បណ្តាញសង្គម

រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១១

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១។

ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ នឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា។ ទិវាជាតិទីក្រុងស្អាតនៅឆ្នាំ២០២៣នេះ ប្រារព្ធក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ»។ ជាមួយនឹងការប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១១នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចេញសារលិខិតអបអរសាទរនូវទិវាដ៏មានសារៈសំខាន់នេះផងដែរ។

ក្នុងសារលិខិតអបអរសាទរនោះ សម្តេចតេជោ បានគូសរំលេចថា ការប្រារព្ធទិវាជាតិនេះ ពិតជាបានរួមចំណែកបំផុស និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ

ជាពិសេសយុវជន កុលបុត្រ កុលធីតាខ្មែរ ឱ្យបន្តជំរុញ និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍បៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។

ក្នុងសារលិខិតនោះ សម្តេចតេជោ ក៏បានគូសរំលេចដែរថា ការប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១១ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ»

គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងដែលមានភាពទាក់ទាញ គួរឱ្យចង់ទស្សនាកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាទីក្រុងដែលស្អាត មានបរិស្ថានល្អ ធានាបាននូវសន្តិសុខ សុវត្ថិភាព ផ្តល់នូវបដិសណ្ឋារកិច្ចល្អ

ភាពរួសរាយរាក់ទាក់ ជាមួយនឹងភាពជាម្ចាស់ផ្ទះ ដែលផ្តល់នូវសន្តិសុខ សុវត្ថិភាព ផ្តល់នូវបដិសណ្ឋារកិច្ចល្អ ភាពរួសរាយរាក់ទាក់ ជាមួយនឹងភាពជាម្ចាស់ផ្ទះ ដែលផ្តល់នូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ។ ឆ្លើយតបនឹងប្រធានបទ «ទីក្រុងស្អាតបដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ»

សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិនិងប្រជាពលរដ្ឋត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាពចំនួន៥រួមមាន៖

ទី១៖ ត្រូវបន្តធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និង វិបុលភាពដែលជាមូលដ្ឋានគ្រឹះដ៏ចម្បងនិងសំខាន់បំផុតសម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាតដែលមាន លក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាពនិងការទទួលខុសត្រូវសង្គម

ស្របតាមការអនុវត្តគម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ានដើម្បីលើកកម្ពស់ គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់និងផ្តល់ភាពកក់ក្ដៅដល់ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ទី២៖ បន្តពង្រឹង និងលើកកម្ពស់ភាពជាដៃគូរដ្ឋ ឯកជន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអភិវឌ្ឍន៍នៅតាមគោលដៅទេសចរណ៍ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួល ខុសត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ។

ទី៣៖ ត្រូវជំរុញការអនុវត្តវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣- (Visit Cambodia Year 2023)» ដើម្បីពង្រឹងកិត្តិនាម លើកកម្ពស់មុខមាត់កម្ពុជាទៅកាន់ទីផ្សារ ទេសចរណ៍ពិភពលោកនិងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ឈានឆ្ពោះទៅការស្ដារកំណើនទេសចរណ៍ពីវិបត្តិជំងឺកូវីដ-១៩ ពិសេសជំរុញការចូលរួមយុទ្ធនាការ

«យើងជាម្ចាស់ផ្ទះ» ដើម្បីអបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដោយត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារ អត្តសញ្ញាណជាតិ ភាពជាខ្មែរ ទំនៀមទម្លាប់នៃការស្លៀកពាក់ ការស្វាគមន៍រួសរាយរាក់ទាក់ ការរៀបចំតុបតែងភូមិឋានជាដើម នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យបានផុលផុសនៅក្នុងឆ្នាំ២០២៣នេះ។

ទី៤៖ ត្រូវពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍន៍ទីក្រុងតាមរយៈការជំរុញកិច្ចសហការជាតិ និងអន្តរជាតិ ការចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍និងការ កៀរគរប្រភពធនធាន។ ទី៥៖ បំផុសឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់រូប តាមរយៈការពង្រឹងភាពជាម្ចាស់នៅក្នុងការអភិវឌ្ឍន៍ និងថែរក្សាទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធវិស័យឯកជន អង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍពាក់ព័ន្

ធ ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន/រោងចក្រ និង ជនរួមជាតិទាំងអស់មេត្តាបន្តផ្តល់នូវការគាំទ្រ

និងចូលរួមអនុវត្តឱ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព ភាពស្អាត និងបៃតងនិងភាពទាក់ទាញខ្ពស់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស័ក្តិសមនឹងកិត្តិនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ»។

សម្តេចតេជោសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តសហការចូលរួម គាំទ្រឧបត្ថម្ភ និងអនុវត្តរាល់យុទ្ធនាការនានា ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រ ដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត និងសូមជូនពរឱ្យទិវាជាតិទីក្រុងស្អាត និងចលនាប្រឡង ប្រណាំងទីក្រុងស្អាតប្រព្រឹត្តទៅប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតនារសៀលថ្ងៃនេះ ក៏នឹងមានការប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ សម្រាប់សុពលភាពឆ្នាំ២០២២-២០២៥ផងដែរ។

ក្នុងនោះជ័យលាភីផ្ការំដួល ៣ទង មានចំនួន ៧ (៦ក្រុង និង ១ខណ្ឌ), ជ័យលាភីផ្ការំដួល ២ទង មានចំនួន ១៧ (១៤ ក្រុង និង ៣ ខណ្ឌ), ជ័យលាភីផ្ការំដួល ១ទង មានចំនួន ១៤ (៦ក្រុង និង ៨ខណ្ឌ), មិនទទួលបានចំណាត់ថ្នាក់ផ្ការំដួល មានចំនួន ៣បេក្ខភាព (១ក្រុង និង ២ខណ្ឌ)៕

ដកស្រង់ពី៖  Fresh News