បណ្តាញសង្គម

រដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូទីភ្នាក់ងារទឹកបារាំង Rhin-Meuse

(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ

បានអនុញ្ញាតឲ្យ លោក David BOURMAUD ប្រធានគ្រប់គ្រងអន្តរាគមន៍ឯកទេស ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារទឹកបារាំង Rhin-Meuse ក្នុងគម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែន និងគណៈប្រតិភូការិយាល័យទឹកអន្តរជាតិបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងការគ្រប់គ្រងអាងទឹកចម្រុះ។

ជំនួបនេះ ធ្វើឡើងនាទីស្ដីការក្រសួងធនធានទឹក។ គម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែនខេត្តកំពង់ធំ បានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១២ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរទន្លេសាប និងភាគីបារាំង និងកិច្ចសហប្រតិបត្តិការ វិមជ្ឈការរបស់បារាំង ដែលអនុវត្តដោយអង្គការ GESCOD និងគាំទ្រដោយទីភ្នាក់ងារទឹកបារាំង Rhin-Meuse, SDEA និង SIEM ដែលមានគោលបំណងធ្វើឲ្យប្រសើរឡើង នូវលទ្ធភាពទទួលបានទឹកស្អាត នៅតំបន់ជនបទនៅក្នុងផ្ទៃរងទឹកភ្លៀងអាងស្ទឹងសែន។

តាមរយៈគម្រោងនេះ ស្ថានីយផលិតទឹកស្អាតចំនួន៨ ត្រូវបានសាងសង់ និងបានសម្ពោធដាក់ឲ្យដំណើរការ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅក្នុងបរិវេណសហគមន៍គ្រប់គ្រងទឹកភូមិអូរអណ្តែង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអរគុណចំពោះលោក David BOURMAUD និងគណៈប្រតិភូនៃការិយាល័យទឹកអន្តរជាតិបារាំង ដែលបានឆ្លៀតពេលដ៏មមាញឹកអញ្ជើញមកទស្សនកិច្ច នៅក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ នាពេលកន្លងមករបស់ទីភ្នាក់ងារទឹកបារាំង Rhin-Meuse អង្គការ GESCOD, SDEA និង SIEM ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យធនធានទឹកនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូពីតួនាទីដ៏ចម្បង របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលមានការងារពីរសំខាន់ គឺការគ្រប់គ្រងទឹក នៅក្នុងប្រទេសកម្ពុជា ដែលផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ មានវិស័យកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ទូទៅក្នុងជីវភាពរស់នៅ និងការព្យាករឧតុនិយម ដោយធ្វើការជូនដំណឹងជាមុន ពីស្ថានភាពអាកាសធាតុ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានលើកឡើងពីការប្រែប្រួលអាកាសធាតុនៅលើពិភពលោក ដែលកំពុងទទួលការចាប់អារម្មណ៍ និងយកចិត្តទុកយ៉ាងខ្លាំងពីបណ្តាប្រទេសនានា ក្នុងនោះដែរ ប្រទេសកម្ពុជា កំពុងទទួលរងពីឥទ្ធិពលអ៊ែលនីណូ ដែលបានបណ្តាលឲ្យអាកាសធាតុក្តៅ និងមានកម្រិតទឹកភ្លៀងតិច។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែកំណត់យកការ អភិវឌ្ឍវិស័យធនធានទឹក ជាវិស័យអាទិភាពមួយ ក្នុងចំណោមអាទិភាពចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាពិសេសបម្រើឲ្យការងារ បង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករ។

តំណាងគណៈប្រតិភូទីភ្នាក់ទឹកបារាំង Rhin-Meuse លោក David BOURMAUD បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អ ជាមួយក្រសួងធនធានទឹក និងឧតុនិយម នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់ពីជំហរ ក្នុងការបន្តកិច្ចសហប្រតិបត្តិការនៅឆ្នាំ២០២៤-២០២៥។ ជំ

នួបសម្តែងការគួរសម និងពិភាក្សាការងារ បានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុតភាគីទាំងពីរ បង្ហាញនូវសុច្ឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ឲ្យកាន់តែមានសន្ទុះឈានឡើង៕

\

ដកស្រង់ពី៖ Fresh News