បណ្តាញសង្គម

សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ធ្វើទស្សនកិច្ចសិក្សា នៅវិមានរដ្ឋសភា

ភ្នំពេញ៖ សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ប្រមាណ ៧០ នាក់ ដឹកនាំដោយលោកស្រី ម៉ែន នារីវុឌ្ឍី ប្រធានប្រតិភូនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានធ្វើទស្សនកិច្ចសិក្សា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីសិក្សា ស្វែងយល់ពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ស្ថាប័នកំពូលរបស់ជាតិមួយនេះ។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងសហការី បានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចនេះ និងបានធ្វើបទបង្ហាញពីតួនាទី ភារកិច្ចរបស់ រដ្ឋសភា

និងទិដ្ឋភាពទូទៅ ព្រមទាំងបទបង្ហាញពីស្ថិតិស្ត្រី ក្នុងវិស័យច្បាប់ ច្បាប់ទាក់ទងនឹង ការលើកកម្ពស់ សមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្ត្រី និងបានបង្ហាញពីកិច្ចការ សភា ព្រមទាំងយន្តការមួយចំនួនទៀត នៅក្នុងការជំរុញសមភាព យេនឌ័រ។

លោក ឡេង ប៉េងឡង បានគូសបញ្ជាក់ថាៈ រដ្ឋសភា ជាកន្លែងធ្វើការរបស់តំណាងរាស្រ្ត ក៏ដូចជា កន្លែងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។

ហើយអគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជាសេនាធិការរបស់រដ្ឋសភា ដែលមានភារកិច្ចសំខាន់ ក្នុងការផ្ដល់សេវា និងបច្ចេកទេស គ្រប់បែបយ៉ាង ដល់ដំណើរការប្រចាំថ្ងៃ របស់រដ្ឋសភា ក្នុងការបំពេញភារកិច្ច ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោកបានបន្តថាៈ រដ្ឋសភាជាស្ថាប័នកំពូល តំណាងឲ្យលទ្ធិប្រជាធិបតេយ្យរបស់ជាតិ ដោយហេតុថា រដ្ឋសភា កើតឡើងពីឆន្ទៈរបស់រាស្ដ្រ តាមរយៈការបោះឆ្នោត ៥ ឆ្នាំម្តង។

ជាមួយគ្នានេះ លោកបានបង្ហាញយ៉ាងលម្អិតពិស្តារ ទៅលើភារកិច្ចសំខាន់ៗទាំង ៣ របស់រដ្ឋសភា ដែលមានការងារនីតិកម្ម ការឃ្លាំមើលការអនុវត្តច្បាប់ របស់រាជរដ្ឋាភិបាល និងភាពជាតំណាង របស់ប្រជាពលរដ្ឋ។

លោកស្រី ម៉ែន នារីវុឌ្ឍី ប្រធានប្រតិភូ នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

នៃព្រះរាជា ណាចក្រកម្ពុជា ដែលបានអនុញ្ញាត ឱ្យសមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមកធ្វើទស្សនកិច្ចសិក្សា នៅវិមានរដ្ឋសភាដោយផ្ទាល់

និងសូមថ្លែងអំណរគុណ ផងដែរ ចំពោះលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដែលបានទទួលស្វាគមន៍ និងបានធ្វើបទបង្ហាញ យ៉ាងក្បោះក្បាយ អំពីការងាររបស់រដ្ឋសភា ជូនដល់ប្រតិភូ នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានយល់ដឹង។

ជាមួយគ្នានោះ លោកស្រី ម៉ែន នារីវុឌ្ឍី បានសម្តែងក្តីរីករាយថា ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏មានតម្លៃ សម្រាប់សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្នុងការទទួលបានចំណេះដឹងបន្ថែមទៀត អំពីតួនាទីភារកិច្ចរបស់រដ្ឋសភាកម្ពុជា គឺជាការពង្រីកចំណេះដឹងបន្ថែម អំពីនីតិវិធីនិងដំណើរការងារនៃអង្គនីតិប្បញ្ញត្តិរបស់ជាតិ។

លើសពីនោះទៀត សមាជិកពុទ្ធិកសមាគមកម្ពុជរដ្ឋ ក៏បានទស្សនាកន្លែងសំខាន់មួយចំនួន នៅក្នុងវិមានរដ្ឋសភាផងដែរ។

សូមជម្រាបថា រដ្ឋសភា បានបើកទូលាយ សម្រាប់មហាជនទូទៅ មានដូចជា ព្រះសង្ឃ មន្រ្តីរាជការ សិស្ស និសិ្សត

កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ បានចូលមកធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីការងាររបស់ ស្ថាប័នជាតិមួយនេះ ជាហូរហែ៕

ដកស្រង់ពី៖ រស្មីកម្ពុជា