(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញលើកទឹកចិត្ដ ដល់ស្ដ្រីគ្រប់រូប សម្រាប់ចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយ។ នេះបើតាមសារលិខិត របស់សម្ដេចតេជោ ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣៤ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។
តាមរយៈសារលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល បាននិងកំពុងជំរុញលើកទឹកចិត្ត ព្រមទាំងបង្កលក្ខណៈកាន់តែអនុគ្រោះដល់ស្ត្រីគ្រប់រូប ដើម្បីមានឱកាស និងលទ្ធភាពកាន់តែទូលាយ សម្រាប់ការចូលរួមក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយ»។
ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជាទស្សនៈសង្គមរួមនៅកម្ពុជា តម្លៃខ្ពស់ត្រូវបានផ្ដល់ជូនដល់ស្រ្តី ដោយចាត់ទុកស្ត្រីជាមាតានៃសង្គម និងជាធនធានដ៏ចាំបាច់ សម្រាប់ដំណើរការកសាង និងអភិវឌ្ឍប្រទេស។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រាជរដ្ឋាភិបាល បាននិងកំពុងបន្តដោះស្រាយបញ្ហាជាច្រើនទៀត ដែលស្រ្តីគ្រប់វ័យកំពុងប្រឈម ដូចជា បញ្ហាសុខភាព ការអប់រំ ការរំលោភ បំពាន និងសិទ្ធិនៃការចូលរួម និងសិទ្ធិ ក្នុងការសម្រេចចិត្តជាដើម។
តាមរយៈការបញ្ជ្រាបយេនឌ័រ ទៅក្នុងគ្រប់ គោលនយោបាយ ផែនការអភិវឌ្ឍន៍ជាតិនិងផែនការយុទ្ធសាស្ត្រ និងសកម្មភាពបញ្ជ្រាបយេនឌ័រនៅគ្រប់ក្រសួងស្ថាប័ន រួមទាំងការអនុវត្តអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងនារីភេទ។
នេះជាការបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។ លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា សិទ្ធិស្តី្រ និងក្មេងស្រីក្នុងការជ្រើសរើសគូស្រក ការមានកូន និងចំនួនកូនដែលចង់បាន ត្រូវបានយកចិត្តទុកដាក់ខ្ពស់។
ជាក់ស្ដែង រាជរដ្ឋាភិបាល បានដាក់ចេញនូវ «គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០» ដោយទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ ឲ្យមានសិទិ្ធជាមូលដ្ឋាន ក្នុងការសម្រេចចិត្តដោយសេរី
និងដោយទទួលខុសត្រូវលើចំនួនកូននិងការពន្យារកំណើត ហើយបង្កលទ្ធភាពឱ្យស្តីនិងក្មេងស្ដីទទួលបាននូវព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយដើម្បីធ្វើការសម្រេចចិត្តនេះ៕
ដកស្រង់ពី៖ Fresh News