ដោយៈឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញ៖ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍គម្រប់៥០ឆ្នាំ គិតចាប់តាំងពីកាលដែលសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានសព្វព្រះរាជហឫទ័យរាជចំណារលើសៀវភៅកំណត់ហេតុស្តីពីព្រះរាជដំណើរជាប្រវត្តិសាស្ត្ររបស់ព្រះអង្គ។
ឆ្លៀតក្នុងឱកាសនេះ បណ្ណាល័យសម្តេចម៉ែ មានមហាកិត្តិយសសូមប្រកាសនូវការចេញផ្សាយការបកប្រែជាភាសាខ្មែរនៃព្រះរាជកំណត់ហេតុឆ្នាំ១៩៧៣កត់ត្រាអំពីព្រះរាជដំណើរជាប្រវត្តិសាស្ត្ររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។សៀវភៅនេះមានចំណងជើងថា
“សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ” ដែលជាឯកសារប្រវត្តិសាស្ត្រគ្មានពីរ បានបង្ហាញអំពីព្រះរាជហឫទ័យសង្កេតផ្ទាល់របស់សម្តេចព្រះមហាក្សត្រី ក្នុងព្រះរាជបេសកកម្ម និងព្រះរាជដំណើររបស់ព្រះអង្គ យាងទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា ស្ថិតនៅក្នុងប្រទេសកម្ពុជា។
សម្តេចព្រះមហាក្សត្រីបានយាងអមព្រះរាជដំណើរ ព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ចាប់ផ្តើមចេញពីការយាងព្រះរាជដំណើរតាមព្រះទីនាំងយន្តហោះចេញពីទីក្រុងប៉េកាំង
ឆ្ពោះទៅកាន់ទីក្រុងហាណូយ និងបន្ទាប់មកបន្តដំណើរដោយព្រះទីនាំងរថយន្តតាមបណ្តោយផ្លូវលំ ហូជីមិញ ឆ្ពោះទៅកាន់ខេត្តសៀមរាប/អង្គរវត្ត ដោយឆ្លងកាត់ផ្នែកខ្លះនៃផ្លូវលំ សីហនុ ក្នុងរយៈពេលប្រមាណ៣៩ថ្ងៃ។
ព្រះរាជដំណើរនេះ មានព្រះរាជគោលបំណង៖ ទីមួយ គឺដើម្បីយាងអង្កេតការណ៍លើតំបន់ព្រំដែនប៉ែកខាងកើតនៃប្រទេសកម្ពុជា ដែលតំបន់នេះត្រូវបានកាត់ផ្តាច់មិនអាចធ្វើដំណើរទៅដល់ក្នុងរយៈកាលជាងបីឆ្នាំកន្លងមក ដោយសារតែសង្គ្រាមរ៉ាំរ៉ៃ, ការទម្លាក់គ្រាប់បែក និងការកាន់កាប់។
ទីពីរ គឺដើម្បីយាងជួបជាមួយប្រជានុរាស្ត្រកម្ពុជានៅក្នុងតំបន់នេះ ដើម្បីឈ្វេងយល់អំពីស្ថានភាព និងតម្រូវការរបស់ប្រជាជនទាំងនោះ។ ទីបី គឺដើម្បីធានាជូនប្រជានុរាស្ត្រថាព្រះអង្គទាំងទ្វេ គឺជាថ្នាក់ដឹកនាំនៃចលនាតស៊ូកម្ពុជា។
ថ្វីត្បិតតែត្រូវប្រឈមទៅនឹងភាពលំបាកលំបិន និងហានិភ័យដ៏ប្រថុយប្រថាន ដូចដែលបានពិពណ៌នានៅក្នុងខ្លឹមសារនៃកំណត់ហេតុនេះស្រាប់យ៉ាងណាក្តី សម្តេចព្រះមហាក្សត្រីនៅតែមិនរួញរាក្នុងការចូលរួមនៅក្នុងព្រះរាជដំណើរនេះ។
ន់ជាងនេះទៀតនោះគឺ ផ្តល់ជាមាគ៌ាមួយបង្ហាញអំពីភាពអង់អាច និងតួនាទីផ្ទាល់ព្រះកាយដ៏វិសេសវិសាលរបស់សម្តេចព្រះមហាក្សត្រី ក្នុងព្រះបរមនាមជាអ្នកត្រួសត្រាយ និងជាព្រះរាជគំរូសម្រាប់ស្ត្រីកម្ពុជាគ្រប់វ័យ ទាំងក្មេង និងចាស់។
សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះលិខិតផ្ទាល់ព្រះហស្តនូវបទពិសោធន៍របស់ព្រះអង្គលើចំណារដើមជាភាសាបារាំង។
នៅក្នុងឆ្នាំ២០២១ សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានប្រោសព្រះបរមរាជានុញ្ញាតដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការបកប្រែជាផ្លូវការនូវសៀវភៅកំណត់ហេតុរបស់ព្រះអង្គទៅជាភាសាអង់គ្លេស ដើម្បីផ្តល់ឱកាសសិក្សាឈ្វេងយល់ដល់អ្នកអានទូទៅឱ្យបានទូលំទូលាយជាងមុន។
មិនតែប៉ុណ្ណោះសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការបកប្រែជាផ្លូវការនូវសៀវភៅកំណត់ហេតុរបស់ព្រះអង្គទៅជាភាសាខ្មែរផងដែរ។
ការបកប្រែជាភាសាខ្មែរនូវព្រះរាជកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី បានបញ្ចប់រួចរាល់ និងបានបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។
ការបកប្រែជាភាសាខ្មែរចំពោះសៀវភៅកំណត់ហេតុនេះ គឺពិតជាមានសារសំខាន់ចំពោះប្រវត្តិវិទូ និងប្រជាជនកម្ពុជាគ្រប់រូប។
សៀវភៅកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី គឺជាសំអាងនៃកំណត់ត្រាប្រវត្តិសាស្ត្រដ៏សំខាន់បំផុតពុំអាចកាត់ថ្លៃបាន ពិពណ៌នារយៈកាលដ៏វិសេសវិសាលមួយសម្រាប់ប្រជាជនកម្ពុជាទាំងអស់។
បច្ចុប្បន្ន សៀវភៅកំណត់ហេតុជាភាសាខ្មែរនេះ ត្រូវបានបោះពុម្ពចំនួន ៣៥.០០០ក្បាល ដែលនឹងចែកជូនដល់យុវនារីនៅទូទាំងប្រទេសកម្ពុជា ដើម្បីបណ្តុះគំនិត, លើកទឹកចិត្ត និងគាំទ្រដល់អ្នកទាំងនេះ ក្នុងការអប់រំនិងការអភិវឌ្ឍខ្លួនក្នុងនាមជាអ្នកដឹកនាំ។
អនាគតរបស់កម្ពុជា នឹងពឹងផ្អែកទៅលើភាពជាអ្នកដឹកនាំរបស់ស្ត្រីដូចទៅនឹងបុរសដែរ ហើយសៀវភៅកំណត់ហេតុនេះ ដើរតួនាទីជាឯកសារគោលសម្រាប់ភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅក្នុងសង្គមមួយដែលប្រកបដោយសន្តិភាព និងភាពចម្រុងចម្រើនសម្រាប់មនុស្សគ្រប់គ្នា៕
ដកស្រង់ពី៖ រស្មីកម្ពុជា