បណ្តាញសង្គម

កម្ពុជា ស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី បង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី នៅកម្ពុជា

ភ្នំពេញ៖ ក្នុងគោលបំណងពង្រឹងចំណងទាក់ទង ជាមួយវិស័យឯកជន កម្ពុជា ដើម្បីជំរុញណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអូស្ត្រាលី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី បង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី (AusTrade) នៅកម្ពុជា។

នៅក្នុងជំនួបរវាងវិស័យឯកជនកម្ពុជា និងបេសកជនពិសេសរបស់អូស្ត្រាលី សម្រាប់តំបន់ អាស៊ីអាគ្នេយ៍ លោក នីកូឡាស មូ(Nicolas Moore) នាពេលថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង ពាណិជ្ជកម្ម និងវិនិយោគ រវាង កម្ពុជា និងអូស្ត្រាលី បន្តកើនឡើង ជានិច្ច និងទទួលបានអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន–អូស្ត្រាលី នូវែលហ្សេឡង់ និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។ ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្តលើកឡើងថា៖'

កម្ពុជា គឺជាប្រទេសដែលមាន កំណើនសេដ្ឋកិច្ចលឿនជាងគេមួយ ក្នុងតំបន់ដែលឆ្នាំ២០២៣ នេះ កំណើនសេដ្ឋកិច្ច ត្រូវបានព្យាករណ៍ក្នុងអត្រា ៥,៦% ។

បច្ចុប្បន្ន មានក្រុមហ៊ុនអូស្ត្រាលី ជាច្រើន កំពុងប្រកបអាជីវកម្មនៅកម្ពុជា។ លោកគាំទ្រដល់ពាណិជ្ជកម្មនិងវិនិយោគ រវាងប្រទេសទាំងពីរ ទៅលើគ្រប់វិស័យ ជាពិសេស កសិកម្មសុខាភិបាល ធនធាន និង វិស័យអប់រំ។

ក្នុងន័យនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំទស្សនកិច្ចធុរកិច្ច ទៅកាន់អូស្ត្រាលី និងស្វាគមន៍គណៈប្រតិភូធុរកិច្ចអូស្ត្រាលី បំពេញទស្សកិច្ចនៅកម្ពុជា។

សូមជម្រាបថា នៅក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងអូស្ត្រាលី សម្រេចបានប្រមាណជាង ៥៤៦ លានដុល្លារពោលគឺ កើនឡើង ៦៥% ធៀបនឹងឆ្នាំ ២០២១ ៕

ដកស្រង់ពី៖ កម្ពុជាថ្មី