បណ្តាញសង្គម

កម្មករថា កម្ពុជាបច្ចុប្បន្នសម្បូរការងារធ្វើដោយមានអ្នកវិនិយោគថ្មីៗច្រើន លក្ខខណ្ឌការងារកាន់តែល្អប្រសើរ អត្ថប្រយោជន៍ពីរដ្ឋាភិបាលក៏ច្រើន

អ្នកធ្វើការងារនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរនៅកម្ពុជា លើកឡើងថា បច្ចុប្បន្នមិនខ្វះការងារធ្វើទេ អ្នកវិនិយោគថ្មីៗមានច្រើន ខណៈលក្ខខណ្ឌការងារកាន់តែល្អប្រសើរ ហើយអត្ថប្រយោជន៍ ដែលទទួលបានពីររាជរដ្ឋាភិបាលក៏ច្រើនសន្ធឹកសន្ធាប់។

លោក ឃឹម ចាន់ណារិទ្ធ អាយុ៣៤ឆ្នាំ ធ្វើការនៅរោងចក្រទ្រីមែក ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្ន នៅមូលដ្ឋានរោងចក្រ ដែលលោកបំពេញការងារ មិនខ្វះការងារធ្វើនោះទេពេលខ្លះស្ទើតែរកកម្លាំងពលកម្មមកបំពេញការងារថែមម៉ោងស្ទើរមិនបានផង។

លោកថ្លែងថា «បច្ចុប្បន្នការងារអត់មានខ្វះខាត ឬពិបាករកអីទេ លក្ខខណ្ឌការងារក៏ល្អប្រសើរ ហើយចំពោះប្រាក់ខែបងប្អូនយើងក៏គ្រាន់បើដែរ។

គាត់ថែមម៉ោងថែមអីចឹងទៅ ដល់ចឹងទៅលុយវាបានច្រើន ហើយការធ្វើការងារទៀតសោតអត់មានការថ្នាំងថ្នាក់ មានសេរីភាពការងារ។»ចំណែកកម្មការិនី សំ គឹមហ៊ង អាយុ៣៧ឆ្នាំ ធ្វើការងារនៅរោងចក្រប៉ាស៊ីហ្វិក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និយាយថា បច្ចុប្បន្នសម្បូរការងារស្ទើតែរកកម្លាំងពលកម្មធ្វើគ្មានហើយអត្ថប្រយោជន៍ ដែលកម្មករនិយោជិតទទួលបានក៏ច្រើនលើសពីច្បាប់ការងារកំណត់ផងដែរ។

លើសពីច្បាប់កំណត់ត្រង់ថា ក្រុមហ៊ុនផ្តល់ប្រាក់ឧបត្ថម្ភថ្លៃអាហារច្រើនជាង ថែមទាំងមានប្រាក់ឧបត្ថម្ភផ្សេងៗជាច្រើនទៀត។ កម្មការិនីរូបនេះនិយាយថា «អត្ថប្រយោជន៍ទទួលបានជាក់ស្តែង បើនិយាយឱ្យចំទៅវាអត់មានបាត់បង់អីផង ទាំងលុយបាយ លុយហ្វ្រី លុយថែមម៉ោង លុយរង្វាន់ បើនិយាយពី ប ស ស គឺអូខេ ហើយលក្ខខណ្ឌការងារមានភាពល្អប្រសើរច្រើន អត់មានអីដែលពិបាក»។

រីឯលោក កាន់ ស៊ីថន អាយុ៥២ឆ្នាំ ធ្វើការនៅរោងចក្រដុងឌូ ក្នុងសួនវឌ្ឍនៈ២ រាជធានីភ្នំពេញ ប្រាប់ថា បច្ចុប្បន្នកន្លែងការងាររបស់លោកសម្បូរការងារធ្វើ ខណៈការបញ្ជាទិញក៏មានការកើនឡើង ចំណែកលក្ខខណ្ឌការងារក៏កាន់តែល្អប្រសើរ ហើយអត្ថប្រយោជន៍ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលក៏ច្រើន ធ្វើឱ្យបងប្អូនកម្មករនិយោជិតកក់ក្តៅ និងរីករាយក្នុងការបំពេញការងាររបស់ខ្លួន។លោកថ្លែងថា

«ជារួមរោងចក្រយើងមានផ្តល់អត្ថប្រយោជន៍ច្រើន ហើយចំពោះរាជរដ្ឋាភិបាលក៏លោកបានផ្តល់នូវអត្ថប្រយោជន៍ច្រើនចំពោះទាំងកម្មករទាំងកម្មការិនីទាំងអស់គ្នាដូចជា បសស លុយសោធននិវត្តន៍ ប្រាក់ឧបត្ថម្ភស្ត្រីពិនិត្យផ្ទៃពោះ ហើយការសម្រាលគាត់បានប្រាក់ឧបត្ថម្ភពីសម្តេចបន្ថែមទៀតផង»។

លោកបញ្ជាក់ថា នៅកន្លែងការងាររបស់លោកកំពុងមានការដាក់បន្ថែមក្រុមដេរជាច្រើនក្រុមបន្ថែមទៀត ហេតុនេះលោកអំពាវនាវទៅអ្នកមិនទាន់មានការងារធ្វើ សូមកុំមានការព្រួយបារម្ភថាខ្វះការងារ អាចធ្វើការទំនាក់ទំនង ទៅរោងចក្រដុងឌូក្នុងសួនវឌ្ឍនៈ២ រាជធានីភ្នំពេញ ឬអាចធ្វើការទំនាក់ទំនងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន៕

ដកស្រង់ពី៖ កម្ពុជាថ្មី