បណ្តាញសង្គម

មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា វាយតម្លៃថាក្នុងឆ្នាំ២០២៣ កម្ពុជា បានសម្រេចសមិទ្ធផលធំៗជាច្រើន ទោះបីត្រូវរងឥទ្ធិពលពីការវិវត្ត ដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងផលវិបាកនៃជំងឺកូវីដ-១៩ ក៏ដោយ

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេច ក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេច ពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និង តំណាងដែលបានអញ្ជើញ ចូលរួមមហាសន្និបាត រួមមាន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សជាសមាជិក សមាជិកា នៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣ ៦០០ រូប។

យោងតាមសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតខាងលើ បានបញ្ជាក់ថា មហាសន្និបាត បានវាយតម្លៃថា ក្នុងឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជាបានសម្រេចសមិទ្ធផលធំៗជាច្រើន ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងផលវិបាកនៃជំងឺកូវីដ-១៩ និងបញ្ហា ប្រឈមមួយចំនួនទៀតក្តី។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចអគ្គមហាសនា- បតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរ- ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិ- ភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំដែលបង្កលក្ខណៈឱ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយ ភាពវិជ្ជមាន។

ការគ្រប់គ្រងបាននូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធានាដល់ការអនុវត្ត «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ប្រកបដោយប្រសិទ្ធភាព និងធានាបានស្ថិរភាពនៃការរស់នៅរបស់ប្រជាជន។ លទ្ធិប្រជាធិប- តេយ្យសេរី ពហុបក្ស កាន់តែបានពង្រឹងក្នុងបរិបទកម្ពុជា តាមគន្លងនីតិរដ្ឋ ជាពិសេសជោគជ័យនៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ព្រមជាមួយនោះ ជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ បានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើផ្ទៃរាបអន្តរជាតិ។

សេចក្តីសម្រេចដដែលនោះ បានបន្តថា មហាសន្និបាតសម្ដែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុបបំផុតក្នុងការបោះឆ្នោតជាតិនីតិកាលទី៧ កាល ពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ប្រកបដោយឆន្ទៈ និងភាពជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ឆ្ពោះទៅរកអនាគតប្រកបដោយភាពជោគជ័យ។

តាមរយៈការគាំទ្រដ៏ថ្លៃថ្លានេះ ធ្វើឱ្យគណបក្ស មានលទ្ធភាពពេញលេញក្នុងការបន្តដឹកនាំប្រទេសឱ្យសម្រេចបានតាមបំណងប្រាថ្នារបស់ប្រជាជន គឺការការពារខឿន ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការថែរក្សាសុខសន្តិភាព ការបន្តជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ។

ជាមួយគ្នានោះ មហាសន្និបាតកត់ បានសម្គាល់ថា សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងរហ័សពីវិបត្តិជំងឺកូវីដ-១៩ ដែលបានយាយីសង្គមជាតិអស់រយៈពេលជិត៣ឆ្នាំ។ ការអនុវត្តយ៉ាងប្តូរផ្តាច់នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានបង្កើតបរិយាកាសល្អប្រសើរសម្រាប់កម្ពុជាបោះជំហានទៅមុខប្រកបដោយជំនឿចិត្តដ៏មុតមាំលើមាគ៌ាកែទម្រង់ និង ការអភិវឌ្ឍ។

ជាក់ស្ដែង ក្នុងឆ្នាំ ២០២៣ កម្ពុជារក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដែលបាន លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង និងការប្រើប្រាស់ក្នុងស្រុក។ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបានក្នុងរង្វង់ ៥,៦% ហើយនៅឆ្នាំ ២០២៤ រំពឹងថានឹងសម្រេច បានកំណើនក្នុងរង្វង់ ៦,៦% ដែលត្រូវបានគាំទ្រដោយការបន្តនិន្នាការល្អក្នុងវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។

តាមរយៈនិន្នាការជាវិជ្ជមាននេះ បានបង្ហាញអំពីលទ្ធភាពដែលសេដ្ឋកិច្ចកម្ពុជាកំពុងវិលទៅរក កំណើនប្រកបដោយសក្តានុពលវិញ ដូចគ្រាមុនវិបត្តិជំងឺកូវីដ-១៩៕

ដកស្រង់ពី៖ Fresh News