បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលយក លោកអៀ ចាន់ណា ជាសមាជិកបក្សប្រជាជន ហើយបញ្ជាក់ថា CPP បើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសទទួលយក លោក អៀ ចាន់ណា អតីតតំណាងយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រទេសន័រវេ (Norway) ឱ្យធ្វើជាសមាជិកបក្សប្រជាជនកម្ពុជា ហើយបញ្ជាក់ថា CPP បើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយ។

ការប្រកាសស្វាគមន៍ និងទទួលយក លោក អៀ ចានណា បានធ្វើឡើងបន្ទាប់ពី អតីតសមាជិកក្រុមប្រឆាំងដ៏សកម្មនេះ បានចេញវីដេអូសុំទោសសម្តេចតេជោ និងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា តែងតែបើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយ ពីអតីតកាលក្នុងគោលបំណងប្រមូលផ្តុំធនធានមនុស្ស ធនធានប្រាជ្ញា និងទ្រព្យសម្បត្តិដើម្បីការពារសន្តិភាព និងបន្តការកសាងប្រទេសក្រោមម្លប់សន្តិភាពតទៅទៀត។

ក្នុងន័យនេះគណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍ទទួលយក លោកអៀ ចាន់ណា ជាសមាជិកគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅទៀត»។

លោក អៀ ចាន់ណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអន្តរាគមន៍ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីធានាឱ្យលោក បាននៅក្រៅឃុំជាបណ្តោះអាសន្ន។

លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្បែរផ្សារអ៉ីអន រាជធានីភ្នំពេញ តាមដីការបស់តុលាការ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់ ដែលប្រព្រឹត្តឡើងកាលពីឆ្នាំ២០២០៕

ដកស្រង់ពី៖ Fresh News