បណ្តាញសង្គម

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួប៤៧ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប៤៧ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍។

នៅក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លា នៃខួប៤៧ឆ្នាំ ចំណងអាពាហ៍ពិពាហ៍របស់សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣

នេះ សម្តេច សាយ ឈុំ និងភរិយា សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក សូមប្រសិទ្ធពរជ័យជូនចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើងក្នុងគ្រាដ៏សែនកម្សត់នោះ

ឱ្យកាន់តែផ្អែមល្ហែមត្រជាក់ត្រជំដូចទឹកអម្រឹត និងទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងសម្រេច បានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការដឹកនាំប្រទេសដើម្បីអភិវឌ្ឍលើគ្រប់វិស័យក្រោមដំបូលមហាសន្តិភាព ស្ថិរភាព ជានិច្ច និរន្តរ៍តរៀងទៅ។

ឆ្លៀរក្នុងឱកាសនេះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ដថា «សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា

សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្ដេចអគ្គមហាសនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់

សូមជួបប្រទះតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ដកស្រង់ពី៖ Fresh News