បណ្តាញសង្គម

សម្តេច​តេជោ ហ៊ុន សែន ជួបអតីតប្រមុខ​អ៊ុនតាក់ នៅទីក្រុងតូក្យូ

ទីក្រុងតូក្យូ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន បានអនុញ្ញាតឱ្យឯកឧត្តម អាកាស៊ី យ៉ាស៊ូស៊ី (Akashi Yasushi) អតីតប្រមុខ អ៊ុនតាក់ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារ New Otani ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

សូមរម្លឹកថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន និងកូនៗ ព្រមទំាងចៅស្រី បានធ្វើដំណើរ តាមយន្តហោះពិសេស ចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដើម្បីផ្លាស់ប្តូរកែវភ្នែកសិប្បនិមិត្តថ្មី ក្រោយសម្តេច បានប្រើប្រាស់អស់រយៈពេល ៣៤ឆ្នាំមកហើយ ពីឆ្នាំ១៩៩០-២០២៤។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុន ជួយផលិតជាជំនួយចំនួន ៥គ្រាប់ លើកនេះ ភាគីជប៉ុន នឹងជួយផលិត ចំនួន ៥គ្រាប់ទៀត ដែលអាចប្រើបានរយៈពេល ១០ឆ្នាំទៀត គឺ ១ឆ្នាំ ប្រើមួយគ្រាប់»។

កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីការធ្លាក់ខ្លួនពិការភ្នែកខាងឆ្វេងរបស់សម្តេច ដោយសារសង្គ្រាម កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ដើម្បីបុព្វហេតុរំដោះជាតិ និងមាតុភូមិ។

សម្ដេចតេជោ បានបញ្ជាក់ថា នេះហើយជារសជាតិនៃយុវជនក្នុងសម័យសង្គ្រាម ខ្លះពលីជីវិត ខ្លះដាច់ដៃដាច់ជើង និងខ្លះពិការភ្នែក។ល។ ដូច្នេះសម្តេចតេជោ អំពាវនាវដល់ជនរួមជាតិ សុំជួយការពារសន្តិភាព ដែលយើងរកបានដោយលំបាក នឹងកុំឱ្យសង្រ្គាម កើតឡើងវិញ លើទឹកដីដ៏កំសត់មួយនេះ ជាថ្មីម្តងទៀត៕