប្រជុំ​ ត្រៀមដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ​ដំណាក់កាលទី៣

គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ នៅព្រឹកថ្ងៃទី០៣មករាឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា និងតាមដានវឌ្ឍនភាពនៃការងារអភិវឌ្ឍន៍ និងអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ និងរៀបចំដើម្បីប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិមានប្រសាសន៍ថា

កិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ធ្វើឡើងក្នុងគោលបំណងសំខាន់ គឺដើម្បីតាមដានវឌ្ឍនភាព ការអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ និងដើម្បីបន្តពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើការងារពាក់ព័ន្ធ នឹងប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ និងវាយតម្លៃខ្ពស់អំពីលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក និងការស្នើឱ្យតំណាងក្រសួង-ស្ថាប័នជំនាញទាំងអស់ត្រៀមខ្លួន

និងរៀបចំដើម្បីប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣។លោកបានបន្តថា ទាក់ទងបញ្ជរតែមួយជាតិ គឺជាកន្លែងដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូន ដាក់នូវព័ត៌មានឧត្តមានុវត្តន៍ និងសំណុំឯកសារនៅចំណុចចូលតែមួយ សម្រាប់បំពេញនូវរាល់បទប្បញ្ញត្តិដែលតម្រូវ ពាក់ព័ន្ធនឹងការនាំចេញ-ចូល និងការឆ្លងកាត់។

សម្រាប់ព័ត៌មានដែលដាក់ស្នើក្នុងទម្រង់អេឡិចត្រូនិក គំរូទិន្នន័យនឹងត្រូវបានឲ្យដាក់ស្នើតែម្តងប៉ុណ្ណោះ។ ចំណែកគោលដៅសំខាន់បំផុត នៃប្រព័ន្ធបញ្ជរតែមួយ គឺការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, រដ្ឋាភិបាល និងធុរជន, និងធុរជន និងធុរជន។

កិច្ចប្រជុំ គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ មានការចូលរួមពីសមាជិកនៃក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន៖

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងរ៉ែ និងថាមពល,

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ធនាគារជាតិនៃកម្ពុជា, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្វយ័តភ្នំពេញ និងមកពីតំណាងវិស័យឯកជន៕

ដកស្រង់ពី៖ កម្ពុជាថ្មី