បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន នឹងជ្រើសរើសផ្លូវមួយខ្សែ នៅខេត្តមាត់សមុទ្រ ដាក់ជាឈ្មោះផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ (Video inside)

(ម៉ាល់ឌីវ)៖ ថ្លែងក្នុងឱកាសអញ្ជើញធ្វើសន្និសីទព័ត៌មានរួមគ្នាជាមួយលោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនឹងជ្រើសរើសផ្លូវមួយខ្សែនៅខេត្តមាត់សមុទ្ររបស់កម្ពុជា ដាក់ជាឈ្មោះផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះថា «សូមអរគុណសារជាថ្មី ជាមួយនឹងការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី ជាការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធានាធិបតីចំពោះដំណើរទស្សនកិច្ចរបស់ខ្ញុំ

ហើយដែលជាការចាប់ផ្តើមរបស់យើងគឺជាការចាប់ផ្តើមដ៏ល្អបំផុត ដែលខ្ញុំទៅដល់កម្ពុជាខ្ញុំនឹងរកផ្លូវមួយខ្សែ ដើម្បីប្រែក្លាយទៅជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ហើយក្នុងពេលនោះទស្សនកិច្ចរបស់ឯកឧត្តមអាចធ្វើទៅ យើងអាចនឹងសម្ពោធផ្លូវនេះតែម្តង»។

ថ្លែងនៅចំពោះមុខប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា យើងនឹងធ្វើកិច្ចការងារនេះដើម្បីជានិម្មិតរូបនៃសាមគ្គីភាពរវាងកម្ពុជា និងម៉ាល់ឌីវ ដែលសុទ្ធតែជាប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចគ្នាផងដែរ។

បន្ថែមពីនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ថា ការធ្វើទស្សនកិច្ចរបស់សម្តេច គឺជាការបើកផ្លូវមួយដ៏សំខាន់នៅក្នុងទំនាក់ទងរវាងកម្ពុជា-ម៉ាល់ឌីវ។

សម្តេចក៏បានថ្លែងអរគុណប្រធានាធិបតីម៉ាល់ឌីវ ដែលបានបញ្ជាក់ថា យើងចង់ក្លាយជាសមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC)

ជាអ្នកសង្គេតការ ហើយសង្ឃឹមថាយើងនឹងក្លាយទៅជាតួអង្គដ៏សំខាន់នៃការធ្វើសុខុដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ហើយសង្ឃឹមថា ម៉ាល់ឌីវ និងនៅតែបន្តធ្វើការគាំទ្រដើម្បីឱ្យយើងទៅជាសមាជិកសង្គេតការណ៍នៅក្នុងអង្គការOIC នេះតែម្តង៕