បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធខ្សែ ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី»

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នេះ បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធខ្សែភាពយន្តរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និសីទ និងពាណិជ្ជកម្មអន្តរជាតិជ្រោយចង្វារ ។

ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ជាភាពយន្តបែបប្រវត្តិ សាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិ មាតុភូមិ។

ភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនដំណើរជីវិតពិតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេស វៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេស ចេញពីរបប ប៉ុល ពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ ១៩៧៩ ។

ខ្សែភាពយន្តប្រវត្តិសាស្ត្រនេះ មានប្រមាណ ៥២ ភាគ ហើយចំណាយពេលវេលាថតរយៈពេលជាង ១ឆ្នាំ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែង សំខាន់ៗ ចំនួន ១០៣ នាក់ តួប្រជាជនយ៉ាងតិច ៥០០ នាក់ ព្រមទាំងកងកម្លាំង ៥០០ នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែង ក្នុងឈុតឆាកធំៗ៕

ដកស្រង់ពី៖ រស្មីកម្ពុជា