បណ្តាញសង្គម

ស្អែកនេះ ក្រសួងអធិការកិច្ចបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងអធិការកិច្ចនឹងបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

សន្និបាតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក និងដាក់ចេញនូវវិធានការ ទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៤ លើការងារដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា សំដៅរួមចំណែកអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានស្នូលនៃយុទ្ធសាស្ត្រ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចឱ្យមានប្រសិទ្ធភាពដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះដែរ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត និងធ្វើជាប្រធានដឹកនាំកិច្ចពិភាក្សាលើរបាយការណ៍ និងបទអន្តរាគមន៍លើប្រធានបទ ការងារអធិការកិច្ច ការងារទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវ ការងារតាមដានការអនុវត្តច្បាប់ ការងារអប់រំ ផ្សព្វផ្សាយច្បាប់ និងការងារសហប្រតិបត្តិការអន្តរជាតិ។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត ព្រមទាំង

ផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ណែនាំ តម្រង់ទិសវិស័យអធិការកិច្ចនៅកម្ពុជា សំដៅជំរុញការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដែលជាគ្រឹះនិងមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

ដកស្រង់ពី៖ Fresh News