បណ្តាញសង្គម

ក្រុមប្រឹក្សាជាតិគាំពារសង្គម រៀបចំកម្មវិធី «សប្តាហ៍គាំពារសង្គម» ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់ការយល់ដឹង និងការពង្រឹងប្រសិទ្ធភាព តម្លាភាពប្រព័ន្ធគាំពារសង្គមកម្ពុជា

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំកម្មវិធី«សប្តាហ៍គាំពារសង្គម»រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយពិភាក្សាលើការពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈមូលបទ «អភិបាលកិច្ចល្អ និងភាពជឿជាក់របស់សាធារណជន»។

«សប្តាហ៍គាំពារសង្គម» ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែល ក្រុមប្រឹក្សាជាតិគាំពារសង្គម បានសម្រេចបង្កើត និងប្រារព្ធចាប់តាំងពីឆ្នាំ២០២២មក

ក្នុងគោលបំណងបង្កើតជាវេទិកាពិភាក្សាអំពីទិដ្ឋភាពគោលនយោបាយគាំពារសង្គម និងលើទិដ្ឋភាពបច្ចេកទេសនៃដំណើរការគ្រប់គ្រង និងចាត់ចែងអន្តរាគមន៍គាំពារសង្គមនានា

រវាងស្ថាប័នរបស់រាជរដ្ឋាភិបាលជាមួយភាគីពាក់ព័ន្ធនានា រួមមានដៃគូអភិវឌ្ឍន៍, តំណាងនិយោជក, តំណាងនិយោជិត,អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀត។

បន្ថែមលើនេះ «សប្តាហ៍គាំពារសង្គម» ក៏ត្រូវបានប្រើជាយន្តការមួយដែលអាចលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីប្រព័ន្ធគាំពារសង្គមផងដែរ។

ពីធីបើក «សប្តាហ៍គាំពារសង្គម» ឆ្នាំ២០២៣ ធ្វើឡើងក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

កម្មវិធីនេះរៀបចំឡើងដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀត ដែលជាផ្នែកមួយនៃការពង្រឹងយន្តការអភិបាលកិច្ចល្អក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដោយអនុលោមតាមការចង្អុលបង្ហាញរបស់

«ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» និង «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣» របស់រាជរដ្ឋាភិបាល។ «សប្តាហ៍គាំពារសង្គម» ឆ្នាំ២០២៣

នឹងផ្តោតការពិភាក្សាលើការពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈមូលបទ «អភិបាលកិច្ចល្អ និងភាពជឿជាក់របស់សាធារណជន»

និងត្រូវបានរៀបចំក្នុងទម្រង់ជាវេទិកាមួយដែលរួមមានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាដែលសម្របសម្រួលដោយវាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នកជំនាញ និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀតក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

និងដោយការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានសមាសភាពក្នុងក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រមាណ ១ ០០០ នាក់ ទាំងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Zoom)។

វេទិកានេះនឹងដំណើរការរយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី១៣-១៥ ខែកុម្ភៈ ឆ្នាំ២០២៣ និងបន្ទាប់ពីរយៈពេល ៣ថ្ងៃនេះ ដៃគូអភិវឌ្ឍន៍

អង្គការសង្គមស៊ីវិល និងបណ្តាភាគីពាក់ព័ន្ធដទៃទៀត ត្រូវបានអនុញ្ញាត និងលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម នៅតាមទីតាំងជាក់ស្តែង និងតាមលទ្ធភាពរៀងៗខ្លួន រហូតដល់ពេញ១សប្តាហ៍។

ថ្លែងក្នុងពីធីបើក «សប្តាហ៍គាំពារសង្គម» ឆ្នាំ២០២៣ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការផ្ដោតកិច្ចពិភាក្សាលើ «ការពង្រឹងប្រសិទ្ធភាព និងតម្លាភាពប្រព័ន្ធគាំពារសង្គមកម្ពុជា»

បង្ហាញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង លើការកសាងប្រព័ន្ធគាំពារសង្គមមួយដែលប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ

ដើម្បីបង្កើនជំនឿទុកចិត្តរបស់សាធារណជន។ គោលការណ៍នៃការពង្រឹងប្រសិទ្ធភាព និងតម្លាភាព ពិតជាមានសារៈសំខាន់ ក្នុងការធានាថា ទាំងថវិការដ្ឋ និងថវិកាភាគទានដែលបានបង់ដោយនិយោជក និងកម្មករនិយោជិតត្រូវបានប្រើប្រាស់ចំគោលដៅ

និងមិនខ្ជះខ្ជាយ ជាពិសេសក្នុងខណៈដែលការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម បាន និងកំពុងបោះជំហានទៅមុខកាន់តែប្រសើរនោះ។

អគ្គបណ្ឌិតសភាចារ្យក៏បានគូសបញ្ជាក់បន្ថែមថា «វឌ្ឍនភាពដែលយើងសម្រេចបានទាំងនេះ កើតឡើងដោយការខិតខំរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ

ជាមួយនឹងជំនួយបច្ចេកទេសរបស់ដៃគូអភិវឌ្ឍន៍ ក៏ដូចជាការរួមចំណែករបស់គ្រប់ភាគីពាក់ព័ន្ធ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែចាត់ទុកការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក និងសម្រាប់ពេលអនាគត»។

លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ក្រុមប្រឹក្សាជាតិគាំពារសង្គម បានអនុម័ត និងដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយ និងរបបសន្តិសុខសង្គមជាបន្តបន្ទាប់ ក្នុងគោលបំណងពង្រីកការគាំពារជូនដល់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោកបន្តថា គិតត្រឹមដំណាច់ឆ្នាំ២០២២ កម្មវិធីជាតិជំនួយសង្គមខ និងរបបសសន្តិសុខសង្គម ដែលមានស្រាប់បានបន្តដំណើរការប្រកបដោយជោគជ័យ និងមិនមានការរាំងស្ទះសោះឡើង។ បច្ចុប្បន្ននេះប្រព័ន្ធគាំពារសង្គមមានសសរស្តម្ភ២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមមួយប្រកបដោយភាពសុខដុម

និងជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍប្រទេសឱ្យមានភាពធន់រឹងមាំ, និរន្តរភាព, សមធម៌, បរិយាបន្ន និងជួយឱ្យសង្គមជាតិអាចឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗ ស្របតាមរបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងន័យនេះ ការជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម មិនត្រឹមតែត្រូវការជាចាំបាច់នូវកិច្ចសហការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធប៉ុណ្ណោះទេ ថែមទាំងត្រូវការជាចាំបាច់ផងដែរ នូវការកសាងយន្តការអភិបាលកិច្ចមួយដែលមានភាពរឹងមាំ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព និងគណនេយ្យភាព ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព។

សូមជម្រាបជូនថា ក្រោយពីការបង្កើតឡើងនៅឆ្នាំ២០១៧ «ក្រុមប្រឹក្សាជាតិគាំពារសង្គម» បំពេញតួនាទីជាសេនាធិការតែមួយរបស់រាជរដ្ឋាភិបាលក្នុងការពិនិត្យ

និងសម្របសម្រួលលើការរៀបចំគោលនយោបាយ ការកែទម្រង់ស្ថាប័នពាក់ព័ន្ធក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដូចជា៖

(១) ការរៀបចំរចនាសម្ព័ន្ធថ្មីរបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.),

(២) ការបង្កើត និងដាក់ឱ្យដំណើរការ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.)

និង (៣) ការខិតខំកែទម្រង់ ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល ឱ្យក្លាយជាស្ថាប័នបញ្ជាក់ចំណាយសម្រាប់ប្រព័ន្ធថែទាំសុខភាពសង្គមទាំងមូល។

មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានបង្កើត និងដាក់ឱ្យដំណើរការ «និយ័តករសន្តិសុខសង្គម» ដែលជាសេនាធិការនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីធ្វើនិយ័តកម្ម និងត្រួតពិនិត្យលើប្រតិបត្តិការក្នុងប្រព័ន្ធសន្តិសុខសង្គមផងដែរ ដើម្បីធានាថា ដំណើរការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គមនានា

ត្រូវបានអនុវត្តប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងគណនេយ្យភាពចំពោះសាធារណជន ជាពិសេស ចំពោះនិយោជក និងកម្មករនិយោជិត ដែលមានកាតព្វកិច្ចបង់ភាគទានចូលទៅក្នុងមូលនិធិរួមគ្នាមួយ។ ថ្មីៗនេះរាជរដ្ឋាភិបាលក៏បាន

អនុម័ត និងដាក់ឱ្យអនុវត្តនូវ អនុក្រឹត្យស្តីពីនិយ័តកម្មប្រព័ន្ធសន្តិសុខសង្គម ដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ការចាប់ផ្តើមបំពេញការងាររបស់និយ័តករសន្តិសុខសង្គម ដើម្បីពង្រឹងប្រព័ន្ធគាំពារសង្គមទាំងមូលឱ្យកាន់តែប្រសើរ។

ដោយឡែកសម្រាប់កម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនគ្រួសារ ក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី

បានបញ្ជាក់ថា ទោះបីបច្ចុប្បន្នឥទ្ធិពលជំងឺកូវីដ-១៩ បានថមថយក៏ដោយ ក៏រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់នេះ ក្នុងឆ្នាំ២០២៣ទៀត ដើម្បីបន្តជួយគាំទ្រគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងដំណាក់កាលនៃការស្ដារជីវភាពឡើងវិញ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានឆ្លៀតផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រគល់បណ្ណសរសើរជូនតំណាងក្រសួង-ស្ថាប័ន ដែលបានចូលរួមក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា និងសហការក្នុងការដឹកនាំ និងអនុវត្តកម្មវិធីជាតិជំនួយសង្គម

និងរបបសន្តិសុខសង្គមដោយជោគជ័យ និងបណ្ណទទួលស្គាល់ដែលបង្ហាញពីការវាយតម្លៃខ្ពស់របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ជូនដៃគូអភិវឌ្ឍន៍សំខាន់ក្នុងប្រព័ន្ធគាំពារសង្គម

ព្រមទាំងប្រគល់បណ្ណសរសើរ ជូនសប្បុរសជនដែលជាសមាជិកស្ថាបនិក របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានចូលរួមបរិច្ចាគដ៏សំខាន់ និងជាបន្តបន្ទាប់ ដើម្បីជាការលើកទឹកចិត្តឱ្យបន្តបរិច្ចាគ និងដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា

ក្នុងការបន្តបេសកកម្មលើកកម្ពស់សុខុមាលភាពមាតា និងទារក ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី

បានគូសរំលេចថា ការបន្តផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា ប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ ក៏ជាផ្នែកមួយនៃការផ្ដល់កិច្ចគាំពារសង្គមផងដែរ៕