បណ្តាញសង្គម

រដ្ឋមន្រ្តីកសិកម្ម ជួបតំណាងអ.ស.បដើម្បីជជែកគ្នាពីការលើកកម្ពស់ជីវភាពពលរដ្ឋកម្ពុជាក្នុងវិស័យកសិកម្ម

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី រីបេកាស បែល ( Rebekah Bell) នាយិកាអង្គការស្បៀង និងកសិកម្ម (FAO) នៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួង។

ក្រសួងកសិកម្មកម្ពុជា បានឲ្យដឹងថា នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានស្តាប់ការធ្វើបទបង្ហាញអំពីគម្រោង “Community Action for Sustainable Forest – CASFor”

ដោយបានស្វាគមន៍ ចំពោះការបង្កើតសកម្មភាពគម្រោងថ្មីៗ ក្នុងការចូលរួមអភិវឌ្ឍធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។

លោករដ្ឋមន្រ្តី បានស្នើឱ្យក្រុមការងារពិនិត្យសំណើគម្រោងនេះសារជាថ្មីម្តងទៀត ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ដើម្បីប្រយោជន៍ដល់គ្រប់ភាគី ទាំងភាគីដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលរដ្ឋាភិបាល និងជាពិសេសគឺប្រជាពលរដ្ឋ។

ក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា គោលបំណងនៃជំនួបខាងលើនេះ គឺពិភាក្សាការងារស្តីពីការបង្កើតគម្រោងថ្មីមួយ “Community Action for Sustainable Forest – CASFor”

ដោយមានការចូលរួមដឹកនាំ និងដៃគូសហការដូចជា FAO, UNDP, Swiss Agency for Development and Cooperation – SDC, RECOFTC, WCS និងការចូលរួមគាំទ្រពីក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ៕

ដកស្រង់ពី៖ រស្មីកម្ពុជា