បណ្តាញសង្គម

សម្តេចធិបតី និងរដ្ឋមន្ត្រីបរិវត្តកម្មឌីជីថលរបស់ជប៉ុន មើលឃើញដូចគ្នាពីសារៈសំខាន់នៃការគ្រប់គ្រង​ទិន្នន័យតាមឌីជីថល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលរបស់ជប៉ុន បានមើលឃើញដូចគ្នាពីសារៈសំខាន់នៃការគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធឌីជីថល។

សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជា ក៏បានចាប់យកប្រព័ន្ធឌីជីថលជាធាតុដ៏ចាំបាច់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងឈានទៅសម្រេចគោលនយោបាយសេដ្ឋកិច្ចជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការបង្ហាញពីសារៈសំខាន់នៃការគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធឌីជីថលនេះ គឺបានលើកឡើង ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Kono Taro នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

ក្នុងជំនួបនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ប្រកបដោយក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រី និងសហការី។ សម្តេចធិបតី បានគូសបញ្ជាក់អំពីទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលឡើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ជាកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណាក់កាលស្វែងរកសន្ដិភាព រហូតដល់កម្ពុជាមានការអភិវឌ្ឍនរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។

សម្ដេចធិបតី ក៏បានរំឭកពីដំណើរទស្សនកិច្ចរបស់សម្ដេចកាលពីខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរខួប៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលក្នុងដំណើរទស្សនកិច្ចនោះ កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៧ ដែលក្នុងនោះ មានឯកសារមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

សម្ដេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបានចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោករដ្ឋមន្ត្រីបរិវត្តកម្មឌីជីថលរបស់ជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានជួបពិភាក្សាការងារ។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ជាពិសេសលើវិស័យឌីជីថល ពាណិជ្ជកម្ម និងវិស័យអាទិភាពផ្សេងៗទៀត។ លោករដ្ឋមន្ត្រី បានជម្រាបសម្ដេចធិបតីថា ក្នុងយុគសម័យឌីជីថល ទិន្នន័យពិតជាមានសារៈសំខាន់។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានរៀបចំគំនិតផ្ដួចផ្ដើមស្ដីពីទិន្នន័យអង្គការ OECD ដែលគ្របដណ្ដប់លើវិស័យជាច្រើន និងអាចប្រើប្រាស់សម្រាប់ការរៀបចំកសាង និងអភិវឌ្ឍគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងដើម្បីជំរុញ និងលើកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតីបានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី អំពីសារៈសំខាន់នៃទិន្នន័យឌីជីថលសម្រាប់ការកសាងក្របខ័ណ្ឌគោលនយោបាយ ហើយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកទិន្នន័យនេះជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យ ដែលជួយឱ្យធ្វើការសម្រេចបានត្រឹមត្រូវ។

សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមអំពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដែលបច្ចុប្បន្នធនាគារជាតិនៃកម្ពុជាបាននិងកំពុងដាក់ឱ្យប្រើប្រាស់តាមរយៈប្រព័ន្ធទូទាត់អនឡាញ ឆ្លងដែន ដើម្បីសម្រួលដល់វិនិយោគិន ពាណិជ្ជករ និងប្រតិបត្តិការអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម៕

ដកស្រង់ពី៖ Fresh News