បណ្តាញសង្គម

រដ្ឋមន្ត្រីទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅឡាវដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិងកំពុងដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងផ្នែកឯកជនវិស័យទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១២ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្រសួងទេសចរណ៍បានឲ្យដឹងនៅថ្ងៃទី១៣ខែមីនាថា ដំណើរទស្សនកិច្ចនេះធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣

និងយោងស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។

អំឡុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី ថោង ខុន នឹងត្រូវអនុញាតឱ្យចូលជួបសម្តែងការគួរសមជាមួយឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី សួនសុវណ្ណ វិញ៉ាកេតន៍ រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ព្រមជាមួយនោះ ក៏នឹងមានកិច្ចប្រជុំរវាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៃប្រទេសពីរផងដែរ។

តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជារំពឹងថានឹងមានកំណើននៃរំហូរទេសចរទៅវិញទៅមក ក៏ដូចជារំហូរទេសចរចិននិងទេសចរប្រទេសទីបី ផ្សេងទៀតទៅវិញទៅមករវាងប្រទេសទាំងពីរឡាវ–កម្ពុជាផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា