(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញរៀបចំពិធីបុណ្យគម្រប់ខួប ១០ឆ្នាំ និងខួបកំណើត ១០០ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងបុណ្យគម្រប់ខួប ២៥ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ឌី ប៉ុក។
ពិធីបុណ្យត្រូវបានរៀបចំនៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទីតម្កល់ធាតុអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក។
ក្នុងពិធីបុណ្យនាព្រឹកមិញនេះ ក៏មានការអញ្ជើញចូលរួមពីបុត្រា បុត្រី និងចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
, លោក ហ៊ុន សាន ព្រមទាំងបុត្រ និងចៅៗ លោកស្រី លាង វួចឆេង ហ៊ុនណេង ព្រមទាំងបុត្រ និងចៅៗ លោកស្រីមហាឧបាសិកាបណ្ឌិត ហ៊ុន សេង នី ព្រមទាំងបុត្រនិងចៅៗ លោកស្រីមហាឧបាសិកា ហ៊ុន ស៊ីណាត និងលោក នឹម ច័ន្ទតារា ព្រមទាំងបុត្រ និងចៅៗ លោកស្រីអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន និងលោកបណ្ឌិត ស៊ាង ប៊ុនលាង ព្រមទាំងបុត្រ និងចៅៗ ញាតិមិត្តជិតឆ្ងាយទាំងអស់
របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក។
នៅក្នុងពិធីតាមបែបសាសនា ដែលប្រារព្វធ្វើឡើងនៅមហាចេតីយ៍បញ្ចុះសព អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក លោកស្រី ត្រូវបុត្រា បុត្រី និងចៅៗទាំងអស់
នៃមហាគ្រួសារត្រកូលហ៊ុន និងមហាគ្រួសារត្រកូល ឌី បានបូជាគ្រឿងគោរពសក្ការៈ ទៀនធូបទឹកអប់ប្រេងម្ស៉ៅផ្កាភ្ញី ចង្ហាន់គ្រឿងឧបភោគបរិភោគ រួមទាំងការរៀបចំចង្ហាន់គ្រឿងឧបភោគបរិភោគ ប្រគេនសម្តេចព្រះសង្ឃនាយករងទី១ សម្តេចព្រះមេគុណ និងព្រះរាជាគណៈ ៩អង្គ។
នៅក្នុងពិធីបុណ្យទក្ខិណានុប្បទាននោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងកូនចៅ ចៅទួតទាំងអស់ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្តុជាគ្រឿឧបភោគបរិភោគ និងបច្ច័យ ប្រគេនសម្តេចព្រះសង្ឃនាយករង សម្តេចព្រះមេគុណ និងព្រះសង្ឃចំនួន ៩អង្គ ចម្រើនព្រះបរិត្តបង្សុកូល និងមានលក្ខណៈអធិកអធមបំផុត។
ពិធីបុណ្យទក្ខិណានុប្បទានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ បាននិមន្តសម្តេចព្រះសង្ឃនាយករងទី១ សម្តេចព្រះរាជាគណៈ សូត្រមន្តឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធសព អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក សូមវិញ្ញាណក្ខន្ធសពលោកអ្នកមានគុណទាំងទ្វេ បានយោងយិតទៅចាប់កំណើតនៅឋានបរមលោក សុគតិភពកុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ។
ជាពិសេសបានរួចចាកផុតពីបាបកម្មផងទាំងពួង និងម៉្យាងវិញទៀតសូមវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក តាមជួយគាំពារបីបាច់ថែរក្សាការពារសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍
ពលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ជន្មាយុយ៉ឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាម្លប់ដ៏ត្រជាក់ត្រជុំដឹកនាំរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ឱ្យកាន់តែរីកចម្រើនរឹងមាំទ្វេឡើងថែមទៀត។
បន្ថែមពីលើនោះសូមឧទ្ទិសកុសលជូនដល់លោក លោកស្រីជាកូន ចៅ និងញាតិមិត្តទាំងអស់ របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក សូមរស់នៅប្រកបដោយសុខដុមរមនាត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារទាំងអស់ ចាប់តាំងពីពេលនេះជាយូរអង្វែងតរៀងទៅកុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅៗ និងសាច់ញាតិទាំងអស់ បានលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក តេជៈបារមីទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ
ជួយនាំដំណើរវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ទៅកាន់ស្ថានសួគ៌ាល័យ ប្រកបដោយបរមសុខកុំបីឃ្លាងឃ្លាតឡើយ។
សូមបញ្ជាក់ថា អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងព្រះជន្ម៩០ឆ្នាំដោយជរាពាធ។ រីឯមហាឧបាសិកា ឌី ប៉ុក បានទទួលមរណភាពនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៨ ក្នុងជន្មាយុ ៧៩ឆ្នាំ។
កាលនៅមានជន្មាយុនៅឡើយ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី និងមហាឧបាសិកា ឌី ប៉ុក បានចូលរួមចំណែកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ស្ទើរពេញមួយជីវិតក្នុងបុព្វហេតុបម្រើប្រទេសជាតិ មាតុភូមិ ប្រជាពលរដ្ឋខ្មែរ និងជាមហាពុទ្ធសាសនុបត្ថម្ភក៍ ប្រកបដោយសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ
បានកសាងសមិទ្ធផលជាស្នាដៃយ៉ាងច្រើនអនេកទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស ដូចជាៈ ព្រះវិហារ សាលាឆាន់ កុដិ បណ្ណាល័យ អគារពុទ្ធិកសិក្សា សៀវភៅគម្ពីរ ព្រះត្រៃបិដក អគារសិក្សា មន្ទីរពេទ្យ ផ្លូវលំ ស្ពាន អណ្តូងទឹក។ល។
គិតជាទឹកប្រាក់មានចំនួនច្រើនលានដុល្លារអាមេរិក ដែលបានបន្សល់ទុកជាឧត្តមប្រយោជន៍និងមានតម្លៃឥតគណនា សម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទូទៅរហូតដល់សព្វថ្ងៃ ព្រមទាំងបានជួយទំនុបបម្រុងឧបត្ថម្ភដល់កុមារកំព្រា ទុរគតជនក្រខ្សត់ជារឿយៗទៀតផង។
លើសពីនេះ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានផ្តល់ម៉ាស៊ីនភ្លើងធុនតូចចំនួន ៥៦៥គ្រឿង ឧឃោសនាស័ព្ទចំនួន ៥៦៥គ្រឿង ដល់ទីវត្តអារាមដែលជួបការលំបាកខ្វះខាតចំនួន ៥៦៥វត្តនៅរាជធានី ខេត្ត ទីជនបទ និងទីវត្តអារាមតាមតំបន់ព្រំដែនផងដែរ។
កូនចៅ ចៅទួតចងចាំជានិច្ចក្នុងក្រអៅបេះដូងដោយមិនអាចបំភ្លេចនូវព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់របស់អ្នកមានគុណទាំងទ្វេ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានពណ៌នាក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចថា អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគធិបតី ហ៊ុន នាង ជាមនុស្សប្រុសតែម្នាក់គត់ដែលបានផ្តល់ឱវាទដល់សម្តេចតាំងពីនៅក្មេងខ្ចីរហូតដល់ដង្ហើមចុងក្រោយរបស់អ្នកឧកញ៉ា បើទោះបីសម្តេចមានឋានៈខ្ពង់ខ្ពស់ គ្រប់គ្រងអំណាចរដ្ឋក៏នៅតែជាកូនរបស់លោកដដែល មិនអាចផ្លាស់ប្តូរឋានៈបានឡើយ។
សំណេរសម្តេចតេជោបានបន្តថា សម្តេចបានធ្វើឱ្យឪពុកសម្តេចហូរទឹកភ្នែកច្រើនជាងគេ គឺនៅគ្រាដែលសម្តេចលាអ្នកមានគុណតាំងពីអាយុ ១៣ឆ្នាំ មកបន្តការសិក្សានៅរាជធានីភ្នំពេញ ធ្វើការងារធ្ងន់ៗ
ក្នុងឋានៈជាកូនសិស្សលោកនៅវត្តនាគវ័ន្ត និងលោកឪពុកបានយំនៅពេលសម្តេចថ្វាយបង្គំលា ដើម្បីចូលបម្រើកងទ័ពរបស់សម្តេចឪនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ ដើម្បីតស៊ូប្រឆាំងនឹងរបបចក្រពត្តិអាមេរិក ក្នុងចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ និងដឹកនាំចលនាតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ឆ្លងដែនចូលក្នុងប្រទេសវៀតណាម ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ យកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ នៅថ្ងៃ ៧មករាឆ្នាំ១៩៧៩។
កាលនៅមានជន្មាយុនៅឡើយ អ្នកមានគុណទាំងទ្វេបានបំពេញតួនាទីជាមាតាបិតា ជីដូនជីតា ប្រកបដោយព្រហ្មវិហារធម៌ទាំង៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា យ៉ាងល្អប្រសើរ ចំពោះបុត្រា បុត្រី បុត្រប្រសារ ចៅៗ ចៅទួត និងចំពោះប្រជាពលរដ្ឋទូទៅផងដែរ។
ជាពិសេសលោកទាំងទ្វេបានបូជាអស់ពីកម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងបុព្វហេតុបម្រើប្រទេសជាតិ មាតុភូមិ ប្រជាពលរដ្ឋ និងជាមហាពុទ្ធសាសនូបត្ថម្ភដ៏ខ្ពង់ខ្ពស់ទៀតផង។
កាលនៅវ័យក្មេង អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក បានចូលរួមដង្ហែតាមសម្តេចព្រះមហាវីរក្សត្រ ព្រះវរៈរាជបិតាឯករាជ្យជាតិ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ ក្នុងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមទាមទារឯករាជ្យ រហូតដល់ព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យជាតិនៅឆ្នាំ១៩៥៣
ព្រមទាំងបានផ្តួចផ្តើមកសាងវត្តព្រះបារមីវង្កតបុរី តាំងពីទសវត្ស១៩៨០ និងកសាងសមិទ្ធផល បន្សល់ទុកស្នាដៃយ៉ាងច្រើនអនេកក្នុងវិស័យព្រះពុទ្ធសាសនា និងក្នុងសង្គមកម្ពុជា ដែលគិតជាទឹកប្រាក់មានចំនួនច្រើនលានដុល្លារអាមេរិក ទុកសម្រាប់ប្រគេនព្រះសង្ឃ និងឱ្យពុទ្ធបរិស័ទប្រជាពលរដ្ឋ សាធារណជនទូទៅប្រើប្រាស់ជាគុណប្រយោជន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅស្ទើរគ្រប់រាជធានី-ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជារហូតដល់សព្វថ្ងៃ។
ក្នុងន័យបន្តមរតកសមិទ្ធផលពីអ្នកមានគុណទាំងទ្វេ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បាន
អនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញដឹកនាំការសាងសង់ព្រះវិហារថ្មី កែលំអហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពនៅក្នុងបរិវេណវត្តព្រះបារមីវង្កតបុរី ឱ្យកាន់តែល្អប្រសើរ និងក្លាយជាបូជនីយដ្ឋានមួយដ៏ស្រស់បំព្រងសក្តិសមទីគោរពសក្ការៈបូជាក្នុងព្រះពុទ្ធសាសនា ក្នុងសម័យតេជោ នៃសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ៕
ដកស្រង់ពី៖ Fresh News