បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតលោក ឆាយ សុផល ចូលជួបសម្តែងការគួរសម និងជូនសៀវភៅ «មរតកតេជោ ពិស្សុតភាព នៃកម្ពុជាលើឆាកអន្តរជាតិ»

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងជូនសៀវភៅ ដែលមានចំណងជើង «មរតកតេជោ ពិស្សុតភាពនៃកម្ពុជាលើឆាកអន្តរជាតិ» ចំនួន ១០០ច្បាប់ សម្រាប់ជូនលោករដ្ឋមន្ត្រី និងអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន។

កម្រងឯកសារប្រវត្តិសាស្រ្តស្តីពីកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងសកម្មភាពរបស់ សម្តចតេជោ កម្រងឯកសារប្រវត្តិសាស្រ្តជាង៧៣០ទំព័រ ស្តីពីសកម្មភាពដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក្នុងឆ្នាំ២០២២ (៨-១៣ វិច្ឆិកា ២០២២)

និងដំណើរទស្សនកិច្ចរបស់ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូ ទៅបរទេស នៅមុននិងក្រោយកិច្ចប្រជុំកំពូលអាស៊ាន។

សូមជម្រាបថា កម្រងឯកសារប្រវត្តិសាស្រ្តជាង៧៣០ទំព័រ ស្តីពីសកម្មភាពដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក្នុងឆ្នាំ២០២២ (៨-១៣ វិច្ឆិកា ២០២២) និងដំណើរទស្សនកិច្ចរបស់ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូ ទៅបរទេស នៅមុននិងក្រោយកិច្ចប្រជុំកំពូលអាស៊ាន ត្រូវបានចេញផ្សាយជាផ្លូវការហើយ។

លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាអ្នកចងក្រងឯកសារនេះបាននិយាយថា កម្រងឯកសារដែលមានចំណងជើងថា «មរតកតេជោ - ពិស្សុតភាពនៃកម្ពុជាលើឆាកអន្តរជាតិ មុននិងក្រោយកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២»

ពិតជាកម្រងឯកសារប្រវត្តិសាស្រ្តដ៏មានតម្លៃ បង្ហាញពីសមត្ថភាពរបស់កម្ពុជា ជាពិសេសថ្នាក់ដឹកនាំប្រទេសដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានសាងកេរ្តិ៍ឈ្មោះកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ និងនាំប្រទេសស្មើមុខស្មើមាត់នឹងបណ្តាប្រទេសនៅក្នុងតំបន់ និងសកលលោក។

លោក ឆាយ សុផល បានបញ្ជាក់ថា ដូចសម្តេចតេជោ បានប្រសាសន៍នៅក្នុងសន្និសីទបិទបញ្ចប់កិច្ចប្រជុំកំពូល ហើយថា «ផលប្រយោជន៍ដែលកម្ពុជាទទួលបាន

គឺកិត្យានុភាពដែលទុកជាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ។

លុយយើងអាចចាយអស់ក្នុងមួយថ្ងៃ ឬមួយឆ្នាំ ក៏ប៉ុន្តែកេរដំណែលដែលយើងរកបានក្នុងប៉ុន្មានថ្ងៃនេះ ចាយវាមិនអស់ទេ។….នេះជាមរតកសម្រាប់កូនចៅគ្រប់ជំនាន់ទុកសិក្សារៀនសូត្រ»។

លោក ឆាយ សុផល បន្តថា ដោយសារតែមើលឃើញពីភាពជាអ្នកដឹកនាំ ប្រកាន់ខ្ជាប់ក្នុងឋានៈជានាយករដ្ឋមន្ត្រី អស់រយៈពេលជិត៤០ឆ្

នាំ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានរួមចំណែកស្វែងរក និងថែរក្សាសន្តិភាព រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច ទាំងនៅក្នុងប្រទេស និងនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ផង មូលនិធិសន្តិភាពស៊ុនហាក់ ក៏បានសម្រេចផ្តល់ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ (The Sunhak Peace Prize 2022) ជូន សម្តេចតេជោ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ជាងនេះទៅទៀត សម្តេចតេជោ ក៏បានទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីកិច្ចប្រជុំកំពូលបច្ចេកវិទ្យានិងសេដ្ឋកិច្ចចិនសកល និងវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៉ី-ប៉ាស៉ីហ្វិក (Strategic Institute for Asia-Pacific ឬ KSI) ដែលមានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៉ី។

លោក សុផល ក៏បានអះអាងដែរថា អ្វីដែលគួរឱ្យមោទនៈបន្ថែមទៀតនោះ គឺដោយសារតែកម្ពុជាមានសន្តិភាព និងមានសមត្ថភាពគ្រប់គ្រាន់ រួមទាំងភាពប៉ិនប្រសប់នៃការដឹកនាំរបស់ សម្តេចតេជោ ទើបក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៉ីអាគ្នេយ៍ ប្រគល់ «ទង់ស៉ីហ្គេម» ជាផ្លូវការ ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំការប្រកួតកីឡាស៉ីហ្គេម (SEA GAME) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣ ដែលកម្ពុជាខកខានធ្វើអស់រយៈជាង៦០ឆ្នាំកន្លងមក។

លោក សុផល រម្លឹកថា ពិតជាមិនធម្មតាទេ ដែលកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ពិភពលោកនេះបានដោយជោគជ័យ ដោយមានការសម្របសម្រួលឱ្យមេដឹកនាំប្រទេសមហាអំណាចដែលកំពុងមានជម្លោះនឹងគ្នា និងយកប្រៀបលើភូមិសាស្រ្តនយោបាយលើគ្នា ទាំងនៅអឺរ៉ុបខាងកើត នៅអាស៉ីបូព៌ា និងនៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក អាចមកអង្គុយក្នុងបន្ទប់តែមួយ ហូបម្ហូបខ្មែរដូចគ្នា ហើយស្តាប់ការជជែកគ្នាដោយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន។

សូមបញ្ជាក់ថា កម្រងឯកសារនេះត្រូវបានបោះពុម្ពចំនួន១ម៉ឺនច្បាប់ ដោយក្នុង១ច្បាប់តម្លៃ១០,២ ដុល្លារ ហើយនឹងត្រូវយកទៅចែកជូនមិត្តអ្នកអាននៅក្រៅប្រទេស ដូចជា អាម៉េរិក កាណាដា បារាំង អាល្លឺម៉ង់ បែលហ្ស៊ិក អូស្រ្តាលី និងញូវស្ស៉ីលែន ជាដើម ព្រមទាំងជូនបណ្ណាល័យជាតិ និងសាកលវិទ្យាល័យនានានៅទូទាំងប្រទេស រួមទាំងដាក់តាមបណ្ណាគារផង។

ការចេញកម្រងឯកសារនេះក៏ក្នុងបំណងចូលរួមអបអរសាទរទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្រ្ត និងខួបអាពាហ៍ពិពាហ៍របស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៥ មករា ផងដែរ៕