បណ្តាញសង្គម

កម្ពុជាធ្វើសហប្រធាននៃកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពី ការចល័តធនធាន និងការពង្រឹងភាពជាដៃគូសកល

ភ្នំពេញ៖ ស្ថិតនៅទីក្រុងដូហា ប្រទេសកាតា ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ពីថ្ងៃទី៤–៩ ខែមីនា ឆ្នាំ២០២៣។

ក្រសួងពាណិជ្ជកម្ម បានអះអាង នៅព្រឹកថ្ងៃទី១០ ខែមីនានេះ ថា កិច្ចប្រជុំនេះដឹកនាំដោយសហប្រធានពីររូបគឺ លោករដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី ហ្វីតសាំ អាស៊ីហ្វា ( Fitsum Assefa)

រដ្ឋមន្ដ្រីក្រសួងផែនការនិងអភិវឌ្ឍន៍នៃប្រទេសអេត្យូពីរ ព្រមទាំងមានការចូលរួមជាវាគ្មិន ពីបណ្ដារដ្ឋសមាជិក និងស្ថាប័នអន្ដរជាតិនានា។ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ

បានថ្លែងស្វាគមន៍វាគ្មិន និងរដ្ឋសមាជិកដែលបានចូលរួមកិច្ចប្រជុំតុមូលជាន់ខ្ពស់នេះព្រមទាំងបានកត់សម្គាល់អំពីការពឹងផ្អែកយ៉ាងខ្លាំងលើធនធានសាធារណៈ ដើម្បីធ្វើហិរញ្ញប្បទានក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឆ្លើយតបនឹងវិបត្តិ ដែលប្រទេសអភិវឌ្ឍន៍តិចតួច និងពិភពលោកកំពុងជួបប្រទះ។

ជាកិច្ចបន្ទាប់លោករដ្ឋមន្រ្តី និងលោកស្រីសហប្រធាន បានប្រគល់វេទិកាជូនវាគ្មិន ដើម្បីលើកជាមតិយោបល់ និងពិភាក្សាពាក់ព័ន្ធនឹងការចល័តធនធាន និងការពង្រឹងភាពជាដៃគូសកលដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសអភិវឌ្ឍន៍តិចតួច។

វាគ្មិនបានពិភាក្សាយ៉ាងផុសផុល ដោយផ្ដោតលើបញ្ហាប្រឈមមួយចំនួនរបស់ប្រទេស LDCs រួមមាន ធនធានក្នុងប្រទេសមានកំណត់, បន្ទុកបំណុលកាន់តែខ្លាំង និងលទ្ធភាពក្នុងការទាញយកប្រយោជន៍ពីទីផ្សារហិរញ្ញវត្ថុ។

ដំណោះស្រាយឆ្លើយតបនឹងបញ្ហានេះ គឺត្រូវពង្រឹងសមត្ថភាពប្រទេស LDCs ក្នុងវិស័យរដ្ឋបាលពន្ធដារ, ការប្រើប្រាស់ធនធានក្នុងស្រុកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល, ការទប់ទល់នឹងលំហូរហិរញ្ញវត្ថុខុសច្បាប់, ការចល័តការសន្សំនិងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានភាពជោគជ័យ និងទទួលបាននូវធាតុចូលសំខាន់ៗសម្រាប់ប្រទេស LDCs និងដៃគូអភិវឌ្ឍន៍ក្នុងការជួយគាំទ្រលើការចល័ត និងប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព សម្រាប់បម្រើដល់ការអភិវឌ្ឍប្រកបដោយនិរន្ដរភាព។

នៅកិច្ចបញ្ចប់ លោកស្រីសហប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការបស់វាគ្មិន និងរដ្ឋសមាជិកផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា