បណ្តាញសង្គម

ឆ្នាំ២០២៣គឺជាឆ្នាំដ៏ល្អ ក្នុងការដំណើរការលើវិស័យមូលប័ត្រ នៅប្រទេសកម្ពុជា

ភ្នំពេញ៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានថ្លែងថា ទីផ្សារមូលបត្រកម្ពុជា បានចាប់ផ្តើមក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ មានភាពរីកចម្រើនច្រើន ដែលបច្ចុប្បន្នទំហំជួញដូរ និងចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ឋ និងប័ណ្ណបំណុលបានកើនឡើងកាន់តែច្រើន។

គួរបញ្ជាក់ថា ការថ្លែងពីសំណាក់ លោក ស៊ូ សុជាតិ បែបនេះបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការស្វែងយល់ពីវិស័យមូលបត្រនៅកម្ពុជា និងការត្រៀមខ្លួនវិនិយោគលើមូលបត្រកម្មសិទ្ឋថ្មីៗនេះ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជារូបនេះបានគូសបញ្ជាក់ថា៖ការចូលរួមអភិវឌ្ឍន៍ទីផ្សារមូលបត្រមិនត្រឹមតែការអភិវឌ្ឍន៍ខ្លួនឯងទេ

ប៉ុន្តែវានៅជួយឈានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិថែមទៀត។ក្នុងឆ្នាំ២០២៣នេះដែរនិយ័តករមូលបត្រកម្ពុជាបានត្រៀមខ្លួនជាស្រេចនៅការផ្សព្វផ្សាយផ្នែកសេវាកម្ម ការរៀបចំជាស្រេចនូវការដោះស្រាយសញ្ញាប័ណ្ណមានការៀបចំជាស្រចនូវបញ្ញត្តិដើម្បីអនុញ្ញត្តិឱ្យក្រុមហ៊ុនប្រមូលសាច់ប្រាក់នៅក្នុងឆ្នាំនេះផងដែរ។

លោកបានមានប្រសាសន៍ថា៖ទីផ្សារមូលបត្រគឺជាច្រកទិញលក់ដ៏សំខាន់មួយក្នុងការប្រមូលដើមទុនសម្រាប់ពង្រីកអាជីវកម្ម។

ព្រមជាមួយគ្នានេះការចុះបញ្ជីក្នុងទីផ្សារមូលបត្រក៏ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះនិងផ្តល់ទំនុកចិត្តរបស់ក្រុមហ៊ុនជាលក្ខណជាតិនិងអន្តរជាតិ”។

លោកបានថ្លែងដោយបញ្ជាក់ដែរថា៖ “នេះពេលនេះដែរចំពោះការដែលក្រុមហ៊ុនម៉េងលី ជេគួច អេដ្យូខេសិនចូលបោះផ្សាយលក់មូលបត្រ នឹងអាចមានប្រជាប្រិយភាព ដូចគ្នានឹងការបោះផ្សាយលក់មូលបត្រ របស់រដ្ឋាករទឹកស្វ័យ័តជាលើកដំបូង ដែលអ្នកណាក៏ចង់ក្លាយជាម្ចាស់រដ្ឋាករទឹកផងដែរ ដែលចំនួនអ្នកវិនិយោគមានច្រើនជាងទំហំភាគហ៊ុន

ដែលយើងបានដាក់ជួញដូរ។ហេតុនេះបើសិនជាមានអ្នកចង់បញ្ជាទិញ សូមទិញនៅដំណាក់កាលដំបូង”។

លោក ស៊ូ សុជាតិ បានបន្តថា យើងស្វាគមន៍ ប្រសិនជាអ្នកឧកញ៉ាគួច ម៉េងលី បោះផ្សាយលក់មូលបត្ររួចហើយ អាចបោះផ្សាយលក់ប័ណ្ណបំណុលឬសញ្ញាប័ណ្ណបន្ថែមទៀត ព្រោះស្ទើរតែគ្រប់ក្រុមហ៊ុន ដែលអាចបោះផ្សាយលក់មូលបត្រហើយ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការបោះផ្សាយលក់សញ្ញាប័ណ្ណ។

ដោយឡែកអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនបានថ្លែងឱ្យដឹងក្នុងពិធីនេះដែរថា៖

បច្ចុប្បន្នវិទ្យាស្ថានភាសា និងវិទ្យាស្ថានអន្តរទ្វីបអាមេរិកកាំង មានសិក្សានុសិស្សចំនួនជាង២០ ០០០នាក់ និងមានបុគ្គលិកសរុបចំនួន២ ២០០នាក់ ជាមួយនឹងផែនការពង្រីកសាខាចំនួន១៦០និងចំនួនសិស្សានុសិស្ស កើនឡើងដល់៥០ម៉ឺន ទៅ៧៥ម៉ឺននាក់នាពេលេអនាគត។

ពាក់ព័ន្ធទៅនឹងការបោះផ្សាយលក់មូលបត្រ អ្នកឧកញ៉ាគួច ម៉េងលីបានមានប្រសាសន៍ដោយបញ្ជាក់ថា៖

យើងមានគោលដៅក្នុងការពង្រីកទុន ដើម្បីបង្កើនសេវាកម្មអប់រំឲ្យបានទូទាំងប្រទេស ដោយទាំងកូនអ្នកមាន អ្នកក្រ អាចទទួលបានសេវាអប់រំពីសាលារបស់យើង

ទី២ ចូលរួមអភិវឌ្ឈន៍ និងគាំទ្រផ្សារមូលបត្រ ដែលជាសេនាធិការរបស់រដ្ឋាភិបាលឲ្យមានភាពរីកចម្រើន ទី៣ ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងការរីកចម្រើនផ្សារមូលបត្រកម្ពុជា

ដើម្បីបង្ហាញអ្នកវិនិយោគទូទាំងពិភពលោកថា សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជារៀងរាល់ឆ្នាំ និងមានកំនើនខ្ពស់ជាងគេធៀបជាមួយបណ្តាប្រទេសផ្សេងៗ៕

ដកស្រង់ពី៖ រស្មីកម្ពុជា