បណ្តាញសង្គម

ប្រមុខការទូត ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើការកាន់តែជិតស្និទ្ធជាមួយអង្គការ OSC

ប្រមុខការទូតកម្ពុជា បានអះអាងពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រតិបត្តិការខាងត្បូង (OSC) ជាពិសេសលើកិច្ចសហប្រតិបត្តិការរួមគ្នា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

អង្គការសហប្រតិបត្តិការខាងត្បូង (OSC) ជាអង្គការអន្តរជាតិមួយ ដែលផ្តោតលើការរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយសមធម៌ យុត្តិធម៌ និងវិបុលភាព តាមរយៈការលើកកម្ពស់ការអប់រំ ប្រកបដោយតុល្យភាព និងបរិយាប័ន្ន ដើម្បីទទួលបាននូវសិទ្ធិជាមូលដ្ឋាន រួមមាន សេរីភាព យុត្តិធម៌ សេចក្តីថ្លៃថ្នូរ និរន្តរភាព ភាពស្អិតរមួតសង្គម និងសន្តិសុខសម្ភារៈរូបិយ និងអរូបិយសម្រាប់ប្រជាជនទាំងអស់នៅក្នុងពិភពលោក។ បច្ចុប្បន្ន អង្គការ OSC មានសមាជិកចំនួន២៨ប្រទេស រួមទាំងកម្ពុជា។

នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការបរទេស លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោក Manssour Bin Mussallam អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការខាងត្បូង (OSC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរួមចំណែករបស់អង្គការសហប្រតិបត្តិការខាងត្បូងចំពោះការអប់រំប្រកបដោយតុល្យភាព និងបរិយាប័ន្ន នៅក្នុងតំបន់។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ OSC ដើម្បីនាំមកនូវដំណោះស្រាយ និងកិច្ចសហប្រតិបត្តិការរួមគ្នាថែមទៀត ស្របតាមគោលការណ៍នៃភាពជាដៃគូ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក៕

ដកស្រង់ពី៖ កម្ពុជាថ្មី