បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)បានធ្វើការបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនដល់កម្មករដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរចរណ៍ឲ្យនៅកម្រិតទាបបំផុត។
ថ្លែងក្នុងឱកាសអញ្ជើញជាសហធិបតីបើកពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិតស្ថិតនៅរោងចក្រ FINE FLOORING (CAMBODIA) CO., LTDk
ខេត្តព្រះសីហនុ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត(ស.ផ.ក) បានឱ្យដឹងថា ការចុះផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនគឺជារឿងសំខាន់ណាស់ដែលអាចឱ្យអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិតបានយល់ដឹងកាន់តែច្បាស់ក្នុងការធ្វើដំណើរ និងការប្រើប្រាស់ដងផ្លូវ ការគោរពសិទ្ធិគ្នាក្នុងពេលធ្វើដំណើរដែលទាំងអស់នេះនឹងអាចកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នឹងធ្លាក់ចុះមកនូវកម្រិតទាបបំផុត។
លោកបណ្ឌិត អគ្គនាយករង បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៤នេះ ប.ស.ស.នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសុវត្ថិភាពក្នុងការធ្វើដំណើរ
និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត បានចំនួន៥ខេត្តរួចមកហើយ ដែលរួមមានខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តតាកែវ ហើយសម្រាប់ការចុះផ្សព្វផ្សាយនៅទឹកដីខេត្តព្រះសីហនុនាពេលនេះ
គឺជាខេត្តទី៦ដែលមានអ្នកចូលរួមសរុបចំនួន ២ ៩៣៥ នាក់។លោកបណ្ឌិតអគ្គនាយករងបានបន្តថា ប.ស.ស.នឹងបន្តកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងរោងចក្រ សហគ្រាសដើម្បីធ្វើបច្ចុប្បន្នភាពអ្នកបើកបររថយន្តដឹកកម្មករនិយោជិត
និងធ្វើបច្ចុប្បន្នភាពកម្មករនិយោជិតនៅតាមបណ្តាសហគ្រាស គ្រឹះស្ថានដែលធ្វើដំណើរតាមរថយន្ត រ៉ឺម៉កម៉ូតូ ម៉ូតូ កង់ ថ្មើរជើង និងចំនួនម៉ូតូ កង់ មួកសុវត្ថិភាព ក្នុងគោលបំណងផ្សព្វផ្សាយឱ្យចំគោលដៅ និងបន្តធ្វើការផ្សព្វផ្សាយនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ
នៃក្រសួងមហាផ្ទៃបានធ្វើការអំពាវនាវដល់កម្មករនិយោជិតទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកដែលធ្វើដំណើរដោយរថយន្តដឹកកម្មករនិយោជិតត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីចៀសវាងករណីមានគ្រោះថ្នាក់ជាយថាហេតុ និងអាចបង្ការបាននូវសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរ។លោកឧត្តមសេនីយ៍ឯក
ក៏បានក្រើនរំលឹកផងដែរទៅកាន់អ្នកបើកបររថយន្ដដឹកកម្មករនិយោជិតទាំងអស់ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួនចៀសវាងបង្កជាហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើង ព្រោះកម្មករនិយោជិតរាប់សិបនាក់បានផ្ញើជីវិតនៅលើរថយន្តរបស់អ្នកបើកបរតែម្នាក់គត់។
ជាមួយគ្នានេះ លោកស្រី ម៉ាក សំណាង អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធនានា ពិសេស ប.ស.ស.ដែលកន្លងមកតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតជាពិសេសកម្មករនិយោជិត
តាមគ្រប់រូបភាពធ្វើយ៉ាងណាឱ្យកម្មករនិយោជិតទាំងអស់បានយល់ដឹងកាន់តែច្បាស់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងពេលធ្វើដំណើរ។លោកស្រីអភិបាលរង សំណូមពរដល់ម្ចាស់រោងចក្រ
សហគ្រាសទាំងអស់ក្នុ្ងងទឹកដីខេត្តព្រះសីហនុ ត្រូវជំរុញលើកទឹកចិត្ត និងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់កម្មករនិយោជិតទាំងអស់ដែលកំពុងបំពេញការងារនៅតាមរោងចក្រសហគ្រាសរបស់ខ្លួនឱ្យចូលរួមនូវពិធីអប់រំផ្សព្វផ្សាយនានាពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូកគោក
និងសុវត្ថិភាពក្នុងពេលធ្វើដំណើរ ដែលក្រសួងស្ថាប័ននានា ពិសេសដូចពិធីផ្សព្វផ្សាយដែល ប.ស.ស. បានសហការរៀបចំឡើងនាពេលនេះ៕
ដកស្រង់ពី៖ កម្ពុចាថ្មី