បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ផ្តាំអ្នកតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងប៉ារីស ល្មមៗបានហើយ, តើនយោបាយឈ្នះ-ឈ្នះ និងការកាត់ទោសខ្មែរក្រហម មានចែងក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសទេ?

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានថ្លែងផ្តែផ្តាំទៅអ្នកតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងប៉ារីស ឲ្យនិយាយល្មមៗបានហើយ។

ថ្លែងពេលអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានដាក់កសំណួរថា តើនយោបាយឈ្នះ-ឈ្នះ និងការកាត់ទោសខ្មែរក្រហម មានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរឬទេ?

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ «សូមបញ្ជាក់ អស់លោកដែលនិយមចូលចិត្តណាស់ ធ្វើជាគ្រូកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ។

នយោបាយឈ្នះ-ឈ្នះ អត់មានចែងក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសទេ អាកាត់ទោសខ្មែរក្រហម ក៏អត់មានចែងក្នុងកិច្ចព្រមព្រៀងប៉ារីសដែរ តើអស់លោកថាខុសទេ?

យើងរកសន្តិភាពបាន រំលាយអង្គការចាត់តាំងនយោបាយ និងយោធា របស់ខ្មែរក្រហមបាន គេសរសើរទូទាំងពិភពលោក ប្រជាជនកម្ពុជា អបអរសាទរ តើវាខុសទេ?

អស់ដែលលោកតាំងខ្លួនជាគ្រូបង្រៀនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ល្មមៗបានហើយ»។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានអ្នកប្រើប្រាស់បណ្តាញសង្គម ធ្វើជាគ្រូបង្រៀន ក៏ដូចជាបកស្រាយនូវអ្វីៗ ដែលមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទាំងដែលខ្លួនមិនមែនជាហត្ថលេខីមួយរូប ក្នុងកិច្ចព្រមព្រៀងនោះសោះ។

សូមជម្រាបថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួប ២៩ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២០) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។

២៩ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុន ស៉ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ,

រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៉ីវិលនៅកម្ពុជា។

មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង

ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។

ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។

ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៉ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។

ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៉ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ»៕