បណ្តាញសង្គម

សមាគមអ្នកផលិត និងនាំចេញផលិតផល​ត្រចៀកកាំកម្ពុជា គ្រោងរៀបចំដេញថ្លៃសម្បុក​ត្រចៀកកាំ

សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងរៀបចំពិធីដាក់ឱ្យដេញថ្លៃសម្បុកត្រចៀកកាំនាថ្ងៃទី ២៥ ខែកុម្ភៈខាងមុខនេះ ក្នុងគោលបំណងជួយដល់ម្ចាស់ផ្ទះអភិរក្សសត្វ ត្រចៀកកាំក្នុងការលក់សម្បុកត្រចៀកកាំ ស្វែងរកដៃគូ ឬអ្នកប្រមូលទិញ និងជួយសម្រួលដល់ម្ចាស់អាជីវកម្មកែច្នៃសម្បុកត្រចៀកកាំ។

នេះបើតាមការប្រកាសជូនដំណឹងរបស់សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា។យោងតាមការជូនដំណឹងនេះ បានបញ្ជាក់ថា ការដាក់ដេញថ្លៃនេះ

ក៏ដើម្បីទទួលបានការផ្គត់ផ្គង់នូវសម្បុកត្រចៀកកាំប្រកបដោយគុណភាព បរិមាណសមស្រប ការផ្គត់ផ្គង់មានភាពទៀងទាត់ ស្ថេរភាពថ្លៃសម្បុក កាត់បន្ថយការលក់បង្ខូចថ្លៃ ការកំណត់ទីផ្សារទិញ លក់ច្បាស់លាស់ និងផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មផ្សេងៗចូលរួម។

លោកស្រី វ៉ា សូជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បានឱ្យដឹងកន្លងមកថា បច្ចុប្បន្ននេះកម្ពុជាមានអ្នកចិញ្ចឹមត្រចៀកកាំប្រមាណ

៣ពាន់ផ្ទះនៅទូទាំងប្រទេស ដោយបាននាំចេញផលិតផលសម្បុកត្រចៀកកាំប្រមាណជាង១០០តោនក្នុង១ឆ្នាំៗ។

កាលពីចុងខែ តុលា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងសមាគមមជ្ឈមណ្ឌលពាណិជកម្មឯកជនកម្ពុជាប្រចាំទីក្រុងសៀមិន ប្រទេសចិន បានអនុស្សារណៈយោគយល់គ្នាមួយស្តីពីការនាំចេញសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិន។

ការចុះកិច្ចព្រមព្រៀងនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិននេះ នឹងធ្វើឱ្យអ្នកចិញ្ចឹមសម្បុកត្រចៀកកាំកាន់តែមានជំនឿ ក្នុងការថែទាំផ្ទះឱ្យបានកាន់តែស្អាត ដើម្បីឱ្យផលិតផលដែលចិញ្ចឹមបានស្អាតងាយស្រួលយកទៅកែកែឆ្នៃនាំចេញ។

ដោយឡែក ក្រសួងកសិកម្ម កាលពីខែកក្កដា ឆ្នាំ ២០២២ ក៏បានរៀបចំក្រុមការងារបច្ចេកទេសសម្រាប់ចរចាបើកទីផ្សារនាំចេញផលិតផលសម្បុកត្រចៀកកាំ ទៅកាន់ប្រទេសចិន ក្រោយពីក្រសួងពិនិត្យឃើញថា កំណើនអ្នកចិញ្ចឹមសត្វត្រចៀកកាំកើនឡើង និងផលិតផលនេះមានតម្លៃល្អនៅលើទីផ្សារ។

ក្រុមការងារនេះ មានភារកិច្ច រៀបចំឯកសារបច្ចេកទេសសម្រាប់ចរចាបើកទីផ្សារនាំចេញផលិតផលសម្បុកត្រចៀកកាំពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដោយសហការជាមួយវិស័យឯកជនក្នុងស្រុក និងក្រៅប្រទេសដែលមានបទពិសោធន៍។

យោងតាមស្ថិតិរបស់រដ្ឋបាលព្រៃឈើនៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា សម្បុកត្រចៀកកាំដែលប្រមូលថ្មីៗ មានតម្លៃចាប់ពី ៧០០-៩០០ដុល្លារ

ក្នុងមួយគីឡូក្រាម និងសម្បុកត្រចៀកកាំ ដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១ ៥០០-២ ០០០ដុល្លារ ក្នុងមួយគីឡូក្រាម៕

ដកស្រង់ពី៖ កម្ពុជាថ្មី