បណ្តាញសង្គម

ប្រធានអង្គការ IOM សរសើរកម្ពុជាចំពោះកិច្ចខិតខំដោះស្រាយបញ្ហាទេសន្តរប្រវេសន៍

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានអង្គការ IOM បានសម្ដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការងារទេសន្តរប្រវេសន៍ ខណៈប្រធានអង្គការអន្តរជាតិមួយនេះ បានសរសើរក្រសួងមហាផ្ទៃកម្ពុជាដែលបានខិតខំដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារនេះ។

នៅក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី គ្រីស្ទីន ប៉ាកូ (Kristin Parco) ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងអង្គការ IOM ក្នុងការងារលើកកម្ពស់

និងគាំពារសិទ្ធិជនទេសន្តរប្រវេសន៍ ដោយភាគីទាំងពីរ បានសម្ដែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។

លោក ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីប្រធាន និងអង្គការ IOM ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងមហាផ្ទៃកម្ពុជា និងអង្គការ IOM ព្រមទាំងការជួយគាំទ្រដល់ប្រទេសកម្ពុជា ទាំងការបណ្តុះបណ្តាលធនធានមនុស្ស

និងជំនួយសម្ភារៈបច្ចេកទេស ជាបន្តបន្ទាប់ បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។លោកឧបនាយករដ្ឋមន្ត្រី បានអរគុណចំពោះអង្គការ IOM ដែលជួយជ្រោមជ្រែងឱ្យកម្ពុជាទទួលបានជ័យលាភីទី៦ ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ

និងស្របច្បាប់ (GCM) នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងការបន្តគាំទ្រឱ្យមានកិច្ចសហការ និងការប្រជុំផ្លាស់ប្តូរយោបល់ ក្នុងនាមជាប្រទេសជ័យលាភី ក្នុងការអនុវត្ត GCM និងការគាំទ្រឱ្យកម្ពុជា ធ្វើជាសហប្រធានជាមួយក្រុមបណ្តាញអង្គការសហប្រជាជាតិ ពាក់ព័ន្ធទេសន្តរប្រវេសន៍ក្នុងតំបន់ និងដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រទេសជ័យលាភីក្នុងតំបន់ថែមទៀត។

លោកប្រមុខក្រសួងមហាផ្ទៃ បានប្រាប់លោកស្រី Kristin Parco ផងដែរអំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពន្លឿនការផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋាន និងការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ

ព្រមទាំងឆន្ទៈខ្ពស់របស់ក្រសួងមហាផ្ទៃ និងក្រសួងនានាក្នុងការពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។ជាការឆ្លើយតប លោកស្រី Kristin Parco បានអរគុណរាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហការយ៉ាងយូរលង់មកនេះ និងការរក្សានាមជាជ័យលាភីក្នុងការអនុវត្ត។

លោកស្រី បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។

លោក ស សុខា និងលោកស្រី Kristin Parco បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៅក្នុងអាណត្តិបេសកកម្មរបស់លោកស្រី និងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការដ៏ស្អិតល្មួតនេះនឹងបន្តទៅមុខទៀតជាមួយនឹងប្រធានអាណត្តិថ្មីរបស់អង្គការ IOM ផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី