បណ្តាញសង្គម

ស្ថាប័នរដ្ឋចំនួនពីរ បន្តកិច្ចសហការគ្នា ក្នុងការលើកកម្ពស់វិស័យសហគ្រិនភាព នៅកម្ពុជា

ភ្នំពេញ៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) និង សហគ្រិនខ្មែរ (KE) កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះហត្ថលេខាគាំទ្រ

គម្រោងស្តីពី កម្មវិធីពានរង្វាន់ សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ និងកម្មវិធីអភិវឌ្ឍន៍ សហគ្រាស ធុនតូច និងមធ្យម ដំណាក់កាលទី២ ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ និងលោកបណ្ឌិត តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍។នៅក្នុងសន្និសីទសារព័ត៌មាន

និងពិធីចុះហត្ថលេខានេះ លោកបណ្ឌិត តាន់ កុសល បានឲ្យដឹងថាៈ ក្នុងភាពជាដៃគូនេះ ស្ថាប័នទាំងពីរ បានរួមគ្នាបង្កើតឱ្យមានកម្មវិធីពានរង្វាន់

សហគ្រិនថ្នាក់ជាតិ អស់រយៈពេល ៣ឆ្នាំកន្លងមកហើយ និងបានបន្តពង្រីកភាពជាដៃគូ បន្ថែមលើកម្មវិធីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមដល់ សហគ្រាសធុនតូច

និងមធ្យម ដំណាក់កាលទី១ ចំនួន ១០០ សហគ្រាស និងដំណាក់កាលទី២ ចំនួន ១០០ សហគ្រាស បន្ថែមទៀត ក្នុងគោលបំណងលើកកម្ពស់ វិស័យសហគ្រិនភាព

និងពង្រឹងប្រព័ន្ធអេកូសហគ្រិនភាព នៅកម្ពុជា តាមរយៈយន្តការទី១.លើកកម្ពស់លើការ យល់ដឹងជាសាធារណៈ អំពីសហគ្រិនភាព ពង្រឹងភាពជាដៃគូ រវាងវិស័យសាធារណៈ

និងឯកជន ទី២.ពង្រឹង សមត្ថភាពម្ចាស់សហគ្រាស ធុនតូច និងមធ្យម និងការកសាង បណ្តាញ ដើម្បីផ្សារភ្ជាប់ និងពង្រឹងប្រព័ន្ធអេកូ សហគ្រិនភាពថ្នាក់ខេត្ត និងជាតិ និងទី៣.ជម្រុញការចូលរួមពីសំណាក់ សហគ្រាសធុនតូច និងមធ្យម លើការអភិវឌ្ឍ សមត្ថភាពជំនាញ និងគុណភាពនៃសេវាកម្ម និងផលិតផល ដើម្បីពង្រឹងសមត្ថភាពប្រកួត ប្រជែងក្នុងតំបន់ នាពេលអនាគត។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានមានប្រសាសន៍ថាៈ កិច្ចសហការនេះ បានដើរស្រប ទៅនឹងបេសកកម្មរបស់សហគ្រិនខ្មែរ ទៅលើសកម្មភាពស្នូល ចំនួន២គឺ

ទី១.ការបំផុស និងផ្សព្វផ្សាយ វប្បធម៌សហគ្រិនភាព ទៅដល់អ្នកដែលមានបំណងចង់ក្លាយ ជាសហគ្រិន នៅតាមបណ្តារាជធានី ខេត្ត និងទី២.ការបង្កើនសមត្ថភាព ប្រកួតប្រជែងរបស់សហគ្រិន ក្នុងស្រុក ឲ្យកាន់តែពូកែ កម្រិតថ្នាក់ជាតិ និងអាចឈានទៅដល់ ការប្រកួតប្រជែង កម្រិតថ្នាក់តំបន់ និងអន្តរជាតិ។

សហគ្រិនខ្មែរ មានយុទ្ធសាស្រ្ត ពង្រីកវិសាលភាព ប្រតិបត្តិការ ទូទាំងប្រទេស តាមរយៈការសហការជាមួយដៃគូ ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីធ្វើការរួមគ្នា ទៅលើការអនុវត្ត សកម្មភាព, និងការគៀងគរថវិកា មកពីប្រភពស្រប ច្បាប់ផ្សេងៗ ដែលជាប្រយោជន៍ សម្រាប់សហគ្រិនផ្ទាល់ និង ប្រព័ន្ធអេកូឡូស៊ីសហគ្រិន ភាព នៅកម្ពុជា។

យោងតាមរបាយការណ៍ នៃកម្មវិធីពានរង្វាន់សហគ្រិនថា្នក់ជាតិ រយៈពេល ៣ឆ្នាំកន្លងមក មានសហគ្រិនប្រមាណ ៦៥២ សហគ្រាស បានដាក់ពាក្យចូលរួមយ៉ាងសកម្ម

និងគាំទ្រ លើគំនិតផ្តួចផ្តើមរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងគាំទ្រថវិកា ដោយសហគ្រិនខ្មែរ។

លើសពីនេះ តាមរយៈរបាយការណ៍ នៃកម្មវិធីបណ្តុះបណ្តាល ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី១

វិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍ ដោយមានការគាំទ្រ ពីសហគ្រិនខ្មែរ បានបណ្តុះបណ្តាលសហគ្រិន ចំនួន ១០១នាក់ និងបានផ្តល់គ្រូបង្វឹក ដល់ម្ចាស់សហ គ្រាស ចំនួន ៣០សហគ្រាស ដើម្បីបន្តគាំទ្រ និងអភិវឌ្ឍម្ចាស់សហគ្រាស រយៈពេល ៥ ខែបន្ថែមទៀត។

សូមបញ្ជាក់ថា សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណង ធ្វើការដោយផ្ទាល់ ជាមួយស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធនានា

នៅក្នុងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា។

សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជា ថ្នាលជាតិ សម្រាប់ការលើកកម្ពស់សហគ្រិនភាព តាមរយៈការគាំទ្រទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្ដានុពល នៅក្នុងវិស័យ អាទិភាព ដូចជាវិស័យព័ត៌មានវិទ្យា សេវាកម្ម កម្មន្តសាល និងផលិតកម្ម ឱ្យបានច្រើន ដើម្បីចូលរួមលើកកម្ពស់ សេដ្ឋកិច្ចជាតិ។

ដោយឡែក វិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ មានការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាង សហគមន៍សហគ្រិនភាព និងពង្រឹងប្រព័ន្ធអេកូ សហគ្រិនភាពនៅកម្ពុជា ដើម្បីពង្រឹង

សមត្ថភាពប្រកួតប្រជែង នាពេលអនាគត និងពង្រឹងតួនាទីរបស់ស្ថាប័នសាធារណៈ លើការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីនិរន្តរភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា ៕

ដកស្រង់ពី៖ រស្មីកម្ពុជា