បណ្តាញសង្គម

ធនាគារជាតិនៃកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នា ជាមួយ UnionPay International

ភ្នំពេញ៖ ដើម្បីបង្កើនភាពងាយស្រួលក្នុងការទូទាត់ប្រាក់ឆ្លងប្រទេសនឹងជំរុញបន្ថែមលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International បានចុះអនុស្សរណៈយោគយល់គ្នា(MoU) កាលពីរសៀលថ្ងៃច័ន្ទ ទី១០ ខែកក្កដា នៅសាលាបច្ចេកទេសធនាគារ ក្រោមវត្តមាន លោកស្រីបណ្ឌិត ជា សិរីទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងលោក ឡារី វាង ( Larry Wang) អនុប្រធានក្រុមហ៊ុន UnionPay International។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ការចុះអនុស្សរណៈនេះ ជាការផ្ដល់ក្របខណ្ឌសហប្រតិបត្តិការរវាង UnionPay និងប្រព័ន្ធបាគង KHQR នៅពេលដែលការតភ្ជាប់សម្រេចបាននោះនឹងឃើញថា

ប្រជាជនកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសចិន អាចស្កេននិងទូទាត់តាមប្រព័ន្ធ QR Code នៅក្នុងប្រទេសចិនមានដូចជា UnionPay, Wechat, និង Alipay ជាដើម ដូច្នេះប្រជាជនខ្មែរជាង១០លាននាក់ ដែលមានការបូបអេឡិចត្រូនិក អាចទូទាត់តាមប្រព័ន្ធទាំងនេះបានយ៉ាងងាយស្រួល។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា «ក្នុងនោះទេសចរចិនដែលមកកាន់កម្ពុជាមានប្រព័ន្ធរបស់ UnionPay អាចទូទាត់ប្រាក់នៅកម្ពុជាបាន។

ចំពោះកិច្ចសហប្រតិបត្តិការនេះ បានផ្ដល់ភាពងាយស្រួលមួយកម្រិតថែមទៀត ទាំងទេសចរចិនមកកម្ពុជា និងកម្ពុជាទៅកាន់ប្រទេសចិន អ្វីដែលសំខាន់ជាងនេះ គឺការសហការរវាងធនាគារជាតិនៃកម្ពុជា និងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត គឺជំរុញការប្រើប្រាស់ប្រាក់រៀល ដូច្នេះសម្រាប់ការទូទាត់ទាល់តែប្រជាជនកម្ពុជា មានគណនីជាប្រាក់រៀលទើបអាចទូទាត់ប្រាក់ ជាមួយបណ្ដាប្រទេសជាដៃគូបាន»។

លោកស្រីបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា «ចំពោះការចុះអនុស្សរណៈក្នុងថ្ងៃនេះ គឺដើម្បីបង្កើតក្របខណ្ឌសហប្រតិបត្តិការប៉ុណ្ណោះ ដូច្នេះក្រុមការងារទាំងកម្ពុជា–ចិន នឹងបន្ដធ្វើការជាមួយគ្នាបន្ថែមទៀត ជាការរំពឹងទុកថា នៅដើមឆ្នាំក្រោយ កិច្ចសហប្រតិបត្តិការនេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ»។

សូមជម្រាបថា បច្ចុប្បន្ននេះកម្ពុជាបានសហប្រតិបត្តិការ ជាមួយប្រទេសថៃប្រកបដោយភាពជោគជ័យ ទាំងទូទាត់នៅក្នុងប្រទេសថៃ និងការទូទាត់នៅកម្ពុជា បន្ដបន្ទាប់ទៅទៀតកម្ពុជានឹងសហការជាមួយប្រទេសឡាវ, ចិន, ឥណ្ឌា និងប្រទេសវៀតណាម៕

ដកស្រង់ពី៖ រស្មីកម្ពុជា