បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ កម្ពុជាត្រៀមជាស្រេចធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក និងការបំពុលបរិស្ថាន

(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចជាស្រេច ធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីធានានូវបរិស្ថានល្អ ធន់នឹងអាកាសធាតុ កាត់បន្ថយកាក់សំណល់ និងការបំពុលបរិស្ថាន ព្រមទាំងកាត់បន្ថយការរិករិលធម្មជាតិ។

ការគូសបញ្ជាក់បែបនេះ របស់លោក សាយ សំអាល់ បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព បើកវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១

ស្តីពី 3R សេដ្ឋកិច្ចចក្រា ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបាន សង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី១ នៅទឹកដីខេត្តសៀមរាប រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

វេទិកានេះមានការអញ្ជើញចូលពីសំណាក់មន្ត្រីជំនាញប្រតិភូមកពីប្រទេសចំនួន៣៩ ក្នុងតំបន់។

សម្រាប់វេទិការថ្នាក់តំបន់នេះរៀបចំដោយក្រសួងបរិស្ថានកម្ពុជា ក្រោមកិច្ចសហការពីក្រសួងបរិស្ថាននៃប្រទេសជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍក្នុងតំបន់ ហៅកាត់ថា UNCRD។ ទិកានេះត្រូវបង្កើតឡើងនៅឆ្នាំ២០០៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រីបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ននេះ តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាម៉ាស៊ីនកំណើនដ៏ខ្លាំងក្លាបំផុតមួយរបស់ពិភពលោក ដែលធ្វើឱ្យកាកសំណល់បានកើនឡើងយ៉ាងខ្លាំង រួមទាំងកាកសំណល់ប្លាស្ទិកផងដែរ ចំណុចនេះតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។

លោក សាយ សំអាល់ បានលើកឡើងថា ស្របតាមទៅនឹងផែនការមេឆ្នាំ២០២៥ របស់សហគមន៍អាស៊ាន ប្រទេសកម្ពុជា បាននឹងកំពុងសហការជាមួយរដ្ឋជាសមាជិកផ្សេងទៀត ជាមួយនឹងការបង្កើតយន្តការទាក់ទងនឹងបរិស្ថាន ជាពិសេសផែនការយុទ្ធសាស្ត្រអាស៊ាន ស្តីពីបរិស្ថាន គ្របដណ្តប់លើផ្នែកសំខាន់ៗដូចជា

«ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងផលិតកម្ម», «ទីក្រុងប្រកបដោយនិរន្តរភាពបរិស្ថាន» និង «ការប្រយុទ្ធប្រឆាំងនឹងកម្ទេចកម្ទីដែលមាននៅក្នុងសមុទ្រ»

ដែលវាស្របគ្នាទៅនឹងគោលបំណងសំខាន់នៃវេទិកាប្រចាំតំបន់របស់យើង ដែលផ្តល់ជាសហថាមពលវិជ្ជមានផងដែរ។

បន្ថែមពីនេះទៀត ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមគំនិត «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដើម្បីធ្វើឱ្យតំបន់អាស៊ានឆ្ពោះទៅរកអនាគតមួយប្រកបដោយវចីរភាព មានការបញ្ចេញកាបូនកម្រិតទាប និងបៃតង។

លោក សាយ សំអាល់ បានថ្លែងថា ការលើកកម្ពស់គោលការណ៍ 3R និងសេដ្ឋកិច្ចចក្រា គឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាបរិស្ថាន បញ្ហាប្រឈម និងធានាការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជំនួសឱ្យការដកចេញប្រើប្រាស់ និងបោះចោលធនធានផ្សេងៗ និងព្យាយាមកាត់បន្ថយនៃខ្សែសង្វាក់តម្លៃ ដោយរក្សាតម្លៃនៃវត្ថុធាតុឱ្យបានយូរអាចធ្វើទៅបាន និងប្រែក្លាយកាកសំណល់ទៅជាទ្រព្យសម្បត្តិ។

ដូច្នេះ ការអនុវត្តដោយភាពជ្រុងជ្រោយវានឹងធ្វើឱ្យការកាត់បន្ថយប្រើប្រាស់ធនធានធម្មជាតិ កាត់បន្ថយកាក់សំណល់ និងការបំពុលបរិស្ថាន ព្រមទាំងកាត់បន្ថយការរិករិលធម្មជាតិ។

លោករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា សេដ្ឋកិច្ចចក្រា (សេដ្ឋកិច្ចវិលជុំ) បាននាំមកនូវផលប្រយោជន៍សង្គម។

បើអង្គការ ILO បានប៉ាន់ប្រមាណថាសេដ្ឋកិច្ចវិលជុំ បង្កើតនូវការងារថ្មីចំនួន ៦លាន នៅទូទាំងពិភពលោក ក្នុងវិស័យប្រើប្រាស់ឡើងវិញ ការកែច្នៃ ការផលិតឡើងវិញ និងផ្នែកជួសជុលផងដែរ។

នៅទូទាំងពិភពលោកក្នុងវិស័យប្រើប្រាស់ឡើងវិញ ការកែច្នៃ ការផលិតឡើងវិញ និងផ្នែកជួសជុល។

សម្រាប់រដ្ឋមន្ត្រីបរិស្ថាន វេទិកានេះបណ្តាប្រទេសប៉ាស៊ីហ្វិកនឹងរួមគ្នាផ្លាស់ប្តូរជាមូលដ្ឋាន ឆ្ពោះទៅរកវិធីសាស្រ្តរួម និងរួមបញ្ចូលគ្នាបន្ថែមទៀត ចំពោះការគ្រប់គ្រងកាកសំណល់ ក្នុងរយៈពេលខ្លីទៅមធ្យម និងវែងជាមួយនឹងការពង្រឹងការអនុវត្តគោលការណ៍ 3R និងប្រើឱកាសនៃសេដ្ឋកិច្ចចក្រា ដើម្បីសម្រេចបាននូវសង្គមមួយដែលគ្មានសំណល់ និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចិរភាព។

លោក សាយ សំអាល់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងត្រូវធ្វើការផ្លាស់ប្តូរជាសាវ័ន្ត ដើម្បីសម្រេចបាននូវអភិក្រមប្រកបភាពច្បាស់លាស់ និងការគ្រប់គ្រងកាកសំណល់រយៈពេលខ្លី និងរយៈពេលវែង។

យើងត្រូវតែអនុវត្តគោលការណ៍ 3R រួមទាំងការពិនិត្យមើលទៅលើកាលានុវត្តភាព និងសេដ្ឋកិច្ចវិលជុំរួមទាំងការព្យាយាមសម្រេចបាននូវសង្គមពុំមានកាកសំណល់ និងគោលដៅ SDGs របស់យើង»។

វាមិនមែនជាការងារងាយស្រួលសម្រាប់យើងទេ ប៉ុន្តែ យើងត្រូវធ្វើការរួមគ្នាដើម្បីអត្ថប្រយោជន៍របស់មនុស្សជាតិទាំងមូល វាជាការស្វាគមន៍ដែលវិស័យឯកជននៅកម្ពុជា និងកន្លែងផ្សេងទៀតមានឆន្ទៈ

និងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមដៃគ្នាក្នុងដំណើរការផ្លាស់ប្តូរ តាមរយៈការបង្កើនការវិនិយោគរបស់ពួកគេលើបច្ចេកវិទ្យា និងការបង្កើតថ្មីដែលសមស្របទៅនឹងបរិស្ថាន»។

បើតាមលោក នេត្រ ភក្ក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការរៀបចំវេទិកានេះ ស្របតាមសំណើររបស់ប្រទេសជប៉ុន ដើម្បីធ្វើការកិច្ចសហប្រតិបត្តិការទូលំទូលាយលើការកម្ពស់គោលការណ៍ 3R គឺ R1 កាត់បន្ថយ R2 ប្រើប្រាស់ឡើងវិញ និង3R ការកែច្នៃឡើងវិញនូវក្នុងតំបន់អាស៊ី។

លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ ពិភពលោកបានយកចិត្តទុកដាក់ខ្លាំងទៅលើការប្រើប្រាស់ឡើងវិញ ការកែច្នៃការកាត់បន្ថយដើម្បីកាត់បន្ថយផលប៉ះពាល់ នៃប្លាស្ទិក នៅលើភពផែនដី។

នៅក្នុងនោះ គឺមានការដាក់ចុះ នៅគោលនយោបាយសេដ្ឋកិច្ចចក្រា ឬក៏សេដ្ឋកិច្ចវិលជុំ សំដៅទៅលើការទាញយកនៅការកែឆ្នៃ ទៅលើសំណល់រឹង មកអោយធ្វើជារបស់ដែលមានតម្លៃ ហើយប្រើប្រាស់នៅ ក្នុងប្រព័ន្ធវិលជុំ»៕

ដកស្រង់ពី៖ Fresh News