បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួម បុណ្យគម្រប់១០០ថ្ងៃ សពសម្តេច ជា ស៊ីម

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  នៃកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត រួមនឹងថ្នាក់ដឹក នាំគណបក្ស ប្រជាជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធី បុណ្យ គម្រប់ ១០០ថ្ងៃ សពសម្តេច ជា ស៊ីម និងរាប់បាត្រ ព្រះសង្ឃ ១០៨អង្គ និងដើម្បីត្រៀម ដង្ហែអដ្ឋិធាតុ សម្ដេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម អតីតប្រធាន ព្រឹទ្ធសភា និងជាអតីតប្រធាន គណបក្ស ប្រជាជនកម្ពុជា ឆ្ពោះទៅស្រុកកំណើត របស់សម្ដេច ស្ថិតនៅភូមិ កន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្ដព្រៃវែង និងត្រូវប្រារឰ ធ្វើឡើង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ខាងមុខនេះ ។

តាមរយៈលិខិត របស់អភិបាល រាជធានីភ្នំពេញ ការដង្ហែអដ្ឋិធាតុ នឹងធ្វើឡើងពី ភូមិគ្រឹៈរបស់សម្ដេច ផ្ទះលេខ១២ ផ្លូវលេខ៤៦២ ក្រុមទី១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឆ្ពោះទៅស្រុកកំណើត ដោយឆ្លងកាត់ វិថីសំខាន់ៗ រួមមានផ្លូវលេខ៤៦២ មហាវិថី ព្រះនរោត្ដម មហាវិថីព្រះអង្គឌួង មហាវិថីព្រះមុនីវង្ស និងផ្លូវជាតិលេខ៦ ។

សូមបញ្ជាក់ថា សម្ដេច ជា ស៊ីម បានទទួលមរណ ភាពកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ៨៣ឆ្នាំ ហើយសពសម្ដេច ត្រូវបានបូជា នៅថ្ងៃទី១៩ ខែមិថុនា ដែលព្រះមហាក្សត្រ យាងប្រទានភ្លើងបូជា ៕

ដកស្រងពី៖ដើមអម្ពិល