បណ្តាញសង្គម

អគ្គរដ្ឋទូតអូស្រ្តាលីថ្មី ប្ដេជ្ញាលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យកសិកម្ម ធុរកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងវិស័យដោះមីន

(ភ្នំពេញ)៖ លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដែលទើបចូលកាន់តំណែងថ្មី បានប្ដេជ្ញាថានឹងខិតខំរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម ធុរកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងវិស័យដោះមីនជាមួយកម្ពុជា។

ការប្តេជ្ញានេះ បានធ្វើឡើងក្នុងឱកាសដែលលោក ចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក ចាស្ទីន ខេវិន វ៉ាយអេត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចមានជំនឿជឿជាក់ថា ក្នុងអាណតិ្តបេសកកម្មការទូតរបស់ លោក ចាស្ទីន ខេវិន វ៉ាយអេត លោកនឹងបន្តថែរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងបន្តខិតខំជំរុញបន្ថែមទៀត នៃទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងនេះថែមទៀត ដែលនាំមកនូវគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជនកម្ពុជា និងប្រជាជនអូស្រ្តាលីទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

លោក ចាស្ទីន ខេវិនវ៉ាយអេត បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ហើយលោកធ្លាប់បានបម្រើការងារនៅស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជាអស់រយៈពេល២០ឆ្នាំកន្លងមកហើយ។

ឆ្នាំនេះគឺជាលើកទី២របស់ លោកដែលមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាប្រទេសមួយមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ និងមានវប្បធម៌ដ៏សម្បូរបែប មានប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។

លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលជាង១៥ឆ្នាំកន្លងទៅនេះ លើវិស័យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសកាអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

ជាមួយគ្នានោះ លោក ចាស្ទីន ខេវិនវ៉ាយអេត បានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលទទួលបាន ជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១

និងកិច្ចប្រជុំពាក់ព័ន្ធព្រមទាំងការរៀបចំមហាសន្និបាត អន្តរសភាអាស៊ានលើកទី៤៣ ហើយក្នុងអំឡុងនៃរីករាយដាលនៃជំងឺកូវីដ-១៩ ប្រទេសកម្ពុជាបានគ្រប់គ្រង ជំងឺកូវីដ-១៩បានយ៉ាងល្អ ដោយមានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចាប់ពីអាយុ៣ឆ្នាំឡើងទៅ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រទេសទាំងពីរមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ក្នុងនោះក៏មានដំណើរទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំនានា ពីសមាជិកសភាអូស្រ្តាលី មកកាន់ប្រទេសកម្ពុជាផងដែរ។ លោកឯកអគ្គរដ្ឋទូត បានប្រសិទ្ធពរជូនប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ កីឡាស៊ីហ្គេម ប៉ារ៉ាហ្គេមលើកទី៣២ និងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឲ្យទទួលបានជោគជ័យ។

លើសពីនេះទៀត លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់លោក លោកនឹងខិតខំរួមចំណែកក្នុងការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រពៃរវាងសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាមួយគ្នានោះ លោកនឹងខិតខំរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម ធុរៈកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងវិស័យដោះមីន។

គួររម្លឹកថា អូស្រ្តាលី និងកម្ពុជា បានចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២។

នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតម្លៃ ៤៣២.៤លានដុល្លារ កើនឡើង ២១.៦ភាគរយ ធៀបនឹងឆ្នាំ២០១៩។

អូស្រ្តាលីនាំចូលមកកម្ពុជា ក្នុងឆ្នាំ២០២០ មានទំហំសរុប ១២១.៤លានដុល្លារ ៤៣.៥ភាគរយ ធៀបនឹងឆ្នាំ២០១៩៕

ដកស្រង់ពី៖ Fresh News