បណ្តាញសង្គម

ស៊ីហ្គេមសម្រេចយកបទ ” ស្រឡាញ់អ្វីដែលខ្មែរមាន ” សម្ដែងឈុតធំជាផ្លូវការ អ្នកសម្ដែងអាចឈានដល់ជាង ១.០០០ នាក់ ជូនថ្នាក់ដឹកនាំអាស៊ានទស្សនា ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញៈ បទ ” ស្រឡាញ់អ្វីដែលខ្មែរមាន ” ឬ CAMBODIAN PRIDE ត្រៀមឈុតធំ អ្នករាំជាង ១.០០០នាក់ ក្នុងកម្មវិធីបិទរបស់ផលិតកម្ម Galaxy Navatra ដែលជា បទចម្រៀងមួយ មានអ្នកទស្សនាច្រើនជាងគេ មិនធ្លាប់មាននៅកម្ពុជា ត្រូវបានគណៈកម្មការរៀបចំ ការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបទ ការប្រកួត ដែលកម្មវិធី គ្រោងធ្វើនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយផលិតកម្ម Galaxy Navatra បានកំពុងតែធ្វើការជាមួយគ្នា យ៉ាងញាប់ដៃញាប់ជើងដើម្បីធ្វើកិច្ចការងារនេះ ឲ្យល្អប្រសើរបំផុត ។

ក្រុមអ្នករាំខ្ទង់ ១.០០០ នាក់ ដែលសុទ្ធតែជាស្ត្រី ស្លៀកសំលៀកបំពាក់ខ្វាស៊េ ដែលបានថតក្នុង MV មិនត្រូវយកមកប្រើឡើយ ពោលគឺ ដើម្បីឲ្យត្រូវទម្រង់វប្បធម៌ជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជ្រើសរើសក្រុមអ្នកជំនាញរាំ

មកពីសិស្សសាលាវិចិត្រសិល្បៈ រៀមច្បងបង្ហាត់រាំ ឲ្យកាន់តែស្ទាត់ ជំនាញ ជាមួយការគ្រងសំលៀកបំពាក់ប្រពៃណី យ៉ាងស្រស់ស្អាត។ទាក់ទងនឹងការចំណាយលើការងារ ហាត់សម និងសំលៀកបំពាក់ នៃបទចម្រៀង មួយបទនេះ ត្រូវបានគេដឹងថា គ្រោងចំណាយថវិកាយ៉ាងច្រើន ។

ដើម្បីបុព្វហេតុជាតិ មាតុភូមិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផលិតកម្មGalaxy Navatra បានរៀបចំផលិតឡើងយ៉ាងយកចិត្តទុកដាក់ បំផុត ក្រោមការចុះដឹកនាំផ្ទាល់ ពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

បទ ” ស្រឡាញ់អ្វីដែលខ្មែរមាន ” ឬ ”CAMBODIAN PRIDE” បានធ្វើការផ្សព្វផ្សាយតំបន់ទេសចរណ៍ ការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់កម្ពុជា ក៏ដូចជាការថែរក្សាសិល្បៈវប្បធម៌ បេតិកភណ្ឌជាតិ ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

កំពូលតារា ៤ដួង ត្រូវបានជ្រើសរើសឲ្យច្រៀងបទចម្រៀងនេះ រួមមាន កំពូលតារា ចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា។

បទចម្រៀងមួយបទនេះនិពន្ធដោយអ្នកនិពន្ធល្បីៗ មានដូចជា លោក សុខ ជំនោរ –លោក ខាំ ភូរិ –លោក ហ៊ឹម នភា – ឧកញ៉ា យឹម តាស្រង់ និងលោកខេមរៈ ភារុណ។ជាមួយនឹងស្នាដៃធំអស្ចារ្យមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ ជាខ្លាំង ចំពោះការផលិតបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្មហ្គាឡាក់ ស៊ី របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ផងដែរ។

មហាជន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ស្ថាប័នក្រសួងនានា ពិសេសេ លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចេញលិខិតថ្លែងអំណរគុណ និង កោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ព្រមទាំងអ្នកនិពន្ធ សិល្បករ សិល្បការិនី និងក្រុមការងារទាំងអស់ ដែលបានចូលរួមផលិតបទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” ឬ (Cambodian Pride) ។

លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា បានចាត់ទុកថា ការផលិតបទចម្រៀង បទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ឬ(Cambodian Pride) ដែលបង្កប់នូវ សិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍសង្គមកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ របស់វិស័យឯកជន ក្នុងការផ្សព្វផ្សាយ ពីកត្តាសុខសន្តិភាព ស្ថេរភាពសង្គម

និងបានលើកកម្ពស់កិត្យានុភាពជាតិ លើឆាកអន្តរជាតិជាពិសេសបានរួមចំណែក ធ្វើឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាន់តែកក្រើក និងអធិកអធម ដើម្បីបន្សល់ទុក អនុស្សាវរីយ៍ ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដល់កូនខ្មែរគ្រប់ជំនាន់។ ជាមោទនភាពជាតិ ត្រឹមរយៈពេលជាង ២ សប្ដាហ៍ប៉ុណ្ណោះ

បទ ” ស្រឡាញ់អ្វីដែល ខ្មែរមាន ” ឬ CAMBODIAN PRIDE របស់ផលិតកម្ម Galaxy Navatra មានអ្នកចូលទស្សនា រហូតដល់ ៦៣ លានដងឯណោះ នៅលើ Youtube ផ្លូវការ Galaxy Navatra មានឈ្មោះថា Cam-Pop Galaxy Navatra ដែលចំនួននេះ អាចនិយាយបានថា សម្រាប់បទចម្រៀង នៅប្រទេសកម្ពុជា មិនធ្លាប់មានឡើយនា ពេលកន្លងមក៕

ដកស្រង់ពី៖ រស្មីកម្ពុជា