រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លោក នេត្រ ភក្ត្រា បានស្នើក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា គ្រុប ដាក់បញ្ចូលនូវសារប្រយុទ្ធប្រឆាំងគ្រឿងញៀនវិនាទីដំបូងនៃចម្រៀង ឬវីដេអូ ដើម្បីឱ្យអ្នកទស្សនាជៀសឱ្យផុតពីការប្រើប្រាស់គ្រឿងញៀន។
លោក ស្នើបែបនេះ នៅក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងជាមួយក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រាគ្រុប ស្ដីពីកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន នារសៀលថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកក្កដា នេះ។ លោក នេត្រ ភក្ត្រា សង្កត់ធ្ងន់ដូច្នេះ ៖
« ជាមួយនឹងផលិតផលផលិតកម្ម ជាចម្រៀងក្ដី ជាខារ៉ាអូខេក្ដី ឬក៏ជាចម្រៀងក្ដី ខ្ញុំស្នើសុំឱ្យខាងក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រាអាចដាក់សារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅលើឃ្លីបវីដេអូរបស់ខ្លួន មុននឹងបង្ហោះផ្សាយដើម្បីឱ្យអ្នកមើលរបស់ខ្លួនហ្នឹង គឺបាន ទន្ទឹមនឹងស្ដាប់ចម្រៀងពីរោះ មើលសិល្បករ សិល្បការិនីរបស់យើងដ៏ស្អាតនៅក្នុងការបញ្ចេញនូវទេពកោសល្យក៏គាត់អាចទទួលបាននូវការអប់រំ រម្លឹកជាប្រចាំអំពីការជៀសវាង ជៀសផុតឱ្យឆ្ងាយពីគ្រឿងញៀន»។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ស្នើទៅកាន់សិល្បករ សិល្បការិនី នៃផលិតកម្មហ្កាឡាក់ស៊ីណាវ៉ាត្រា ចូលរួមផ្សព្វផ្សាយសារអប់រំស្ដីពីផលប៉ះពាល់នៃគ្រឿងញៀនទៅកាន់អ្នកគាំទ្ររបស់ខ្លួនឱ្យបានជាប់ជាប្រចាំ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានដាក់ក្ដីរំពឹងទុកថា ផលិតកម្មហ្កាឡាក់ស៊ីណាវ៉ាត្រា នឹងចូលរួមផលិតជាបទចម្រៀង និងផលិតជាវីដេអូអប់រំស្ដីពីមហន្តរាយបណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន ដើម្បីចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍។បន្ទាប់ពីដាក់ក្ដីសង្ឈឹមបែបនេះ លោករដ្ឋមន្ត្រី
ក៏បានអះអាងប្រាប់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្មហ្កាឡាក់ស៊ីណាវ៉ាត្រា ថា លោកបានត្រៀមខ្លួនរួចស្រេច ក្នុងការទទួលយកឃ្លីបវីដេអូដែលអប់រំពីបញ្ហាគ្រឿងញៀនរបស់ផលិតកម្ម រួចហើយបញ្ជាទៅកាន់ស្ថានីយទូរទស្សន៍ក្នុងស្រុក និងវិទ្យុ បណ្ដាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយផ្សាយដោយមិនគិតថ្លៃ៕
ដកស្រង់ពី៖ កម្ពុជាថ្មី