បណ្តាញសង្គម

កម្ពុជាបើកសន្និសីទអ្នកប្រើប្រាស់ថ្នាក់ជាតិ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ ដើម្បីជំរុញការអនុវត្ត ដោយសុចរិតលើទីផ្សារ»

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអ្នកប្រើប្រាស់ថ្នាក់ជាតិ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ ដើម្បីជំរុញការអនុវត្ត ដោយសុចរិតលើទីផ្សារ»។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម

ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្នុងគោលបំណងបង្ហាញអំពីតួនាទីកាន់តែសកម្មឡើង នូវកិច្ចការពារអ្នកប្រើប្រាស់ក្នុងយុគសម័យនៃការអភិវឌ្ឍយ៉ាងលឿនផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីការធ្វើពាណិជ្ជកម្មមិនសុចរិតតាមគ្រប់ទម្រង់។

ថ្លែងក្នុងពិធីបើកអង្គសន្និសីទថ្នាក់ជាតិ ឆ្នាំ២០២៣នេះ លោករដ្ឋមន្ត្រី បានលើកឡើងថា សន្និសីទថ្នាក់ជាតិលើកនេះ ធ្វើឡើងដោយភ្ជាប់ជាមួយទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក ថ្ងៃទី១៥ ខែមីនា ដែលទើបកន្លងផុតទៅថ្មីៗនេះ ក្នុងគោលបំណងបញ្ជាក់ថា សិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់

ត្រូវបានយកចិត្តទុកដាក់ និងទទួលបានការការពារដោយរដ្ឋាភិបាលនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ពីការអនុវត្តអាជីវកម្មគ្មានសីលធម៌ ឬមិនមានភាពសុចរិត ទាំងក្រៅបណ្ដាញអ៊ីនធើណិត និងលើបណ្ដាញអ៊ីនធើណិត។

លោករដ្ឋមន្ត្រីបន្តថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារអ្នកប្រើប្រាស់ អង្គការសហប្រជាជាតិ សម្រាប់កិច្ចការពារអ្នកប្រើប្រាស់ (UNGCP) បានចេញគោលការណ៍ណែនាំ ដល់ប្រទេសជាសមាជិក គួរបង្កើតក្របខណ្ឌច្បាប់ បទប្បញ្ញត្តិការពារអ្នកប្រើប្រាស់ ស្ថាប័នអនុវត្តច្បាប់ និងយន្តការដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ

ដែលមានប្រសិទ្ធភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ លើការចែករំលែកព័ត៌មាន និងបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់។

ដូចគ្នានេះដែរ នៅក្នុងតំបន់អាស៊ាន កិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានចាត់ទុកជាបញ្ហាអាទិភាព និងបានកំណត់ក្នុងផែនការសកម្មភាពយុទ្ធសាស្ត្រ សម្រាប់កិច្ចការពារអ្នកប្រើប្រាស់ឆ្នាំ ២០១៦-២០២៥ (ASAPCP) ព្រមទាំងបានលើកទឹកចិត្ត ដល់ប្រទេសជាសមាជិក ក្នុងការបង្កើតក្របខណ្ឌបទប្បញ្ញត្តិ ដើម្បីឱ្យប្រព័ន្ធការពារអ្នកប្រើប្រាស់កាន់តែល្អប្រសើរ។

លោករដ្ឋមន្ត្រីបន្ថែមថា ទោះបីជាប្រទេសកម្ពុជា មានរបបការពារអ្នកប្រើប្រាស់ក្មេងជាងគេ នៅក្នុងតំបន់អាស៊ានក៏ដោយ តែក៏កំពុងតែមានការរីកចម្រើន គួរឱ្យកត់សម្គាល់ផងដែរ ដោយចាប់តាំងពីការអនុម័តដាក់ឱ្យប្រើប្រាស់ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់កាលពីឆ្នាំ ២០១៩មក

ឯកសារគតិយុត្តជាច្រើនទៀត ត្រូវបានរៀបរៀង និងអនុម័តឡើងជាបន្តបន្ទាប់ ក្នុងនោះក៏មានគោលការណ៍ណែនាំ ស្តីពីការបង្កើតសមាគមអ្នកប្រើប្រាស់តាមវិស័យ និងការដាក់ចេញនូវកម្មវិធីជាតិ

ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីធ្វើសុខដុមនីយកម្មក្របខណ្ឌកិច្ចការពារ អ្នកប្រើប្រាស់ឱ្យមានសង្គតិភាព សម្រាប់ជំរុញទីផ្សារឱ្យមានសុចរិតភាព តម្លាភាព និងទំនួលខុសត្រូវខ្ពស់ សំដៅពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងបង្កើនទំនុកចិត្តក្នុងធុរកិច្ច ដែលធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាពសេដ្ឋកិច្ច។

លោករដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈវេទិកានៃអង្គសន្និសីទនេះ អ្នកចូលរួមទាំងអស់នឹងបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួន ក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ ដើម្បីផ្តល់ជាធាតុចូល ក្នុងការពង្រឹង

និងលើកកម្ពស់បន្ថែមទៀត នូវការយល់ដឹងអំពីសិទ្ធិរបស់អ្នកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជា ដោយរំពឹងថា លទ្ធផលដែលកើតចេញពីកិច្ចពិភាក្សានេះ អ្នកចូលរួមអាចទទួលបាននូវទស្សនៈផ្សេងៗស្របទៅតាមច្បាប់ និងឈានឆ្ពោះទៅការកសាងភាពជាដៃគូ

រវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីធានាដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព តាមកម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលអង្គប្រជុំគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់អនុម័តឱ្យក្លាយជា ឯកសារគតិយុត្តនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក ក.ប.ប. បានលើកឡើងដែរថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហាររបស់កម្ពុជា មានលក្ខណៈល្អគ្រប់គ្រាន់ ក្នុងការដោះស្រាយតម្រូវការបន្ទាន់ ដែលធ្វើឱ្យកើតមាននូវវិធីថ្មីនៃរបៀបដែលអាជីវកម្ម និងអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការ។ ហេតុនេះ អ្នកប្រើប្រាស់ទាំងអស់ ត្រូវតែស្វែងយល់ឱ្យបានច្បាស់ ដើម្បីការពារខ្លួនពីហានិភ័យ ដូចជាការបោកប្រាស់ទាក់ទងនឹងការទិញទំនិញ ឬការផ្ដល់ប្រាក់កម្ចីតាមអ៊ីនធើណិត ជាដើម។

លោកបន្តថា ក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានសម្រេចឱ្យមានការរៀបចំតាក់តែង ច្បាប់ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិក្រោមច្បាប់ទាំងនេះឡើង ស្របទៅនឹងឧត្តមានុភាពល្អអន្តរជាតិ,

ក្រសួងពាណិជ្ជកម្មដែលមានអគ្គនាយកដ្ឋាន ក.ប.ប ជាសេនាធិការ ត្រូវបានប្រគល់អាណត្តិដោយច្បាប់ ជាស្ថាប័នមួយនាំមុខ ទទួលបន្ទុកជំរុញឱ្យមានការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងផ្សព្វផ្សាយច្បាប់ទាំងនេះ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត

ជូនដល់គ្រប់ស្រទាប់មហាជនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងកាន់តែស៊ីជម្រៅ ជូនដល់អ្នកប្រើប្រាស់ និងអ្នកធ្វើធុរកិច្ច សំដៅធ្វើយ៉ាងណាឱ្យសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ត្រូវ បានការពារជាមួយនឹងការធ្វើពាណិជ្ជកម្ម

ប្រកបដោយការប្រកួតប្រជែងដោយសុចរិត អ្នកប្រើប្រាស់ និងពាណិជ្ជករធ្វើសកម្មភាពពាណិជ្ជកម្មជាមួយគ្នា ដោយមានទំនុកចិត្ត និងធ្វើឱ្យសង្គមមានសុខដុមនីយកម្ម ព្រមទាំងមានការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព៕

ដកស្រង់ពី៖ Fresh News