បណ្តាញសង្គម

ឯកឧត្ដម ហ៊ុន ម៉ាណែត ចំអកឲ្យអ្នកវិភាគមួយរូបថា បើចង់វិភាគរឿងផ្លូវច្បាប់ ត្រូវរៀនមើលច្បាប់ឲ្យបានគ្រប់ជ្រុងជ្រោយ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានចំអកឲ្យអ្នកវិភាគមួយរូប ដែលដឹងគ្រប់រឿង និងចេះគ្រប់ជំនាញថា បើចង់វិភាគរឿងផ្លូវច្បាប់ ត្រូវរៀនមើលច្បាប់ឲ្យបានគ្រប់ជ្រុងជ្រោយ។

ការចំអកនេះ បន្ទាប់ពីប៉ុន្មានថ្ងៃមុននេះ មានបុគ្គលម្នាក់ ដែលតែងតែតាំងខ្លួនជាអ្នកវិភាគដឹងគ្រប់រឿង និងចេះគ្រប់ជំនាញ បានចេញវីដេអូឃ្លីបជាបន្តបន្ទាប់ ដោយធ្វើការបកស្រាយបែបវាយប្រហារ ពាក់ព័ន្ធនឹងភាពស្របច្បាប់ នៃបេក្ខភាពជានាយករដ្ឋមន្ត្រីបន្តវេន្ត របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នៅពេលអនាគត។

តាមរយៈវីដេអូបង្ហោះនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣នេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងថា

«គេចោទថា ដោយសារខ្ញុំ ជាមេទ័ពជើងគោក អញ្ចឹងពេលដែលគណបក្សប្រជាជន ប្រកាសថា ខ្ញុំជាបេក្ខភាពនាយករដ្ឋមន្ត្រី គឺខុសច្បាប់…គេចោទអញ្ចេះ

គេថា ហ៊ុន ម៉ាណែត ធ្វើខុសច្បាប់ដោយសារយោងទៅលើមាត្រា ១៥ នៃច្បាប់ ស្ដីពី គណបក្សនយោបាយ ដែលអនុម័តពីឆ្នាំ ៩៧ ដែលថា បុព្វជិត មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ អាចចូលជាសមាជិកគណបក្សនយោបាយនានាបាន តែមិនត្រូវធ្វើសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយឡើយ»។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អ្វីដែលជាការលើកឡើងរបស់អ្នកវិភាគរូបនោះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយឯកឧត្ដមក៏មិនដឹងថា អ្នកវិភាគរូបនោះ ជាអ្នកវិភាគសុច្ចចរិត តែខ្វះព័ត៌មាន ឬមានព័ត៌មានហើយ តែទុកព័ត៌មាននោះចោល ដោយចេះតែនិយាយបំភ្លៃការពិតឬយ៉ាងណា?

ឯកឧត្ដមបណ្ឌិត បានថ្លែងបែបនេះថា «ច្បាប់ហ្នឹងមានមែន ប៉ុន្តែកុំភ្លេច យើងក៏មានច្បាប់ដែលបើកច្រក ត្រូវមើលច្បាប់ បើនិយាយពីច្បាប់ ត្រូវមើលគ្រប់ច្បាប់…ច្បាប់ ស្ដីពី គណបក្សនយោបាយ គឺគ្រប់គ្រងទៅលើសកម្មភាព នៃគណបក្សនយោបាយ ហើយបើចង់ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ ត្រូវមើលច្បាប់នៃការឈរឈ្មោះ ជាបេក្ខជនតំណាងរាស្រ្ដ តើបុគ្គលនោះមានសិទ្ធិអ្វីខ្លះ?»។

បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងបន្តថា «ឥឡូវយើងយកច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ដែលត្រូវរើសជាមេដឹកនាំ

ត្រូវមើលច្បាប់ហ្នឹង សិទ្ធិបុគ្គលយ៉ាងម៉េចខ្លះ? មាត្រា ៨៣ បន្ទាប់ពីបញ្ចប់ម៉ោងធ្វើការ ឬស្ថិតនៅក្រៅម៉ោងការងារ ឬមិនស្ថិតក្នុងពេលបំពេញការងារក្នុងសមត្ថភាពផ្លូវការ មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ

នគរបាលជាតិ និងមន្ត្រីតុលាការ អាចចូលរួមក្នុងសកម្មភាពឃោសនាគាំទ្រចំពោះគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ប៉ុន្តែមិនត្រូវស្លៀកពាក់ឯកសណ្ឋានយោធា និងមិនត្រូវមានអាវុធជាប់នៅហ្នឹងខ្លួន

និងមិនត្រូវធ្វើអ្វីដែលនាំឲ្យមានការគំរាមកំហែងឡើយ»។ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែទៀតថា

«សួរលោកប្អូន ឬអ្នកវិភាគ ដែលចោទខ្ញុំ តើខ្ញុំដែលពាក់ខោអាវយោធា ហើយឃោសនាឲ្យគាំទ្រគណបក្សប្រជាជនទេ បើមានដាក់រូបថតហ្នឹងមក! ខ្ញុំអត់ទេ ថ្ងៃនេះខ្ញុំពាក់ស៊ីវិល ក្រៅម៉ោងធ្វើការជាកងទ័ព ថ្ងៃសៅរ៍! ខ្ញុំអត់ខុសទេ ច្បាប់មានច្បាស់ប្អូនទៅលើឡើងវិញ»។

ក្នុងនោះដែរ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើ និងចំអកអ្នកវិភាគរូបនោះថា «បើប្អូនចង់វិភាគរឿងផ្លូវច្បាប់ ត្រូវរៀនមើលច្បាប់ឲ្យបានគ្រប់ជ្រុងជ្រោយ ហើយយល់ច្បាប់ទាំងនោះឲ្យច្បាស់សិន ចាំធ្វើការវិភាគបកស្រាយជាសាធារណៈ ដើម្បីកុំឲ្យខ្មាស់គេ និងទម្លាក់តម្លៃខ្លួនឯង»។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអរគុណប្រជាពលរដ្ឋ និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន

ដែលបានចេញមកខំមិនការពារភាពស្របច្បាប់ នៃការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជាកន្លងមក ផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី