លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសន្យាជួយពង្រឹងសមត្ថភាពសហគ្រាសកម្ពុជា ដើម្បីបំពេញតាមតម្រូវការរបស់ដៃគូវិនិយោគបរទេស។
ការសន្យានេះ ធ្វើឡើងក្នុងជំនួបជាមួយប្រតិភូអ្នកវិនិយោគសឹង្ហបុរី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ នាវិមានសន្តិភាព។
ក្នុងជំនួបសន្ទនានេះ លោក ជូណាថាន ប៉ (Mr. Jonathan Por) តំណាងប្រតិភូនៃក្រុមហ៊ុន ខែបភីថលអ៊ិនវេសមិនបានលើកឡើងអំពីគម្រោងវិនិយោគដែលនឹងជួយដល់សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ដើម្បីទទួលបានមូលនិធិ វិនិយោគពីក្រៅប្រទេស ក៏ដូចជាដើម្បីអាចចុះបញ្ជីនៅទីផ្សារមូលបត្រទាំងក្នុង និងក្រៅប្រទេស។
លោក ជូណាថាន ប៉ បានបន្តថា តាមរយៈការវិនិយោគនេះ ក៏មានភ្ជាប់ជាមួយនូវគម្រោងសប្បុរសធម៌ ដើម្បីលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែរ។
ឆ្លើយតបតទៅនឹងគម្រោងរបស់អ្នកវិនិយោគសឹង្ហបុរីនេះ លោក ព្រាប កុល ក្នុងនាមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ
និងកំណែទម្រង់អភិបាលកិច្ច បានសន្យាជួយគាំទ្រឱ្យមានយន្តការវាយតម្លៃ និងពង្រឹងសមត្ថភាពសហគ្រាសកម្ពុជាដើម្បីបំពេញតាមលក្ខខណ្ឌ និងតម្រូវការរបស់ដៃគូវិនិយោគបរទេស។
ជាមួយគ្នានេះ តាងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក ព្រាប កុល បានសម្ដែងការស្វាគមន៍ចំពោះប្រតិភូនៃក្រុមហ៊ុន ខែបភីថលអ៊ិនវេសមិន និងបានបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងការការពារដល់ការវិនិយោគផ្ទាល់របស់បរទេសនៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ប្រតិភូក្រុមហ៊ុនថា រាល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ត្រូវរៀបចំទៅតាមនីតិវិធីឱ្យបានត្រឹមត្រូវ ពោលគឺត្រូវឆ្លងកាត់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឱ្យកិច្ចការរវិនិយោគទាំងនោះទទួលបានការការពារស្របច្បាប់។
ក្រោយការចែករំលែកព័ត៌មាន និងពន្យល់យ៉ាងលម្អិតពីសំណាក់លោក ព្រាប កុល រួចមក ប្រតិភូវិនិយោគិនសឹង្ហបុរី បានចាត់ទុកកិច្ចពិភាក្សានេះ ជាកាយវិការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងល្អជាមួយវិនិយោគិនបរទេស។
ប្រតិភូវិនិយោគិនសឹង្ហបុរី បានប្តេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរីករាយធ្វើការជាមួយ លោក ព្រាប កុល ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅដល់អ្នកវិនិយោគដែលមានសក្តានុពលនៅប្រទេសសឹង្ហបុរី និងនៅប្រទេសដទៃទៀតជុំវិញពិភពលោក៕
ដកស្រង់ពី៖ រស្មីកម្ពុជា